ភ្នំពេញ៖ សហគមន៍ខ្មែរកម្ពុជាក្រោម អង្គការ-សមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ បានប្រារព្ធជាខួបគម្រប់៦៩ឆ្នាំ (០៤-៦-១៩៤៩-០៤-៦-២០១៨) នៃថ្ងៃអាណានិគមបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោម ឲ្យអាណានិគមវៀតណាមត្រួតត្រាបន្ត គឺជាថ្ងៃដ៏ឈឺចាប់បំផុតក្នុងប្រវត្តិសាស្ត្រនៃប្រជាជាតិខ្មែរ។ ពិធីនេះបានធ្វើឡើងនៅថ្ងៃទី៤ខែមិថុនា ឆ្នាំ២០១៨ស្ថិតនៅទីស្នាក់ការសហគមន៍ខ្មែរកម្ពុជាក្រោម ផ្ទះលេខ៧២ ផ្លូវ៤២៦A ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែន សុខរាជធានីភ្នំពេញ(នៅទល់មុខផ្សារឈូកមាស)។ ដែលមានអ្នកចូលរួម ប្រមាណ២០០នាក់ និងមានរាប់បាត្រព្រះសង្ឃចំនួន៦៩អង្គផងដែរ ក្រោមព្រះអធិបតីភាពព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យ ឲ្យមានការប្រារព្ធពិធី ប៉ុន្តែពុំអនុញ្ញាតឲ្យមានការដង្ហែក្បូនចេញពីទីតាំងណាមួយឆ្ពោះមកកន្លែងរៀបចំពិធីឡើយ។ ដើម្បីឲ្យការប្រារព្ធពិធីនេះ ដំណើរការដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ ស្នើលោកនាយកសហការឲ្យបានល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
លោកថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម បានថ្លែងថា ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ អង្គការ-សមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ បានរៀបចំពិធីបុណ្យដើម្បីរំលឹកដល់ការបាត់បង់ដីកម្ពុជាក្រោម។
អាណានិគមនិយមបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោម ឱ្យស្ថិតក្រោមអាណានិគមវៀតណាមគ្រប់គ្រងបន្ត នៅថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩។ ប្រធានប្រតិបត្តិសហគមន៍ខ្មែរក្រោម លោក ថាច់ សេដ្ឋា លើកឡើងថា ចាប់ពីពេលនោះមក អាជ្ញាធរអាណានិគមវៀតណាម បានប្រើគ្រប់មធ្យោបាយដើម្បីរំលាយពូជសាសន៍ និងព្រះពុទ្ធសាសនាខ្មែរយ៉ាងសាហាវឃោរឃៅជាទីបំផុត។ លោក ថាច់ សេដ្ឋា បានបន្តថា ការតស៊ូពលីជីវិតនៃប្រជាជាតិខ្មែរ ក៏ចាប់ផ្ដើមឡើង ដើម្បីការពារអត្តសញ្ញាណជាតិ សិល្បៈ វប្បធម៌ អក្សរសាស្ត្រ ព្រះពុទ្ធសាសនា ទំនៀមទម្លាប់ ប្រពៃណីជាតិជាដើម ហើយដើម្បីសម្ដែងនូវកតញ្ញុតាធម៌ និងគារវកិច្ច ចំពោះវីរបុរសស្នេហាជាតិ ក្នុងបុព្វហេតុមាតុភូមិ ក្រុមអង្គការ សហគមន៍ខ្មែរក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ តែងតែប្រារព្ធខួបបាត់បង់ទឹកដីដោយនាំគ្នា រាប់បាត្រព្រះសង្ឃ ១៩៤៩អង្គ និងប្រារព្ធទិវាកាន់ទុក្ខជាតិខ្មែរ រាល់ថ្ងៃទី៤ មិថុនា៕ ដោយ៖បញ្ញាស័ក្តិ