Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់ឆ្លាតវៃ៖ វិធីបញ្ឈប់និស្ស័យស្រែកគំហកដាក់កូន ប៉ាម៉ាក់គួរដឹងឱ្យហើយ មុននឹងកូនតតាំងមកវិញ

ជារឿងធម្មតាទៅហើយ នៅពេលដែលកូនៗធ្វើអ្វីខុស ឬមិនត្រូវចិត្ត លោកឪពុកអ្នកម្តាយជាច្រើននាក់ តែងតែកើតអារម្មណ៍មួម៉ៅ ក្តៅក្រហាយ រហូតពេលខ្លះក្លាយជាទម្លាប់និស្ស័យស្រែកគំហកខ្លាំងៗដាក់កូន តែ យើងសូមប្រាប់ទៅចុះថា ទង្វើមួយនេះ មិនគួរធ្វើឱ្យក្លាយជាទម្លាប់នោះទេ ព្រោះប្រហែលយើងជាមនុស្សធំផង ពេលមានអ្នកណាមកស្រែកឡូឡា ឬនិយាយស្តីច្រងេងច្រងាងខ្លាំងៗដាក់ យើងនៅមិនពេញចិត្តផង! ចុះទម្រាំកូនៗដែលគ្នានៅមិនទាន់ដឹងអីនោះ?។ ប្រាកដណាស់ថា កូនៗយើងក៏មិនចូលចិត្តដូចគ្នា ហើយថែមទាំងជាការធ្វើបាបដួងចិត្តដ៏តូចមួយរបស់គេទៀតផង។ ដូច្នេះបើចង់បញ្ឈប់និស្ស័យនេះ សូមសាកល្បងធ្វើតាម ៥វិធី ដែលយើងនឹងរៀបរាប់ជូនជាទីសណ្ដាប់ដូចខាងក្រោម…

១. រកការងារអ្វីមួយធ្វើ ដើម្បីរម្ងាប់អារម្មណ៍ និងឱ្យចិត្តត្រជាក់ចុះវិញ

នៅពេលណាដែលកូនសម្លាញ់ ធ្វើឱ្យអ្នកមានអារម្មណ៍ខឹងមួម៉ៅ ចូរសាកល្បងតាំងស្មារតី ហើយនឹកដល់ក្តីតាំងចិត្តដែលអ្នកចង់បញ្ឈប់និស្ស័យនេះ បន្ទាប់ពីនោះក៏សាកល្បងរកការងារអ្វីផ្សេងៗធ្វើ ដើម្បីឱ្យចិត្តត្រជាក់ចុះវិញ រួចសឹមបែរទៅនិយាយជាមួយកូន ដោយហេតុផលល្អៗត្រឹមត្រូវ។ សូមសាកល្បងធ្វើបែបហ្នឹង គ្រប់ពេលដែលមានអារម្មណ៍ថាខឹងមួម៉ៅកូន វាអាចនឹងជួយកាត់បន្ថយ និងបញ្ឈប់និស្ស័យនេះបាន។

២. ដូរទឹកដមសំឡេងឱ្យស្រាលចុះ

សាកល្បងប្តូរពីការដែលចូលចិត្តតែប្រើសំឡេងមាំៗ រឹងៗ ឬខ្លាំងៗ ស្រែកឡូឡាដាក់កូនតូច មកជាការនិយាយពិភាក្សាគ្នាដោយសំឡេងធម្មតា ស្រទន់គួរឱ្យចង់ស្តាប់វិញប្រសើរជាង។ យើងសូមប្រាប់ទៅចុះថា កូនៗច្បាស់ជានឹងជឿជាក់ ហើយនិងស្តាប់អ្នក ខ្លាំងជាងការដំឡើងសំឡេងដាក់គេទៅទៀត។ ព្រោះបើនិយាយដោយសំឡេងក្ឌុងក្ឌាំង វ៉ោកវ៉ាក សូមប្រាប់ទៅចុះថា យូរៗទៅ កូនអាចនឹងមានអាការតតាំងមកវិញ និងរឹងទទឹង លែងជឿ លែងស្តាប់អ្នកតទៅទៀតក៏អាចថាបានដែរ ដល់ថ្ងៃនោះអ្វីៗនឹងអាចលែងកែកុនបានហើយ។

៣. កាត់បន្ថយការនឹកសង្ឃឹមលើកូន

បើអ្នកសង្កេតឃើញថា ខ្លួនឯងចូលចិត្តស្រែកឡូឡា ដំឡើងសំឡេងដាក់កូនជាប្រចាំនោះ អាចនឹងមានន័យពីការដែលអ្នកនឹកសង្ឃឹម រំពឹងលើកូនខ្លាំងជ្រុលពេក។ ដូច្នេះសូមសាកល្បងកាត់បន្ថយក្តីនឹកសង្ឃឹមនោះឱ្យតិចចុះ យល់ដឹងអំពីកូនឱ្យខ្លាំងឡើង ធានាថា និស្ស័យចូលចិត្តដំឡើងសំឡេងដាក់កូន នឹងបាត់អស់ជាបណ្តើរៗដោយឯកឯងមិនខាន។

៤. តាំងស្មារតីមុននឹងនិយាយ

មុននឹងប្រើពាក្យសម្ដីស្រែកបន្ទោស ស្តីថាឱ្យកូនគ្រប់ពេល សូមឱ្យឪពុកម្តាយតាំងសតិឱ្យល្អជាមុនសិន ឬអាចនឹងទន្ទេញឱ្យជាប់ក្នុងចិត្តថា គេ គឺជាកូនរបស់យើង គេគ្រាន់តែជាកូនក្មេងតូចមួយប៉ុណ្ណោះ និងព្យាយាមដាស់តឿនសតិស្មារតីខ្លួនឯង កុំឱ្យខឹងមួម៉ៅ រហូតលែងដឹងខុសត្រូវឱ្យបាន។ បើដាស់តឿនខ្លួនឯងបានគ្រប់ពេលបែបនេះ ធានាថា អ្នកអាចនឹងបញ្ឈប់និស្ស័យយ៉ាប់ៗមួយនេះបានជាមិនខាន។

៥. រកមើលកិច្ចការងារផ្សេងៗធ្វើកម្សាន្តអារម្មណ៍

បើលោកឪពុកអ្នកម្តាយប្រឹងលីសែងភាពតានតឹងធុញថប់ច្រើនរឿង រហូតធ្វើឱ្យបាត់បង់សតិស្មារតី មានរឿងអីបន្តិច គិតតែស្រែកឡូឡាដាក់កូនញឹកញាប់នោះ សូមប្រាប់ទៅចុះថា អ្នកគួរតែរិះរកវិធីបន្ធូរអារម្មណ៍ធុញថប់តានតឹងទាំងនោះចោលខ្លះទៅ ដូចជាងាកទៅស្តាប់បទភ្លេង ឬបទចម្រៀងបែបសប្បាយៗ ឬទៅហាត់ប្រាណខ្លះ ក៏ល្អដែរ ធានាថា ដល់ពេលលែងមានភាពធុញថប់តានតឹងហើយនោះ និស្ស័យភ្លេចខ្លួនស្រែកគំហកដាក់កូន ក៏នឹងបាត់អស់ដោយឯកឯងដែរជាមិនខាន។

បើសិនបញ្ឈប់និស្ស័យមិនល្អនេះតាំងពីដំបូងៗបាន ក្រៅពីនឹងហុចផលល្អដល់ខ្លួនលោកឪពុកអ្នកម្តាយហើយ នៅជួយឱ្យកូនមិនឌិតជាប់និស្ស័យច្រងេងច្រងាងនៅពេលធំឡើងទៀតផង។ រឿងល្អៗបែបនេះ ឪពុកម្តាយដែលមាននិស្ស័យឆាប់ខឹងមួម៉ៅ ត្រូវតែនាំគ្នាចាប់ផ្តើមហាត់រៀនតាមហ្នឹងហើយមើលទៅ៕

Rearview shot of a young woman and her daughter having a conversation on the porch
×