ភ្នំពេញ ៖ កិច្ចព្រមព្រៀងលើឯកសារចំនួន ២ ដែលផ្ដល់អត្ថប្រយោជន៍ដល់ កម្ពុជា-គុយបា ត្រូវបានចុះហត្ថលេខា នាល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ ក្រោមអធិបតភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា, ហើយសម្ដេចតេជោ ហ៊ុន សែន នៅបានស្នើឱ្យភាគទីគុយបា ពិចារណាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសុខាភិបាល ខណៈប្រទេសនេះជាប្រទេសមួយដែលផលិតវ៉ាក់សាំងកូវីដ-១៩ផងដែរ។
ទាក់ទងនឹងឯកសារសំខាន់ដែលត្រូវចុះហត្ថលេខា នេះវិញ ធ្វើឡើងនៅវិមានសន្តិភាព បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគីរវាង សម្តេចតេជោ និងលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស បានបញ្ចប់, ក្នុងនោះ មាន ៖
១. កម្មវិធីសហប្រតិបត្តិការ និងផ្លាស់ប្ដូរវប្បធម៌រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌នៃសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំ ២០២២ ដល់ ២០២៧,
២. កិច្ចព្រមព្រៀង នៃកិច្ចសហប្រតិបតិ្តការក្នុងវិស័យអប់រំកាយ វប្បធម៌ និងកីឡា រវាងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានជាតិ កីឡា អប់រំ កាយ និងកម្សាន្ដនៃសាធារណរដ្ឋគុយបា,
គួរបញ្ជាក់ថា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់ប្រទេសកម្ពុជា នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
សូមរំលឹកឡើងវិញថា កាលពីអំឡុងទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសគុយបា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើឯកសារចំនួន ៣ផងដែរ ក្នុងនោះរួមមាន ៖
១. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល រវាងក្រសួងសុខាភិបាលកម្ពុជា និងក្រសួងសុខភាពគុយបា,
២. ផែនការសហប្រតិបត្តិការរវាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេសគុយបាសម្រាប់ ឆ្នាំ២០២២-២០២៥,
៣. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងវិទ្យាស្ថានជាន់ខ្ពស់ទំនាក់ទំនងអន្តរជាតិ រុល រ៉ា ហ្កាសៀ (RAÚL ROA GARCÍA) នៃក្រសួងការបរទេសគុយបា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN










