Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូន​អតីតយុទ្ធជន​កម្ពុជា បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ក្នុង​កិច្ច​ការពារ​ជាតិ​មាតុភូមិ​

spot_img

​ភ្នំពេញ ​៖ សម្តេច​តេជោ ហ៊ុន សែន ៖ ខួប​លើក​ទី​១១​ឆ្នាំ នៃ​ទិវា​អតីតយុទ្ធជន​កម្ពុជា នាពេលនេះ គឺជា​ទិវា​ដ៏​សំខាន់ ដើម្បី​បង្ហាញ​ពី​ការដឹងគុណ ចំពោះ​បងប្អូន​អតីតយុទ្ធជន​កម្ពុជា ដែល​កន្លងមក បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ក្នុង​កិច្ច​ការពារ​ជាតិ​មាតុភូមិ​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​អបអរសាទរ ខួប​លើក​ទី​១១​ឆ្នាំ នៃ​ទិវា​អតីតយុទ្ធជន​កម្ពុជា ដែល​ធ្វើឡើង​នៅ​មជ្ឈ​មណ្ឌល​​កោះ​ពេជ្រ​។ ទិវា​អតីតយុទ្ធជន​កម្ពុជា​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា បង្កើតឡើង​នៅ​ឆ្នាំ​២០០៧​ដើម្បី​រំលឹក​នូវ​គុណូបការៈ​របស់​បងប្អូន​អតីតយុទ្ធជន​ដែល​បាន​ប្រឹងប្រែង​តស៊ូ និង​ធ្វើ​ពលី​កម្ម​ដ៏​អង់អាច​ក្លាហាន​ដើម្បី​ជាតិ​មាតុភូមិ​កម្ពុជា​។ សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី តែងតែ​យកចិត្តទុកដាក់​ខ្ពស់បំផុត ចំពោះ​សុខទុក្ខ​បងប្អូន​អតីតយុទ្ធជន​កម្ពុជា តាមរយៈ​សមាគម​អតីតយុទ្ធជន​កម្ពុជា ដែលមាន សម្តេច​តេជោ ហ៊ុន សែន ផ្ទាល់​ជា​ប្រធាន គឺ​បាន​ធ្វើ​សកម្មភាព​ដោះស្រាយ​បញ្ហា និង​ជួយ​លើកកម្ពស់​ជីវភាព របស់​អតីត​យុទ្ធជន ឲ្យបាន​កាន់តែ​ល្អប្រសើរ ជា​បន្តបន្ទាប់​។​

​សម្តេច​តេ​ជោបាន​រំលឹក​ពី​សោកនាដកម្ម​ដែល​កម្ពុជា​បាន​ឆ្លងកាត់​ភ្លើងសង្គ្រាម​ដែល​បាន​បំផ្លាញ​អ្វីៗ​ស្ទើរ​ទាំងស្រុង​រួមទាំង​អាយុ​ជិវិត​មនុស្ស​ដែល​បច្ចុប្បន្ន​បាន​បន្សល់​ចំនួន​អតីតយុទ្ធជន ជនពិការ​ជា​ច្រើន​ផងដែរ​។ ក្រោយ​ជ័យជំនះ​ពី​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត​នៅ​ថ្ងៃ​៧​មក​រាន​១៩៧៩ និង​តាមរយៈ​គោល​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​ត​ជោ គឺ​បាន​ប្រែក្លាយ​ប្រទេស​កម្ពុជា​ឲ្យមាន​សុខ​សន្តិ​ភាព និង​អភិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់​រហូត​មក​ដល់​សព្វថ្ងៃនេះ​។ ចំពោះ​អតីតយុទ្ធជន​កម្ពុជា​គឺ​ត្រូវបាន​រាជរដ្ឋាភិបាល​យកចិត្ត​ទុក​ដាក់​ជា​បន្តបន្ទាប់​តាមរយៈ​ការផ្គត់ផ្គង់​ផ្នែក​ជីវភាព​រស់នៅ​និង​តម្រូវការ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​នា​ឱកាស​នេះ​ផងដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ប្រកាស​ដាក់​ចេញ​នូវ​សកម្មភាព នៃ​ការសាងសង់​ផ្ទះ​បន្ថែម ឲ្យបាន​ច្រើន​ថែមទៀត ជូន​ដល់​បងប្អូន​អតីតយុទ្ធជន ដែល​ក្នុងនោះ សម្តេច​បាន​សម្រេច​ដក​ថវិកា ពី​មូលនិធិ​អតីតយុទ្ធជន​កម្ពុជា ចំនួន​១​លាន​ដុល្លារ​អាមេរិក ដើម្បី​យក​មក​ធ្វើ​ផ្ទះ​ជូន​បងប្អូន​អតីតយុទ្ធជន​។​

​ទន្ទឹមនឹងនោះ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ផ្តល់​សាច់ប្រាក់ ដល់​ស្ត្រី​ជា​ពលរដ្ឋ​ក្រីក្រ ក្នុងពេល​មាន​ផ្ទៃពោះ និង​ពេល សម្រាល​កូន គឺ​ចាប់ពី​ឆ្នាំ​២០១៩ ទៅ​ប្រជាពលរដ្ឋ​ក្រីក្រ ពេល​មាន​ផ្ទៃពោះ និង​សម្រាលកូន នឹង​ទទួលបាន​សាច់​ប្រាក់ឧបត្ថម្ភ ពី​រដ្ឋ​ក្នុង​ពេល​អំឡុង​មាន​ផ្ទៃពោះ ទទួលបាន​សាច់ប្រាក់​៤​ដង ដោយ​ក្នុង​១​ដង គឺ​នឹង​ទទួលបាន​៤​ម៉ឺន​រៀល​។ នៅ​ពេល​ឆ្លងទន្លេ​គឺ​ទទួលបាន​សាច់ប្រាក់ ២០​ម៉ឺន​រៀល និង​ក្រោយ​ពេល​សម្រាលកូន​ទទួលបាន​១០​ដង ដោយ​ក្នុង​១​ដង​ទទួលបាន​សាច់ប្រាក់​៤​ម៉ឺន​រៀល​។​

​នេះ​គឺជា​ការគិតគូរ​របស់​រាជរដ្ឋាភិបាល ពិសេស​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​។ នៅ​ពេល​ខាង​មុន​ចំពោះ​ស្ត្រី​ដែល​ជា​មន្ត្រីរាជការ​ពេល​សម្រាលកូន​គឺ​ទទួលបាន​សាច់ប្រាក់​៨០​ម៉ឺន​រៀល និង ស្ត្រី​ជា​កម្ម​ការ​នី​ទទួលបាន ៤០​ម៉ឺន​រៀល​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×