បុរសជនជាតិចិនម្នាក់ មានសង្សាររហូតដល់ ១៧នាក់ ដែលរឿងនេះបានបែក ក្រោយពេលគាត់ជួបគ្រោះថ្នាក់ចរាចរណ៍សម្រាកនៅក្នុងមន្ទីរពេទ្យ ហើយមិត្តស្រីរបស់គាត់ទាំងអស់បានប្រញាប់ទៅសួរសុខទុក្ខគាត់។
ទោះយ៉ាងណា បុរសសម្បូរស្នេហ៍រូបនោះ ដែលមានសង្សារ ១៧នាក់ ក្នុងពេលតែមួយ ត្រូវបានប៉ូលិសចាប់ខ្លួនពីបទឆបោក ដោយសារតែគាត់យកលុយពីសង្សារនីមួយៗជារៀងរាល់ខែ។
សង្សាររបស់គាត់ទាំងអស់ ទើបបានដឹងរឿងថា ពួកគេសុទ្ធតែជាសង្សាររបស់លោក Yuan នៅពេលពួកគេបានទៅមន្ទីរពេទ្យដើម្បីទៅមើលគាត់។ រឿងនេះបានកើតឡើងកាលពីឆ្នាំ ២០១៥ ក្នុងទីក្រុង Changsha នៃខេត្ត Hunan ប្រទេសចិន និងត្រូវបានគេចុះផ្សាយព្រោងព្រាតលើកាសែត។
បុរសខាងលើត្រូវបានគេរាយការណ៍ថា មានកូនម្នាក់ជាមួយសង្សារម្នាក់ក្នុងចំណោមសង្សារទាំង ១៧ ប៉ុន្តែបែរជាគាត់មានគំរោងរៀបការជាមួយនឹងអ្នកផ្សេងទៅវិញ។
នៅពេលរឿងរបស់បុរសនោះ បែកធ្លាយថាមានសង្សារ ១៧នាក់ មានការបញ្ចេញមតិរាប់ពាន់ដង ដោយរិះគន់ទៅលើបុរសខាងលើនោះ ថាកេងប្រវ័ញ្ចលើស្ត្រី ប៉ុន្តែក៏មានអ្នកខ្លះ បានសរសើរពីសមត្ថភាពទាក់ទងស្រីៗរបស់គាត់ផងដែរ៕ សុភ័ក្ត្រ