Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា បានផ្តល់ឱកាសការងារដល់ពលរដ្ឋកម្ពុជា និងការចូលរួមគោរពច្បាប់ លក្ខខណ្ឌការងារ ឲ្យល្អប្រសើរ

ភ្នំពេញ៖ ថ្នាក់ដឹកនាំសមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា ចំនួន១៧រូប នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ណែនាំពីឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានស្វាគមន៍ចំពោះសមាជិក សមាជិការបស់សមាគមដែលបានរួបរួមគ្នា រៀបចំបង្កើតសមាគមនេះឡើង ស្របទៅតាមច្បាប់ លក្ខន្តិកៈ និងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងក្លាយជារចនាសម្ព័ន្ធវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា។ នេះជាការចាប់ផ្តើមមួយដែលល្អ ដើម្បីស្វែងយល់ និងឈានទៅការពារផលប្រយោជន៍របស់សមាជិកខ្លួនផង និងផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិតផង។

ព្រមជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់សមាគម ដែលកន្លងមកបានបរិច្ចាគថវិកាមួយចំនួនផ្តល់ជូនក្រសួងដើម្បីចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហានដែលឈរជើងការពារតំបន់ប្រាសាទព្រះវិហារ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីវឌ្ឍនភាពថ្មីៗមួយចំនួនបន្ថែមទៀត ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចបាន រួមមានការកំណត់ប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៣ និងការដាក់ឲ្យប្រើប្រាស់របបប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយណាដែលស្ថិតក្រោមច្បាប់ស្តីពីការងារ។ 

លោក Cheng Chin Chun ប្រធានសមាគម បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរបស់ក្រសួង ដែលបានផ្តល់ការអនុញ្ញាតឲ្យខាងសមាគមបានចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី។ ឆ្លៀតក្នុងឱកាសនោះ ខាងសមាគម បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន។

លោកបានលើកឡើងថា សមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិចកម្ពុជា ហៅកាត់ថា ស.ក.ស.អ ត្រូវបានចុះបញ្ជីកាទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ក្នុងគោលបំណងរួមចំណែកធ្វើឲ្យមានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញសេដ្ឋកិច្ចឲ្យមានការរីកចម្រើន ទាក់ទាញអ្នកវិនិយោគឲ្យមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្តល់ឱកាសការងារជូនដល់ពលរដ្ឋកម្ពុជា ព្រមទាំងចូលរួមគោរពច្បាប់ លក្ខខណ្ឌការងារឲ្យបានល្អប្រសើរ។ ជាមួយនឹងនេះ សមាគមបានស្នើសុំឯកឧត្តមរដ្ឋមន្ត្រី ដើម្បីចូលជាសមាជិករបស់គណៈកម្មការគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ILO-BFC ដើម្បីឲ្យសមាគមមានឱកាសពង្រីកខ្លួនស្របតាមចក្ខុវិស័យរបស់សមាគម។

ឯកឧត្តមរដ្ឋមន្រ្តី បានអរគុណដល់សមាគមដែលបានធ្វើការវិនិយោគ បង្កើត រោងចក្រសហគ្រាសនៅក្នុងប្រទេសកម្ពុជា ផ្តល់ឱកាសការងារបានយ៉ាងច្រើនជូនដល់កម្មករនិយោជិត ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា អាទិភាពចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺរក្សាឲ្យបាននូវសន្តិភាព ស្ថេរភាពនយោបាយ ដែលជាគន្លឹះនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។ សន្តិភាព និងការអភិវឌ្ឍ ជាបំណងប្រាថ្នារបស់មនុស្សគ្រប់ៗរូប បើគ្មានសន្តិភាព អស្ថេរភាពនយោបាយ នោះអ្នកវិនិយោគ គេក៏មិនហ៊ានចូលមកវិនិយោគនៅក្នុងប្រទេសដែលពោរពេញដោយសង្រ្គាមនោះដែរ។

ជាមួយនឹងសំណើចង់ចូលជាសមាជិករបស់គណៈកម្មការគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ILO-BFC ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា បើតាមការគោលការណ៍ណែនាំរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម រាល់ប្រភេទរោងចក្រសហគ្រាស ផលិតផលស្បែកជើង និងកាបូប មានសិទ្ធិចូលក្នុងគម្រោងនេះបាន តែត្រូវចូលរួមបង់ភាគទានទ្រទ្រង់គម្រោង និងឆ្លងកាត់ការចុះត្រួតពិនិត្យវាយតម្លៃពីអធិការកិច្ចរបស់គម្រោងILO-BFC និងក្រុមអធិការកិច្ចរបស់ក្រសួង។ ចំណែកអត្ថប្រយោជន៍ដែលសមាជិករបស់គម្រោងទទួលបាន គឺមានការគាំទ្របញ្ជាទិញផលិតផលពីរោងចក្រ សហគ្រាសរបស់ខ្លួនពីអ្នកបញ្ជាទិញល្បីៗនៅក្រៅប្រទេស។ មួយវិញទៀត បើសមាជិករបស់សមាគម ត្រូវការឲ្យក្រសួងជួយផ្តល់ប្រឹក្សាទៅលើច្បាប់ និងបទបញ្ញតិផ្សេងៗ ក្រសួងរីករាយនឹងជួយផ្តល់ជូនផងដែរ៕

×