ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធ និងអាករនាំចូល រយៈពេល៩ខែ ឆ្នាំ២០២២នេះ បានជាង ២ពាន់លានដុល្លារអាមេរិក ស្មើនឹង ៧៨.៦១ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុ។

ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាព នៃការអនុវត្តការងារប្រមូលពន្ធ និងអាករនាំចូល លើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ ថា លទ្ធផលនៃការប្រមូលពន្ធ ក្នុងឆ្នាំ២០២២នេះ ទទួលបានលទ្ធផលល្អប្រសើរ បើធៀបនឹងឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងទៅ ជាអំឡុងពេល ដែលមានការរាតត្បាតខ្លាំង ពីជំងឺកូវីដ-១៩។

ឯកឧត្តម គុណ ញឹម បានបង្ហាញក្តីរំពឹងថា ការប្រមូលចំណូលពន្ធ និងអាករនាំចូល របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅឆ្នាំនេះ នឹងគ្រប់តាមផែនការ ដែលកំណត់ដោយច្បាប់ហិរញ្ញវត្ថុ ឬលើសផែនការបន្តិចបន្តួច ក្រោយឆ្លងកាត់ពេលវេលាដ៏លំបាក ពោលគឺការរាតត្បាតពីជំងឺកូវីដ-១៩។

ឯកឧត្តម បានលើកឡើងថា ឆ្នាំកន្លងទៅ ពោលគឺឆ្នាំ២០២០ និង២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលមិនគ្រប់ផែនការនោះទេ។ ជាក់ស្ដែងក្នុងឆ្នាំ២០២០ អគ្គនាយកដ្ឋានគយ ប្រមូលចំណូលបានត្រឹមតែ ៨៣,៥ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ និងឆ្នាំ២០២១ ប្រមូលបានត្រឹមតែ ៨៧ភាគរយនៃច្បាប់ហិរញ្ញវត្ថុ ដោយសារតែការរាតត្បាតខ្លាំង ពីជំងឺឆ្លងកូវីដ-១៩ នៅក្នុងប្រទេស ក៏ដូចជានៅទូទាំងសកលលោក៕