រដ្ឋធានីមូស្គូ៖ ស្របពេលកម្លាំងការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែវាយរុលទៅមុខ នៅក្នុងតំបន់ភាគខាងត្បូង និង ភាគខាងកើត ប្រទេស ដែលទាហានក្រុងមូស្គូ បានកាន់កាប់ ហើយដាក់បញ្ចូល ជាឧបសម្ព័ន្ធរបស់រុស្ស៊ី នោះ មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានប្ដេជ្ញា នឹងធ្វើឲ្យតំបន់ទាំងនោះ មានស្ថិរភាពឡើង។
សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានប្រកាស ថា ការដាក់បញ្ចូលតំបន់លូហានស្ក៍ (Luhansk) ដូណែតស្ក៍ (Donetsk) ហ្សាប៉ូរីសហ្សា (Zaporizhzhia) និង ឃើរសុន (Kherson) កាលពីសប្ដាហ៍កន្លងទៅនេះ ក្រោយការធ្វើប្រជាមតិ ប្រកាសដោយខ្លួនឯង មិនត្រូវបានទទួលស្គាល់ ជាលក្ខណៈអន្ដរជាតិនោះឡើយ។
ការប្រកាសពីការប្ដេជ្ញាធ្វើឲ្យស្ថិរភាពនៅក្នុងតំបន់ទាំង៤របស់លោក ពូទីន បានកើតឡើង ដោយសារតែអ៊ុយក្រែន បានអះអាង ថា កងទ័ពក្រុងកៀវ បានរំដោះភូមិជាច្រើនបន្ថែមទៀត នៅក្នុងតំបន់លូហានស្ក៍ ស្ថិតនៅភាគខាងកើត និង តំបន់ឃើរសុន ស្ថិតនៅតាមឆ្នេរសមុទ្រខ្មៅ នាភាគខាងត្បូង ប្រទេស។ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានដណ្ដើម កាន់កាប់ផ្នែកជាច្រើន នៅក្នុងតំបន់ទាំង២នេះ ហើយបានទទួលជ័យជម្នះ កាលពីពេលថ្មីៗនេះ នៅក្នុងតំបន់ដូណែតស្ក៍។
ទោះជាយ៉ាងណា លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំង បានបញ្ជាក់ ថា កម្លាំងទាហានរុស្ស៊ី នឹងដណ្ដើមយកតំបន់ណាមួយ ដែលបានបាត់បង់នោះ ត្រឡប់មកវិញ។
ប្រឈមមុខនឹងសំណួរ ជុំវិញការបាត់បង់តំបន់គ្រប់គ្រង កាលពីពេលថ្មីៗនេះ អ្នកនាំពាក្យ វិមានក្រឹមឡាំង បានប្រាប់ដល់អ្នកយកព័ត៌មានថា «តំបន់ទាំងនោះ មិនមានភាពផ្ទុយគ្នា ដូចនៅទីនេះទេ។ តំបន់ទាំងនោះ នឹងនៅជាមួយរុស្ស៊ី ជារៀងរហូត ហើយដែនដីទាំងនោះ នឹងត្រូវដណ្ដើមយកមកវិញ»។
លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងសុន្ទរកថា ទៅកាន់ក្រុមសាស្រ្ដាចារ្យ នាទិវាគ្រូបង្រៀនរបស់រុស្ស៊ី ថា គាត់នឹងធ្វើឲ្យដែនដី ដែលបានដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់រុស្ស៊ី មានស្ថិរភាព។
ដោយឡែក លោក អេនឌ្រេ កាតូប៉ូឡូវ (Andrey Kartopolov) ប្រធានគណៈកម្មាធិការការពារជាតិសភាឌូម៉ា (Duma) របស់រុស្ស៊ី បានថ្លែងទៅកាន់បណ្ដាញផ្សព្វផ្សាយរបស់រដ្ឋរុស្ស៊ី ថា រុស្ស៊ី ចាំបាច់ត្រូវតែបញ្ឈប់ការនិយាយកុហក អំពីអ្វីដែលកំពុងតែកើនឡើង នៅលើសមរភូមិ ព្រោះប្រជាជនរុស្ស៊ី មិនមែន ជាមនុស្សល្ងីល្ងើនោះដែរ។
លោក ស៊ើហ៊ីយ ហាយដាយ (Serhiy Haidai) អភិបាលខេត្តលូហានស្ក៍របស់អ៊ុយក្រែន បានប្រាប់ដល់បណ្ដាញទូរទស្សន៍ BBC កាលពីថ្ងៃពុធ ថា ភូមិចំនួន៦ ស្ថិតក្នុងតំបន់នេះ ត្រូវបានរំដោះ ចេញពីការគ្រប់គ្រងរបស់ទាហានរុស្ស៊ី។ ឥឡូវនេះ កម្លាំងការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែទទួលបានជោគជ័យ នៅលើសមរភូមិ ទាំងនៅតំបន់ភាគខាងត្បូង និង ភាគខាងកើតប្រទេស។
លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា កងទ័ពរបស់គាត់ រំដោះបានភូមិចំនួន៣បន្ថែមទៀត នៅក្នុងតំបន់ឃើរសុន ស្ថិតតាមឆ្នេរសមុទ្រខ្មៅ នាភាគខាងត្បូងប្រទេស៕ រក្សាសិទ្ធិដោយ ៖ សារាយSN


















