ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ឱ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងរៀបចំដាក់ឲ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណា។
បើតាមខ្លឹមសារ សេចក្តីប្រកាសព័ត៌មាន «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា» នេះ គឺមានន័យថា ជាកម្មវិធីជំនួយសង្គមពិសេសមួយ មានគោលបំណងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋក្រីក្រ ឬគ្រួសារក្រីក្របំផុត ដែលរងសម្ពាធអតិផរណាក្នុងគ្រាមួយ នៅទូទាំងប្រទេសកម្ពុជា ដែលត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់ និងត្រឹមត្រូវ។
តាមទម្រង់ការងារ រាជរដ្ឋាភិបាល នឹងជំរុញក្រសួងផែនការ ដែលជាសេនាធិការ នឹងចាប់ផ្តើមកំណត់អត្តសញ្ញាណ គ្រួសារងាយ រងហានិភ័យ ឬគ្រួសារដែលជួបគ្រាក្រខ្សត់ណាមួយនៅទូទាំងប្រទេសកម្ពុជា។ ក្រសួងផែនការ នឹងកំណត់គោលដៅប្រជាពលរដ្ឋដែលមានជីវភាពទាប និងមានភាពងាយរងគ្រោះ ដែលត្រូវបានអង្កេតស្របតាមលក្ខខណ្ឌវិនិច្ច័យ, ហើយគ្រួសារ ប្រជាពលរដ្ឋទាំងនោះ នឹងទទួលបានការវាយតម្លៃ តាមរយៈការធ្វើកិច្ចសម្ភាសន៍តាមទូរស័ព្ទ និងតាមការចុះដល់ទីតាំងផ្ទាល់ដោយអាជ្ញាធរមូលដ្ឋាន និងមានការ គាំទ្រពីកម្លាំងស្ម័គ្រចិត្ត ក្រោមការដឹកនាំ និងគ្រប់គ្រងដោយក្រសួងផែនការ និងដោយមានការសម្របសម្រួលពីក្រុមប្រឹក្សាជាតិគាំពារសង្គម។
ភាពងាយរងគ្រោះនៃ «គ្រួសារប្រជាពលរដ្ឋងាយរងហានិភ័យ» ត្រូវបានកំណត់ដោយផ្តោតលើ គ្រួសារ ដែលរស់នៅកៀក នឹងបន្ទាត់នៃភាពក្រីក្រ ដោយមានរួមបញ្ចូលនៅក្នុងគ្រួសារនោះ នូវជនទាំងឡាយ ដូចជា ជនមានពិការភាព, កុមារអាយុក្រោម ២ឆ្នាំ, ជនចាស់ជរាមានអាយុចាប់ពី ៦០ឆ្នាំឡើង, ស្ត្រីជាមេគ្រួសារ និងរស់នៅដោយគ្មានស្វាមី, គ្រួសារដែលមានសមាជិកសុទ្ធសឹងជាកុមារ និងមនុស្សចាស់ជរា (មិនមានសមាជិកគ្រួសារអាយុពី ១៩-៥៩ ឆ្នាំ)៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN














