តិចណូឡូជីក្នុងពេលបច្ចុប្បន្ននេះ ឈានទៅមុខឆ្ងាយណាស់ វិវឌ្ឍនាការថ្មីៗចូលមកមានចំណែក ជួយឱ្យកើតមានភាពងាយស្រួលកាន់តែច្រើនឡើង តែការដែលមនុស្សយើងស្រួលខ្លាំងពេក ក៏ធ្វើឱ្យមិនសូវបានប្រើខួរក្បាល និងពឹងលើតិចណូឡូជីកាន់តែច្រើនឡើង ខណៈដែលខួរក្បាលវិញប្រៀបដូចជាកាំបិតអ៊ីចឹង រឹតតែសំលៀង រឹតតែមុត រឹតតែមិនបានប្រើ រឹតតែរឹលមុខ ដូច្នេះទើបថ្ងៃនេះ យើងមានវិធីមើលថែទាំខួរក្បាលរបស់យើង ឱ្យអភិវឌ្ឍទៅមុខគ្រប់ពេលវេលាមកជម្រាបជូនដូចតទៅ…
-ញ៉ាំ ដើម្បីឱ្យខួរក្បាលល្អ
មនុស្សជាច្រើនប្រហែលជាធ្លាប់បានឮពាក្យថា “ញ៉ាំបែបណា នឹងទទួលបានបែបនោះ”ខ្លះហើយ តែទោះជាដឹងបែបហ្នឹងហើយក៏ដោយ ក៏មនុស្សភាគច្រើន នៅតែមិនសូវរវល់នឹងអាហារពេលព្រឹកដដែល អាចដោយសារតែភាពប្រញាប់ប្រញាល់ ដែលកើតឡើងក្នុងជីវិតប្រចាំថ្ងៃ។ ការញ៉ាំអាហារពេលព្រឹក នឹងធ្វើឱ្យរាងកាយដុតបំផ្លាញកម្លាំងថាមពលកាន់តែច្រើនឡើង និងថែមទាំងជួយក្នុងរឿងសភាវជាតិស្ករនៅក្នុងឈាមបានទៀតផង ព្រោះរាងកាយអត់អាហារពេញ១យប់មកហើយ។ បើនរណា បានញ៉ាំអាហារពេលព្រឹកជាប់ជាប្រចាំ នឹងធ្វើឱ្យការចងចាំល្អប្រសើរឡើង តែយ៉ាងណាក្ដី គួរតែជ្រើសរើសញ៉ាំតែអាហារដែលល្អ និងមានអនាម័យផង។
-គិត ដើម្បីឱ្យខួរក្បាលល្អ
សាកល្បងសង្កេតមើលថា ថ្ងៃណាដែលយើងភ្ញាក់នៅពេលព្រឹកឡើង ហើយដឹងថា មានអារម្មណ៍ល្អ ថ្ងៃនោះពេញ១ថ្ងៃ យើងនឹងមានអារម្មណ៍ល្អរហូត តែបើថ្ងៃណាយើងមានអារម្មណ៍ថា រាងធុញៗ ឬជួបនឹងរឿងមិនល្អតាំងពីព្រឹកនោះ អារម្មណ៍នោះនឹងនៅដក់ជាប់ខ្លួនយើងពេញ ១ថ្ងៃ ធ្វើអ្វីក៏រអាក់រអួលទាំងអស់។ ដូច្នេះបើចង់ឱ្យមានតែរឿងល្អៗកើតឡើង និងធ្វើឱ្យខួរក្បាលស្រឡះល្អ គិតអ្វីក៏ចេញដែរនោះ ត្រូវគិត ឬនឹកតែរឿងល្អៗ ចំណែកឯរឿងអាក្រក់ៗ ក៏បំភ្លេចវាចោលទៅ។
-សម្រាក និងងាកទៅរកខ្យល់អាកាសបរិសុទ្ធ
ការសម្រាកលម្ហែកាយឱ្យសប្បាយចិត្ត ក្រោយពីធ្វើការងារយ៉ាងធ្ងន់ធ្ងរហើយ គឺជារឿងសំខាន់ណាស់ ព្រោះខួរក្បាលនឹងបានសម្រាកពីរឿងសំខាន់ និងរឿងរ៉ាវដែលគួរឱ្យធុញទ្រាន់ផ្សេងៗ ដែលត្រូវជួបជាប្រចាំទាំងនោះ។ ក្នុង ១ឆ្នាំ អាចនឹងមាន ២-៣ថ្ងៃ ដែលអ្នកគួរតែជ្រើសរើសក្នុងការធ្វើដំណើរទៅតាមខេត្ត ដើម្បីរកកន្លែងសម្រាកលម្ហែកាយបែបសប្បាយៗ ស្ងប់ស្ងាត់ ឱ្យខួរក្បាលបានសម្រាក រួមទាំងស្វែងរកខ្យល់អាកាសដែលប្រាសចាកជាតិពុល ដើម្បីបន្ថែមថាមពលដល់ខួរក្បាលផង។
-រៀនយល់ដឹងពីរឿងថ្មីៗ
ការអភិវឌ្ឍខួរក្បាល ឱ្យបានផលល្អម្យ៉ាងទៀតនោះគឺ ព្យាយាមរៀនយល់ដឹងពីរឿងថ្មីៗគ្រប់ពេលវេលា ដូចជា តិចណូឡូជីថ្មីៗ រឿងរ៉ាវវេជ្ជសាស្ត្រថ្មីៗ ឬសូម្បីតែមុខម្ហូបឆ្ងាញ់ៗ ដែលអ្នកមិនធ្លាប់បានភ្លក្សក៏ដោយ ក៏អាចនិយាយបានថា ជាការធ្វើឱ្យខួរក្បាលបានអភិវឌ្ឍដូចគ្នាដែរ។ ការលេងហ្គេមពាក្យខ្វែង អាចធ្វើឱ្យការចងចាំកាន់តែល្អឡើងដល់ទៅ ៤០%ឯណោះ។
-សរសេរអក្សរដោយដៃដែលមិនថ្នឹក
ការសរសេរ ក៏ជាការអភិវឌ្ឍខួរក្បាលដូចគ្នាដែរ ព្រោះខួរក្បាលផ្នែកឆ្វេងរបស់យើង គឺជាផ្នែកបញ្ជាលើការសរសេរ បើអ្នកណាថ្នឹកដៃខាងណាមួយហើយ ចូរហាត់សាកល្បងប្រើដៃម្ខាងទៀតសរសេរអក្សរ ឬគូររូបលមើល ដើម្បីឱ្យខួរក្បាលបានរៀនយល់ដឹងពីអ្វីដែលថ្មីបន្ថែម និងថែមទាំងមានចំណែកជួយ ឱ្យគំនិតខាងច្នៃបង្កើតកើនឡើងទៀតផង។
-ញញឹមជានិច្ច ទោះជាផែនដីជិតផ្ទុះក៏ដោយ ក៏នៅតែញញឹមដែរ
ពេលដែលយើងធ្វើអ្វីក៏ដោយ បើយើងញញឹម មនុស្សជុំវិញយើងនឹងបានដឹងពីអារម្មណ៍ល្អៗរបស់យើង តែគួរញញឹមចេញមកពីខាងក្នុង កុំប្រឹង ឬបង្ខំចិត្ត។ បើអ្នកចេះញញឹម នឹងធ្វើឱ្យខួរក្បាលមានតែរឿងល្អៗ និងមានសេចក្តីសុខ។ ការញញឹមជាប្រចាំ និងញឹកញាប់ រាងកាយនឹងបញ្ចេញអេនដូហ្វ៊ីន ដែលជាសារធាតុទៅបញ្ចេញថាមពលធ្វើឱ្យកែវភ្នែកមានពន្លឺឡើង។
-ដកដង្ហើម ជួយឱ្យខួរក្បាលភ្លឺថ្លា
ការដកដង្ហើមយ៉ាងត្រូវវិធី មានចំណែកជួយអភិវឌ្ឍខួរក្បាលឱ្យបានផលល្អច្រើនណាស់ ព្រោះខួរក្បាលរបស់យើងប្រើអុកស៊ីហ្ស៊ែនច្រើនដល់ទៅ ២០-២៥% នៃអុកស៊ីហ្ស៊ែនទាំងអស់ ដែលចូលទៅក្នុងរាងកាយ។ ដូច្នេះបើយើងចេះដកដង្ហើម ចូល-ចេញ យឺតៗ វែងៗ ត្រឹមតែ ១ថ្ងៃ ១៥នាទីនោះ នឹងធ្វើឱ្យខួរក្បាលបានទទួលកម្លាំងថាមពលយ៉ាងពេញទំហឹងមិនខាន។
-ចូលគេងពីក្បាលព្រលប់
ខាងក្នុងរាងកាយមនុស្សយើង មាននាឡិកាសរីរាង្គ ដូច្នេះបើយើងចូលគេងក្នុងអំឡុងពេលដែលរាងកាយបញ្ចេញសារធាតុមេឡាថូនីន វានឹងធ្វើឱ្យរាងកាយ និងខួរក្បាល បានទទួលការសម្រាកយ៉ាងពេញទំហឹង៕