ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម គាំទ្រការរៀបចំពិព័រណ៍មុខរបរលើកទី១ ឆ្នាំ២០២២ នៅចុងខែតុលានេះ ដើម្បីជួយដល់អ្នកដែលចង់បង្កើតអាជីវកម្មថ្មីៗនៅកម្ពុជា ដែលជាការផ្ដល់ឱកាសការងារសម្រាប់ប្រាក់ចំណូលដល់សកម្មភាពសេដ្ឋកិច្ចឱ្យដំណើរការឡើងវិញក្រោយវិបត្តិកូវីដ១៩។

ព្រឹត្តិការណ៍ពិព័រណ៍មុខរបរ ឬហៅថា Start Up Expo ២០២២នេះ ជាគន្លឹះដ៏សំខាន់មួយសម្រាប់អ្នកមានបំណងចង់បង្កើតអាជីវកម្មថ្មីៗនៅប្រទេសកម្ពុជា បន្ទាប់ពីស្ថានភាពកូវីដ១៩បានប្រសើរ។ ព្រឹត្តិការណ៍នេះ នឹងមានម្ចាស់អាជីវកម្មល្បីៗចែករំលែកនូវគំនិតល្អៗសម្រាប់ជាទុន ក្នុងការត្រិះរិះពិចារណាដើម្បីបង្កើតនូវអាជីវកម្មមួយនៅក្នុងប្រទេសប្រកបដោយភាពជោគជ័យ។

ការតាំងពិព័រណ៍មុខរបរប្រចាំឆ្នាំ២០២២នេះ នឹងក្លាយជាការតាំងបង្ហាញ ដែលមានតម្លៃបំផុតសម្រាប់ម្ចាស់អាជីវកម្ម ក៏ដូចជាអ្នកចូលរួមទស្សនា ដែលមានយ៉ាងតិចប្រមាណជាង ១៥០០០នាក់ ដែលមានចំនួន ៥០ស្តង់ ក្នុងរយៈពេលពីរថ្ងៃ។

លោក សំ កុសល អ្នករៀបចំនូវព្រឹត្តិការណ៍នេះ បានមានប្រសាសន៍ថា គោលដៅដ៏ធំបំផុតនៃព្រឹត្តិការណ៍នេះ គឺការប្រមូលនូវគំនិតរកស៊ីល្អៗនៅក្នុងប្រទេសកម្ពុជា មកតាំងបង្ហាញនៅក្នុងថ្ងៃនោះតែម្ដង។ កន្លងមកអ្នកចេញរកស៊ីដំបូងតែងតែមានផលពិបាក ដោយមិនដឹងថាត្រូវធ្វើយ៉ាងណាឱ្យការធ្វើអាជីវកម្មរបស់ខ្លួនមានស្ថេរភាព ហើយនៅក្នុងពិព័រណ៍ថ្ងៃនោះដែរ ក៏មានអ្នកពូកែៗជាច្រើន នឹងជួបជុំគ្នាត្រៀមចែករំលែកដល់អ្នកចូលរួមដែលចង់ចេញរកស៊ី។

គួរបញ្ជាក់ថា អ្នករៀបចំនូវព្រឹត្តិការណ៍ បានជំរុញ និងលើកទឹកចិត្តឱ្យសហគ្រិនទាំងអស់គ្នា ដែលជាម្ចាស់អាជីវកម្មខ្នាតតូច និងខ្នាតមធ្យម ចូលរួមទាំងអស់គ្នាក្នុងការបង្ហាញផលិតផល ទៅកាន់សាធារណជនឱ្យបានឃើញ បានស្គាល់ពីគុណតម្លៃនៃការបង្កើតផលិតផលមួយដ៏អស្ចារ្យ៕