Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៩ខែឆ្នាំ២០២២នេះ​ CDC​​ អនុម័តលើគម្រោងវិនិយោគ​ ក្នុងតម្លៃទុន ៣៥០០លានដុល្លារ

spot_img

ភ្នំពេញ៖ របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា នៅក្នុងរយៈពេល ៩ខែ ឆ្នាំ ២០២២ នេះ CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៥០គម្រោង ក្រោមទុនវិនិយោគ ៣៥០០លានដុល្លារ។ តួលេខនេះ មានការកើនឡើងចំនួន ១៦គម្រោង ខណៈទុនវិនិយោគកើនឡើងប្រមាណ ១០១លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១។​

គម្រោងវិនិយោគទាំង ១៥០គម្រោងនេះ ភាគច្រើនរួមមាន៖ គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារធ្វើដំណើរ, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ, គម្រោងផលិតសំបក កង់យានយន្ត, រោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក, គម្រោងបង្កើតរោងចក្រដំឡើងរថយន្ដ និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត។

ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រាប់សារព័ត៌មានក្នុងស្រុកថា តួលេខវិនិយោគនៅរយៈពេល ៩ខែ ឆ្នាំ២០២២នេះ មានការកើនឡើងទាំងចំនួនគម្រោងវិនិយោគ និងទុនវិនិយោគ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ឯកឧត្តមរដ្ឋមន្ត្រីអះអាងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តខិតខំជំរុញ និងទាក់ទាញការវិនិយោគ តាមរយៈបន្តពង្រឹងយន្តការថែទាំវិនិយោគ និងការបន្តចូលរួមអនុវត្តនូវវិធានការកែទម្រង់នានា របស់រាជរដ្ឋាភិបាល ពិសេសវិធានការទាំងឡាយ ដែលសម្រួលដល់ការវិនិយោគសម្រាប់វិនិយោគិនក្នុង និងក្រៅប្រទេស។

គួរបញ្ជាក់ថា ការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី១ ដោយបានចូលរួមចំណែកប្រមាណ ៥១% នៃទុនវិនិយោគសរុប ចំណែកឯការវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី២ ហើយបានឈរនៅចំណាត់ថ្នាក់ទី១ ក្នុងនាមជាប្រភពវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ក្នុងរយៈពេល ៩ខែឆ្នាំ ២០២២នេះ៕

spot_img
×