កូរ៉េខាងជើង ៖ បន្ទាប់ពីកូរ៉េខាងជើងបា.ញ់តេស្តមីស៉ីលផ្លោងរយៈចម្ងាយខ្លី ២គ្រាប់ ចូលទៅក្នុងផ្ទៃសមុទ្រប្រទេសជប៉ុន ស្រាប់តែជាការឆ្លើយតបភ្លាមៗ នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ព្រមទាំងនាវាចម្បាំងរបស់ជប៉ុន និងកូរ៉េខាងត្បូង បានរួមគ្នាហាត់សមលើការបា.ញ់ទម្លាក់ មីស៉ីលរបស់ទីក្រុងព្យុងយ៉ាងតបវិញ។
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២ ឱ្យដឹងថា ការបា.ញ់តេស្តមីស៉ីល កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះរបស់ទីក្រុងព្យុងយ៉ាង គឺធ្វើឡើងបន្ទាប់ពី នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Ronald Reagan ត្រូវបានចល័តទៅកាន់ដែនទឹកក្បែរឧបទ្វីបកូរ៉េសាជាថ្មី, ហើយត្រូវបានក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានកោះប្រជុំពាក់ព័ន្ធការធ្វើតេស្តមីស៉ីលរបស់កូរ៉េខាងជើងនេះ ប៉ុន្តែមិនមានលទ្ធផលវិជ្ជមាននោះទេ។
គួរបញ្ជាក់ថា រយ:ពេល១២ថ្ងៃមកនេះ កូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលសរុប ៦លើកមកហើយ ក្នុងចំណោមនោះ បានបា.ញ់មីស៉ីលផ្លោង បាលីស្ទីគ រយៈចម្ងាយមធ្យម IRBM រំលងប្រទេសជប៉ុនទៀតផង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយបើសរុបនៅក្នុងឆ្នាំនេះវិញ គឺទីក្រុងព្យុងយ៉ាងបានបា.ញ់មីស៉ីលប្រហែល ៤០គ្រាប់ហើយ។
បើតាមយោធាកូរ៉េខាងត្បូងវិញ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នាវាអាមេរិក USS Ronald Reagan ព្រមទាំងនាវាអមដំណើររបស់ខ្លួនជាច្រើនទៀត បានចូលរួមជាមួយនាវាចម្បាំងដទៃទៀតរបស់កូរ៉េខាងត្បូង និងជប៉ុន ធ្វើការហ្វឹកហាត់ការពារមីស៉ីលនៅលើផ្ទៃសមុទ្រ ជាការឆ្លើយតបចំពោះការបា.ញ់តេស្តមីស៉ីលរបស់កូរ៉េខាងជើង ដោយចង់បង្ហាញថា ពួកគេមានសមត្ថភាពការពារដែនសមុទ្រពីគ្រាប់មីស៊ីលបាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













