ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មាន អំពីការផលិត និងការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែលមានអាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ។ ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតត្រូវធ្វើការលក្ខណៈបច្ចេកទេសកុំព្យូទ័រ ដោយការផ្ទេឈ្មោះ និងទិន្នន័យរបស់អ្នកបោះឆ្នោត ចេញពីបញ្ជីបោះឆ្នោត ផ្លូវការឆ្នាំ២០១៧ បញ្ចូលក្នុងប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនោះ។ សម្រាប់ការផ្តល់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត នឹងចាប់ផ្តើមពីថ្ងៃទី៦ខែមិថុនាឆ្នាំដល់ថ្ងៃទី៥ខែកក្កដា ឆ្នាំ២០១៨ ។
ប័ណ្ណព័ត៌មានដែលបានផលិតមានរាងចតុកោណ ដែលមានបណ្តោយប្រហែវ៩,៦សង់ទីម៉ែត្រ និងទទឹងប្រវែង៦,៦សង់ទីម៉ែត្រ នៅផ្នែកខាងមុខនៃប័ណ្ណព័ត៌មានគឺ និមិត្តសញ្ញាគ.ជ.ប កាលបរិច្ឆេទនិងពេលវេលានៃការប្ឆោតសកលពាក់ព័ន្ធ ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត និងលំនៅឋាន ឬទីសំណាក់នៃអ្នកបោះឆ្នោត លេខរៀងក្នុងបញ្ជីបោះឆ្នោត លេខកូដក្នុងការិយាល័យបោះឆ្នោត និងទីតាំងការិយាល័យបោះឆ្នោត ឈ្មោះឃុំ សង្កាត់ ឈ្មោះរាជធានីខេត្ត ។ នៅផ្នែកខាងខ្នងនៃប័ណ្ណព័ត៌មាន គឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ប្រភេទទី១ ឬប្រភេទទី២ ឬប្រភេទទី៣) ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
ចំពោះភារកិច្ចរបស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតមានតួនាទី ធ្វើទំនាក់ទំនងសហការជាមួយគណៈភិបាលរាជធានីខេត្តនិងគណៈអភិបាលក្រុងស្រុកខណ្ឌពាក់ព័ន្ធ ដើម្បីផ្តល់ការគាំទ្រចំពោះ កបឃ.ស និងមេភូមិ ឬជំនួយការភូមិឲ្យសហការជាមួយ គឃ.សប ក្នុងការអនុវត្តការផ្តល់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត។
គ.ជ.ប បានបញ្ជាក់ថា ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ មិនអាចប្រើប្រាស់ជំនួសអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែឬ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតឡើយ៕ ដោយ៖បញ្ញាស័ក្តិ