ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីឧត្តមសិក្សាស្រាវជ្រាវនវានុវត្តន៍ នៃប្រទេសថៃ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អនេក ឡៅថាំម៉ាតាស់ (Anek Laothamatas) រដ្ឋមន្ត្រីឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ នៃព្រះរាជាណាចក្រថៃ ជួបសំដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ ឯកឧត្តម Anek Laothamatas បានគោរពថ្លែងអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យឯកឧត្តម និងគណៈប្រតិភូចូលជួបសម្ដែងការគួរសមនៅពេលនេះ និងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ នៃប្រទេសថៃ ជូនចំពោះសម្ដេចតេជោ។

ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោថាគោលបំណងរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈ ទី១)គោរពសូមផ្ដល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកទេស នៅសាកលវិទ្យាល័យល្បីៗរបស់ព្រះរាជាណាចក្រថៃ។ ទី២)តាមរយៈការអនុញ្ញាតឲ្យអ្នកស្រាវជ្រាវ វិទ្យាសាស្រ្តកម្ពុជា ទៅចូលរួមធ្វើការសិក្សាស្រាវជ្រាវ លើវិស័យជាច្រើន រួមទាំងវិស័យតារាសាស្ត្រ វិស័យជីវសាស្ត្រ វិស័យអាហារសាស្ត្រ និងវិស័យដទៃទៀត។ និងទី៣) សូមគោរពជូននូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល ជាពិសេសលើជំនាញឯកទេស។ លើសពីនេះទៅទៀត ឯកឧត្តមក៏បានគោរពអញ្ជើញប្រតិភូកម្ពុជា ដើម្បីទៅធ្វើទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ ដើម្បីពិនិត្យលទ្ធភាពលើវិស័យដែលអាចពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ជាពិសេសលើវិស័យអប់រំ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម Anek Laothamatas ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រថៃចំពោះសម្ដេច ។សម្តេចតេជោក៏បានថ្លែងអំណរគុណផងដែរ ចំពោះការផ្ដល់អាហារូបករណ៍ ការផ្ដល់កិច្ចសហប្រតិបត្តិការលើការសិក្សា​ស្រាវជ្រាវ លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវិស័យសុខាភិបាល ។
សម្ដេចតេជោបានមានប្រសាសន៍បន្តថា កម្ពុជាត្រូវការ និស្សិតទៅសិក្សាលើជំនាញនោះ លើថ្នាក់អនុបណ្ឌិត និងបណ្ឌិត រួមទាំងការស្រាវជ្រាវផងដែរ។ ក្នុងន័យនេះ សម្ដេចតេជោបានស្នើសុំឲ្យមានការពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យបានល្អ និងកាន់តែស៊ីជម្រៅ។ ជាមួយគ្នានោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រគល់ជូនក្រសួងឧស្សាហកម្ម សិប្បកម្ម និងនវានុវត្តន៍ ទៅធ្វើទស្សនកិច្ចសិក្សាតាមការអញ្ជើញរបស់ឯកឧត្តម Anek Laothamatas ផងដែរ។

ឆ្លៀតនៅក្នុងឱកាសនេះផងដែរសម្ដេចតេជោ ហ៊ុន សែន ក៏បានសំដែងនៅមរណៈទុក្ខដ៏ក្រៀមក្រំជាទីបំផុត ចំពោះការបាញ់ប្រហារនៅប្រទេសថៃកាលពីម្សិលមិញ។ សម្ដេចតេជោ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមចូលរួមសម្ដែងនូវការសោកស្ដាយជាទីបំផុត៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម