ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាពរីកចម្រើននៃវិស័យកីឡានេះ គឺដោយសារតែកម្ពុជាយើងទទួលបាននូវសុខសន្តិភាពពេញលេញ បើយើងគ្មានសន្តិភាពទេ គឺយើងមិនអាចមានការប្រកួតកីឡាដូចថ្ងៃនេះនោះទេ ដូច្នេះសម្តេចសូមអោយប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសន្តិភាពនេះអោយបានគង់វង្ស។
នៅល្ងាចថ្ងៃចន្ទ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី២នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។
ការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨នេះ គឺក្រោមប្រធានបទ “កីឡានាំមកនូវសន្តិភាព និងកាអភិវឌ្ឍ” ដែលមានរយៈពេលជាងមួយសប្តាហ៍ទៅហើយ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលបានព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៨នេះ ដែលមានកីឡាករ កីឡាករនីចូលរួមប្រកួតប្រមាណជាង៤ពាន់នាក់ មកពី២៥រាជធានីខេត្ត។ សំរាប់កម្មវិធីបិទនៃព្រឹត្តិការណ៍នៃការប្រកួតកីឡាជាតិលើកទី២នេះក៏មានរៀបចំកម្មវិធីប្លែកៗ និងអស្ចារ្យ ជាច្រើនដូចពេលបើកដែរ ដែលមានដូចជាការដង្ហែក្បួនព្យុយាត្រានៃប្រតិភូកីឡាតាមបណ្តាខេត្តនានា ការសម្តែងបែបសិល្បៈវប្បធម៌បុរាណ ក្បាច់គុនល្បុក្កតោ ការសម្តែងចលនាកាយសមស្របពីគរុសិស្សកីឡា ក្រុមកីឡាតេក្វាន់ដូ ការសម្តែងចលនាកាយកម្សាន្តចម្រៀង ដោយមានការចូលរួមពីសិល្បករ សិល្បការិនី ល្បីៗជាច្រើនរូប និងការបាញ់កាំជ្រួចអបអរសាទរផដែរ។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិតជាមានមោទនភាពចំពោះព្រឹតិ្តការណ៍កីឡាជាតិលើកទី២នេះ ដែលបានទទួលលទ្ធផលគួរជាទីមោទនៈ ព្រមទាំងបានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាគ្រប់ប្រភេទ ក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងក្មួយៗកីឡាករកីឡាការិនីទាំងអស់ដែលបានចូលរួមប្រកួតនៅឆ្នាំនេះ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិធីនាថ្ងៃនេះពិតជារីករាយ និងកើតមានឡើង ស្របពេលដែលប្រទេសកម្ពុជាយើង កំពុងមានសុខសន្តិភាព។ សម្តេចតេជោ ក៏បានថ្លែងអំណរព្រះគុណ ថ្វាយចំពោះព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គ ព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានភ្លើងគប់ ដល់តំណាងកីឡាករជាតិ ពីព្រះបរមរាជវាំង មកកាន់ពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីពិធីបើក ។
សម្តេចតេជោ ក៏បានថ្លែងរំលឹកនូវគុណូបការៈ ដល់សម្តេចព្រះបរមរតនកោដ្ឋ ដែលកន្លងមក ព្រះអង្គតែងយកព្រះទ័យ ទុកដាក់ចំពោះវិស័យកីឡាជាតិ និងបន្សល់នូវពហុកីឡដ្ឋានជាតិនេះ សម្រាប់យើងធ្វើការប្រកួតនាពេលនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យសាលារៀន ឬស្ថាប័នានាទាំងអស់ត្រូវបង្កើត និងបង្កើនកន្លែងលេងកីឡាឲ្យបានច្រើន សម្រាប់លេងកីឡា ដើម្បីឲ្យកាយសម្បទា និងសុខភាពយើងកាន់តែមានភាពល្អប្រសើរផងដែរ។ ជាមួយគ្នានោះសម្តេចតេជោ ក៏ជំរុញឲ្យទីសាធារណៈផ្សេងៗ ត្រូវមានកន្លែងធ្វើលំហាត់ប្រាណ សម្រាប់ប្រជាពលរដ្ឋផងដែរ ដើម្បីឲ្យមានសុខភាពល្អ និងជៀសផុតពីជំងឺផ្សេងៗទៀតផង។
មុននៃពិធីពន្លត់ភ្លើងគប់ និងការបិទព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី២នេះ សម្តេចតេជោ ហ៊ុន សែន ក៏បាជួនពរដល់កីឡាករ កីឡាការិនី គ្រូបង្វឹក គណៈកម្មការ នៃព្រឹត្តិការណ៍ ការប្រកួតកីឡាជាតិលើកទី២នេះ ទាំងអស់ជួបតែសេចក្តីសុខចម្រើន និងជោគជ័យគ្រប់ៗគ្នា៕ ដោយ៖បញ្ញាស័ក្តិ