ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជូនជនរួមជាតិពាក់ព័ន្ធនឹង ស្ថានភាពនៃជំនន់ទឹកភ្លៀងដែលជន់លិច នៅតាមបណ្ដាខេត្តមួយចំនួន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បានផ្ញើសារសំឡេងពិសេស ពាក់ព័ន្ធនឹង ស្ថានភាពនៃជំនន់ទឹកភ្លៀងដែលជន់លិចនៅតាមបណ្ដាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន​ សែន បានបញ្ជាក់ថា បើតាមរបាយការណ៍របស់ឯកឧត្តម គន់ គីម, ទឹកជំនន់នៅក្នុងប្រទេសកម្ពុជា សរុបមានចំនួន២២ខេត្ត និង៩៦ស្រុកក្រុង និង៧៧០ឃុំ ដែលបានលិចលង់ និងបង្កផលប៉ះពាល់សម្រាប់ប្រជាជនស្លាប់ចំនួន៤នាក់ ហើយនៅក្នុងនោះក៏មានការជម្លៀសប្រជាជន មករកទីទួលសុវត្ថិភាព និងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកសិកម្ម ការលិចផ្លូវ ការខូចខាតផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ការប៉ះពាល់ការសិក្សារបស់សិស្ស ដោយសារទឹកលិចសាលារៀន។

នៅក្នុងសារសំឡេងនេះ សម្តេចបានដាក់បទបញ្ជាឱ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ ចាត់មន្ត្រីជំនាញរបស់ក្រសួង ឱ្យចុះធ្វើការជាមួយនឹងខេត្តនានា ដើម្បីវាយតម្លៃអំពីផលប៉ះពាល់លើវិស័យកសិកម្ម ដោយទឹកជំនន់ ហើយត្រៀមបម្រុងដឹកពូជស្រូវ ដើម្បីដោះស្រាយបញ្ហា។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចបានទទួលបាយការណ៍ពី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អំពីស្ថានភាព នៃទឹកជំនន់នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកសិកម្ម។

របាយការណ៍នោះ បានបញ្ជាក់អំពីពលរដ្ឋស្លាប់ដោយទឹកជំនន់ចំនួន៤នាក់ ហើយមានការជម្លៀសប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព ដែលក្នុងនោះក៏មានការប៉ះពាល់ដល់សិស្ស ដោយសារតែមានការលិចលង់សាលារៀនផងដែរ។ តាមរបាយការណ៍នេះ បានឱ្យដឹងថា ដំណាំស្រូវនៅកម្ពុជា បានទទួលរកនូវការលិចលង់ចំនួន ១៥១៤១២ហិកតា ហើយដំណាំរួមផ្សំផ្សេងទៀត ចំនួន៤១២៤ហិកតា។

សម្តេចបានថ្លែងថា ឥឡូវនេះទឹកនៅកន្លែងខ្លះស្រក នៅកន្លែងខ្លះក៏ឡើង និងមានសភាពការណ៍មួយចំនួន នៃការព្យាករណ៍អាកាសធាតុ ដែលអាចនឹងនៅមានទឹកភ្លៀងខ្លះបន្ថែមទៀត ប៉ុន្តែតាមការជាក់ស្តែងនោះ មានកន្លែងខ្លះក៏ឡើង កន្លែងខ្លះក៏ស្រក ហើយសភាពការណ៍ នៅឯមូលដ្ឋានគឺគ្រប់គ្រងបាន។ ប៉ុន្តែអ្វីដែលជាកង្វល់ គឺមូលដ្ឋានខ្លះកំពុងជួបនូវបញ្ហា ពាក់ព័ន្ធនឹងបញ្ហាខ្វះពូជស្រូវ និងពូជដំណាំ ដេលទាមទារឱ្យថ្នាក់ជាតិអន្តរាគមន៍ជាបន្ទាន់។

សម្តេចបានបញ្ជាក់ថា ខ្ញុំព្រះករុណាខ្ញុំ សូមដាក់បទបញ្ជាទៅ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ ចាត់មន្ត្រីជំនាញរបស់ក្រសួងដែលមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ចុះធ្វើការជាមួយនឹងខេត្ត ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីធ្វើការវាយតម្លៃឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន អំពីការខូចខាត ដែលទាក់ទងជាមួយនឹង ដំណាំស្រូវ ក៏ដូចជាដំណាំផ្សេងទៀត ដើម្បីឱ្យរាជរដ្ឋាភិបាល អាចបញ្ចេញយ៉ាងលឿន ទៅកាន់គោលដៅនៃស្រូវដែលខូចខាត ដើម្បីឱ្យប្រជាពលរដ្ឋយើងអាចបង្កបង្កើនផលឡើងវិញ។

សម្តេចបានចាត់ទុកថា នេះជាការអន្តរាគមន៍ចាំបាច់ ដើម្បីដោះស្រាយបញ្ហានៅចុងរដូវ ដែលទឹកមិនទាន់អស់នៅឡើយ។ សម្តេចបានអំពាវនាវឱ្យមានកិច្ចសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ រួមគ្នាវាយតម្លៃអំពីផលប៉ះពាល់ផង និងត្រៀមបម្រុងដើម្បីដឹកចេញនូវពូជស្រូវ និងដំណាំទៅកាន់គោលដៅផង។

សម្តេចមិនចង់ឱ្យមានការបណ្តែតបណ្តោយឱ្យទឹកស្រកហួស ហើយតំបន់ទាំងនោះគ្មានប្រភពទឹកដើម្បីបង្កបង្កើនផលឡើយ ដែលកន្លងទៅកម្ពុជាធ្លាប់ជួបប្រទះកាលពីឆ្នាំ២០០០ ហើយខេត្តដែលជួបប្រទះច្រើន គឺបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ហើយដោយឡែកឆ្នាំនេះក៏កើតនៅកំពង់ធំ ព្រះវិហារ និងខេត្តដទៃថែមទៀត។

សូមរំលឹកផងដែរថា នៅខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៨ ខែ តុលា ឆ្នាំ ២០២២ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានបន្ត ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នៅភូមិសាស្ត្រឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលសហគមន៍ទាំងនេះ នៅបន្តរងការជន់លិចដែលបណ្តាលពីទឹកភ្លៀង បង្កដោយព្យុះណូរុ និងភ្លៀងជាបន្តបន្ទាប់នាប៉ុន្មានថ្ងៃមកនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បាន អំពាវនាវដល់បណ្តាដៃគូអភិវឌ្ឍ ផ្សេងៗទៀតសូមចូលរួមជាមួយ រាជរដ្ឋាភិបាលដើម្បីឆ្លើយ តបនឹងតម្រូវការប្រជាពលរដ្ឋរង គ្រោះនៅខេត្តផ្សេងៗទៀតដូចជា បន្ទាយមានជ័យ សៀមរាប និងបាត់ដំបងជាដើម បើទោះជាគ្រោះទឹកជំនន់នាពេលនេះមិន ដល់កម្រិតប្រកាសរកជំនួយកម្រិតអន្តរជាតិក៏ដោយ។

ឯកឧត្តម ទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ការងារអាទិភាពក្នុងដើម្បីគ្រប់គ្រងស្ថានភាពទឹកជំនន់នាពេលនេះ គឺមានបួនចំនុចធំៗ៖

  1. បន្តការត្រៀមជម្លៀសនិសង្គ្រោះគ្រួសារដែលនៅដាច់ស្រយ៉ាលទៅទីកន្លែងមានសុវត្ថិភាពសម្រាប់តំបន់ដែល នឹងមាន ភ្លៀងធ្លាក់ថែមទៀត ព្រោះសម្រាប់រដ្ឋាភិបាលសម្តេចតេជោ អាយុជីវិតប្រជាពលរដ្ឋ គឺជាកត្តាអាទិភាពទីមួយ
  2. បន្តឧបត្ថម្ភគាំទ្រស្បៀងអាហារ និងជំនួយនានាសម្រាប់បំពេញតម្រូវការមនុស្សធម៌ជាមូលដ្ឋាន ដល់គ្រួសារងាយរងគ្រោះបំផុត ដែលបានជម្លៀស ឬស្នាក់នៅតាមផ្ទះអ្នកជិតខាង ហើយសូមកត់សម្គាល់ថាជំនួយនេះជាជំនួយសម្រាប់សម្រួលទុក្ខលំបាកក្នុងពេលទឹកជំនន់ដែលប្រជាពលរដ្ឋមិនអាចរកចំណូលបាន។
  3. បន្តតាមដាននិងវាយតម្លៃការខូចខាតស្រូវ និងផលដំណាំ នានា ព្រោះទឹកលិចជាង១០ថ្ងៃមកហើយ និងស្រកទៅវិញសន្សឹមៗប៉ុណ្ណោះ ដែលលក្ខខណ្ឌនេះមិនអាចឱ្យការវាយតម្លៃការខូចខាតឱ្យបានច្បាស់ទាំងស្រុងនៅពេលនេះ។
  4. បន្តសិក្សាវាយតម្លៃការខូចខាត ផ្លូវលំជនបទនានា និងហេដ្ឋារចនាសម្ព័ន្ធដែលជាមូលដ្ឋានគ្រឹះដើម្បីត្រៀមស្តារ និងជួសជុសជាបន្ទាន់ បន្ទាប់ពីទឹកស្រកដើម្បីសម្រួលដល់ការប្រកបរបរចិញ្ចឹមជីវិតនិងការស្តារជីវភាពឡើងវិញរបស់បងប្អូនក្នុងសហគមន៍ឡើងវិញ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម