ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកបឹងត្របែក ស្ថិតនៅលើកំណាត់ផ្លូវ២៧១ ជិតច្រមុះជ្រូក ក្បាលថ្នល់ខណ្ឌចំការមន មកដល់ពេលនេះការដ្ឋានទាំងមូលម្រេចបានស្ទើរតែ១០០%ហើយ ពោលគឺនៅក្នុងសប្តាហ៍នេះ នឹងដាក់អោយដំណើរការម៉ូទ័រថ្មី១១គ្រឿង ដែលមានសមត្ថភាពបូមទឹកកើនឡើង៣ដង បើធៀបសមត្ថភាពស្ថានីយ៍បូមទឹកចាស់ ដើម្បីរំដោះទឹកចេញពីភាគខាងត្បូងរាជធានីភ្នំពេញនៅក្នុងរដូវវស្សានេះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា មកដល់នឹងព្រឹកថ្ងៃទី០៤ មិថុនានេះ ក្រុមការងារជំនាញនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាននឹងកំពុងធ្វើតេស្តម៉ូទ័របូមទឹកថ្មី ចំនួន ៥គ្រឿងនៅស្ថានីយ៍បឹងត្របែកនេះ ហើយក្នុងសប្តាហ៍នេះ ម៉ូទ័រថ្មីចំនួន ១១គ្រឿង នឹងដាក់អោយដំណើរការទាំងអស់ ដែលមានសមត្ថភាពបូមទឹក ២៣,៣ម៉ែត្រគូបក្នុង១វិនាទី គឺមានន័យថា កម្លាំងវានឹងកើន ៣ដង បើធៀបនឹងសមត្ថភាពស្ថានីយ៍បូមទឹកចាស់។
លោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ហើយថា ស្ថានីយ៏បូមទឹកបឹងត្របែកបានបំពាក់ម៉ូទរ័ថ្មីខ្នាតធំចំនួន១១គ្រឿង។ម៉ូទរ័ថ្មីនេះមានសមត្ថភាពបូមទឹក ២៣,៣ម៉ែត្រគូបក្នុង ១វិនាទី គឺកើន ៣ដង ធៀបនឹងស្ថានីយ៍ចាស់ ។
ក្រៅពីកសាងស្ថានីយនេះហើយរដ្ឋបាលរាជធានីភ្នំពេញក៏បានដំណើរការស្តារនិងបុកស៊ីផាយអមប្រឡាយបឹងត្របែកផងដែរ ដើម្បីបើកមុខទឹកឲ្យហូរបានលឿនក្នុងការនាំទឹកមកផ្គត់ផ្គង់ស្ថានីយបូមបឹងត្របែកឲ្យបានទាន់ពេលវេលា។
បើតាមមន្ត្រីជំនាញរដ្ឋបាលរាជធានីក៏បានបញ្ជាក់ដែរថា កំពស់ទឹកដែលត្រូវតំកល់ក្នុងប្រឡាយត្រូវមានកំពស់៣ម៉ែត្រ៨០តែបើកំពស់ទឹកឡើងដល់៦ម៉ែត្រ១៥គឹម៉ូទរ័បូមថ្មីនេះអាចដំណើរការបូមដោយស្វ័យប្រវត្តិតែម្តង។ តាមរយះស្ថានីយ៏បូមទឹកបឹងត្របែកថ្មីនេះនឹងកាត់បន្ថយការលិចលង់ដោយសារជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខណ្ឌ៣ គឺខណ្ឌដូនពេញ,ខណ្ឌ៧មករានិងខណ្ឌចំការមន៕ ដោយ ៖ បញ្ញាស័ក្តិ