ភ្នំពេញ៖ មន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំមន្រ្តីជំនាញចូលរួមវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២២នេះ ដោយបានចូលរួមផ្សព្វផ្សាយយុទ្ធនាការទស្សនាកម្ពុជាឆ្នាំ២០២៣ នាឱកាសវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២២ (Mekong Tourism Forum) នៅទីក្រុងហួយអាន ខេត្តក្វាងណាម ប្រទេសវៀតណាម ចាប់ពីថ្ងៃទី៩-១៤ ខែតុលា ឆ្នាំ២០២២នេះ។

វេទិកាខាងលើនេះគឺសំដៅការចូលរួមចំណែកដល់ការស្តារឡើងវិញនៃវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩ ក្នុងការពង្រឹងផ្សព្វផ្សាយ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ (GMS)។


គណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា នឹងចូលរួមកិច្ចប្រជុំសំខាន់ៗចំនួន៧៖ មានដូចជា ១. វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២២។ ២. វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ពន្ធទេសចរ ប្រកដោយបរិយាប័ន្នវគ្គ២ (ADB-TIIG2)។ ៣. កិច្ចប្រជុំទ្វេភាគីរវាងអង្គភាពទេសចរណ៍មេគង្គ (Destination Mekong) និងក្រសួងទេសចរណ៍កម្ពុជា។៤. កិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥០ (50th GMS TWG)។ ៥. កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO)។ ៦. កិច្ចប្រជុំទ្វេភាគីលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា-វៀតណាមលើកទី៣។ ៧. ការទទួលទង់មេគង្គប្តូរវេនសម្រាប់ការត្រៀមរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣នៅកម្ពុជា ពីថ្ងៃទី១៦-២១ ខែមីនា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «គិតគូរឡើងវិញពីភាពធន់ និងបច្ចេកវិទ្យា»៕
