រដ្ឋធានីមូស្គូ៖ ក្រោយការបំផ្ទុះស្ពានតែមួយគត់ តភ្ជាប់ពីប្រទេសរុស្ស៊ី ទៅកាន់ឧបទ្វីបគ្រីមៀ ដែលក្រុងមូស្គូ បានរឹបអូសពីប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០១៤ នៅមិនទាន់មានអ្នកចេញមុខ មកទទួលខុសត្រូវនៅឡើយ ប៉ុន្ដែអ៊ុយក្រែន ធ្លាប់បង្កើតហេតុការណ៍ដ៏គួរភ្ញាក់ផ្អើលជាច្រើនលើករួចមកហើយ ដែលក្រុងមូស្គូ នឹកស្មានមិនដល់ រួមទាំង ការបាញ់ន្លិចនាវាចម្បាំងដ៏ទំនើបបំផុត បំពាក់ដោយប្រព័ន្ធការពារដែនអាកាសដ៏ទំនើបម៉ូសខ្វា (Moskva) ដែលនាវាចម្បាំងប្រភេទនេះ គឺរុស្ស៊ី មានតែ៣គ្រឿងប៉ុណ្ណោះ និង ការវាយប្រហារ លើមូលដ្ឋានកងទ័ពអាកាស Saki របស់កងទ័ពជើងទឹករុស្ស៊ី នៅលើឧបទ្វីបគ្រីមៀ និង មូលដ្ឋានយោធារបស់កងទ័ពរុស្ស៊ី ជាច្រើនកន្លែងទៀត ហើយឥឡូវនេះ ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាឲ្យរឹតបន្ដឹងសន្ដិសុខបន្ថែម និង ចោទប្រកាន់ទៅលើអ៊ុយក្រែន ជាអ្នកនៅពីក្រោយសកម្មភាពនេះ។
សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៩ ខែតុលា ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ឥឡូវនេះ បានចេញបញ្ជាឲ្យទីភ្នាក់ងារសន្ដិសុខសហព័ន្ធន៍រុស្ស៊ី (FSB) ត្រូវតែត្រួតពិនិត្យ មើលដល់អ្នកពាក់ព័ន្ធដ៏សំខាន់ នៅក្នុងតំបន់កាន់កាប់ឧបទ្វីបគ្រីមៀ។
ប្រធានាធិបតិរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាក់ នៅក្នុងវីដេអូ នៅលើឆែនណែលតេឡេក្រាមរបស់វិមានក្រឹមឡាំង ថា «“គ្មានអ្វីត្រូវសង័្សយទៀតទេ ព្រោះវាជាសកម្មភាព អំពើភេរវកម្ម ដោយមានគោលបំណង បំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដ៏សំខាន់នេះ។ ការបំផ្ទុះនេះ ត្រូវបានរៀបចំ អនុវត្ដ និង ចេញបញ្ជា ដោយទីភា្នក់ងារពិសេសរបស់អ៊ុយក្រែន»។
ក្រុមមន្រ្ដីស៊ើបអង្កេតរុស្ស៊ី បានបញ្ជាក់ ថា ស្ពាននេះ ក៏ជានិមិត្តរូបដ៏សំខាន់របស់ក្រុងមូស្គូ នៅក្នុងការដាក់បញ្ចូលឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន ទៅជាផ្នែកមួយរបស់ប្រទេសរុស្ស៊ី កាលពីឆ្នាំ២០១៤។ នៅក្នុងហេតុការណ៍បំផ្ទុះស្ពាននេះ បានសម្លាប់មនុស្ស ចំនួន៣ និង បានបំផ្លិចបំផ្លាញសំណង់ស្ពានយ៉ាងដំណំ។ ដោយឡែក ការជួសជុលស្ពានដែលខូចខាតនេះ កំពុងតែធ្វើឡើង ជាបន្ទាន់ផងដែរ។
បណ្ដាទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី ជាច្រើន បានរាយការណ៍ ថា ឧបនាយករដ្ឋមន្រ្ដីរុស្ស៊ី បានបញ្ជាឲ្យយកផ្នែកជាច្រើន នៃស្ពាន ដែលខូចខាតនេះ ចេញជាបន្ទាន់ ហើយថា ក្រុមអ្នកមុជទឹក នឹងចាប់ផ្ដើមស៊ើបអង្កេតផ្នែកខូចខាត នៅពីខាងក្រោមខ្សែទឹក កាលពីព្រឹក ថ្ងៃអាទិត្យ។
ដោយឡែក លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានថ្លែង នៅក្នុងសុន្ទរកថា ប្រចាំរាត្រីរបស់គាត់ កាលពីថ្ងៃសៅរ៍ ដោយទទួលស្គាល់ ថា «ថ្ងៃនេះ មិនមែនជាថ្ងៃអពមង្គលនោះទេ ហើយវាជាថ្ងៃដ៏ត្រចះត្រង់ នៅលើដែនដីរបស់ប្រទេសយើង។ ជាអកុសលខ្លាំងណាស់ វានៅតែមានដុំពពកយ៉ាងក្រាស់ នៅពីលើឧបទ្វីបគ្រីមៀ បើទោះជាមានភាពសុខសាន្ដមួយរយៈយ៉ាងណាក៏ដោយ»។
សារព័ត៌មានរុស្ស៊ី បានសរសើរ ថា ស្ពាននេះ សាងសង់ នៅសតវត្សន៍នេះ ហើយវាជាស្ពាន ដ៏មានសារៈសំខាន់បំផុតមួយ សម្រាប់ប្រទេសរុស្ស៊ី នៅក្នុងការធ្វើសកម្មភាព ដឹកជញ្ជូនសម្ភារយោធា គ្រាប់រំសេវ និង កងទ័ព នៅក្នុងការធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។ ក្រៅពីនេះ ស្ពាននេះ ក៏ជានិមិត្តរូបដ៏សំខាន់ សម្រាប់ការតភ្ជាប់ទឹកដីរបស់រុស្ស៊ី ទៅនឹងឧបសម្ព័ន្ធគ្រីមៀ ដែលក្រុងមូស្គូ បានកាន់កាប់ កាលពីឆ្នាំ២០១៤ ។ ស្ពានគ្រីមៀនេះ ក៏ជាសរសៃឈាមដ៏សំខាន់មួយ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សម្ភារសឹក និង ភស្ដុភាយោធារបស់ក្រុងមូស្គូ ឆ្ពោះទៅកាន់សមរភូមិ នៅក្នុងការចូលលុកលុយ នៅអ៊ុយក្រែន និង ចរាចរណ៍ទៅកាន់ទឹកដីឧបទ្វីបគ្រីមៀ ដែលត្រូវបានដាក់បញ្ចូល ជាផ្នែកមួយ នៃទឹកដីរុស្ស៊ី។
បើតាមរូបភាពថ្មី ពីផ្កាយរណប បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ បង្ហាញពីផ្សែង និង អណ្ដាតភ្លើងឆាបឆេះឡើង នៅជិតកន្លែងដែលស្ពានប្រវែង១៩គីឡូម៉ែត្រ បានបាក់ធ្លាក់ចូលទៅក្នុងទឹកសមុទ្រ ដែលបានបើកដំណើការ អស់រយៈពេល៤ឆ្នាំកន្លងមកហើយ ក្រោយពេលក្រុងម៉ូស្គូបានរឹបអូសយក និង បានដាក់បញ្ចូលឧបទ្វីបគ្រីមៀនេះ ជាឧបសម្ព័ន្ធរបស់រុស្ស៊ី នៅក្នុងអំឡុងឆ្នាំ២០១៤។ ចាប់តាំងពីការកសាងរួចមក ស្ពាននេះ បាន និង កំពុងតែដើរតួនាទី ជាយុទ្ធសាស្រ្ដ នៅក្នុងសង្គ្រាម នៅអ៊ុយក្រែន ខណៈអាជ្ញាធរក្រុងកៀវ បានអះអាង ថា វាជាគោលដៅស្របច្បាប់ ដោយសារក្រុងកៀវ បានប្ដេជ្ញា រំដោះឧបទ្វីបគ្រីមៀរបស់ខ្លួន យកមកគ្រប់គ្រងវិញ។
ក្រោយការវាយប្រហារទៅលើស្ពាន ជាយុទ្ធសាស្រ្ដដ៏សំខាន់របស់រុស្ស៊ី នោះ ក្រុមមន្រ្ដីអ៊ុយក្រែន បានឆ្លើយតប ពីការទទួលស្គាល់តិចតួច ជុំវិញការបំផ្ទុះស្ពាននោះ ប៉ុន្ដែពួកគេ មិនបានបង្ហាញ ថា កម្លាំងរបស់កងទ័ពការពារទឹកដីក្រុងកៀវ ស្ថិតនៅពីក្រោយការវាយប្រហារនោះឡើយ។
លោក ស៊ើរហ្គេ អាកស្យូណូវ (Sergei Aksyonov) ប្រធានឧបទ្វីបគ្រីមៀ តែងតាំង ដោយក្រុងមូស្គូ បានបញ្ជាក់ ថា មានការចង់សងសឹកវិញ ប៉ុន្ដែគាត់បានធានាឡើងវិញ ថា ឧបទ្វីបនេះ នៅតែមានប្រេងឥន្ធនៈ រយៈពេលមួយខែ និង មានស្បៀងអាហារ ច្រើនជាងពីរខែ។ ថ្វីបើស្ថានភាពនេះ នៅតែអាចគ្រប់គ្រងបានមែន តែវាមិនល្អ ហើយក៏មិនស្លាប់ដែរ»។
លោក ដេវីដ អារ៉ាខាមៀ (David Arakhamir) ប្រធានសភា មកពីគណបក្សរបស់លោក ហ្សេឡែនស្គី បានបញ្ជាក់ ថា «សំណង់ខុសច្បាប់របស់រុស្ស៊ី កំពុងតែចាប់ផ្ដើមដួលរលំ ហើយត្រូវភ្លើងឆេះ។ នេះជាហេតុផលយ៉ាងសាមញ្ញ ប្រសិនបើអ្នកសាងសង់អ្វីមួយហើយ ត្រូវផ្ទុះឆេះ នោះ មិនយូរ មិនឆាប់ វានឹងផ្ទុះឆេះម្ដងទៀត»។
លោក អូឡែកស៊ីយ ហ្គោនចារ៉ែនកូ (Oleksiy Goncharenko) សមាជិកសភាអ៊ុយក្រែន បានប្រាប់ដល់បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC ថា «មិនថា មានអ្នកណាម្នាក់ ជាអ្នកទទួលខុសត្រូវ ចំពោះការបំផ្ទុះស្ពាននេះឡើយ ប៉ុន្តែសកម្មភាពនេះ ជាជ័យជម្នះយ៉ាងធំធេងរបស់អ៊ុយក្រែន និង ក៏ជាការបាត់បង់យ៉ាងធ្ងន់ធ្ងរ ហើយបង្កការលំបាកសម្រាប់រុស្ស៊ី ផងដែរ។ ស្ពាននេះ មិនត្រូវបានកម្ទេចនោះឡើយ ប៉ុន្ដែវាបានខូចខាតយ៉ាងដំណំ ហើយរូបភាពរបស់លោក ពូទីន ប្រធានាធិបតីរុស្ស៊ី ត្រូវបានកម្ទេច ដែលជាបញ្ហាដ៏សំខាន់បំផុត»។
ស្ពាននេះ ពិបាកក្នុងការបញ្ជាក់ អំពីសារៈសំខាន់នយោបាយ និមិត្តសញ្ញា និង យុទ្ធសាស្ត្ររបស់គ្រីមៀ (Crimea)។ ប៉ុន្ដែមន្ត្រីរុស្ស៊ី កាលពីមុន ធ្លាប់អះអាងថា ក្រុងមូស្គូ ត្រូវតែការពារយ៉ាងល្អ បញ្ចៀសពីការគំរាមកំហែង តាមផ្លូវអាកាស ផ្លូវគោក ឬផ្លូវទឹក ជាពិសេស ពីទឹកដីគ្រប់គ្រង ដោយអ៊ុយក្រែន ដែលមានចម្ងាយ ប្រហែល ជាង១៦០គីឡូម៉ែត្រ។
គណៈកម្មាធិការប្រឆាំងនឹងភេរវកម្មជាតិរុស្ស៊ី បានបញ្ជាក់ ថា ការខូចខាតស្ពាននេះ បណ្ដាលមកពីការបំផ្ទុះមានកម្លាំងខ្លាំង នៅក្នុងរថយន្ដដឹកទំនិញ បណ្ដាលឲ្យទូរថភ្លើងចំនួន៧ ត្រូវភ្លើងឆាបឆេះ។ ចំណែកផ្ទះរបស់បុរសម្នាក់ នៅតំបន់ក្រាសណូដា (Krasnoda) នាភាគខាងត្បូង ប្រទេសរុស្ស៊ី ក៏កំពុងតែស៊ើបអង្កេត។
ដោយឡែក អ៊ុយក្រែន មិនបានភ្ជាប់សកម្មភាពរបស់កងទ័ពការពារទឹកដីរបស់ខ្លួន ទៅនឹងការបំផ្ទុះស្ពាននេះ បើទោះជាក្រុងកៀវ បានកំណត់គោលដៅ ទៅលើឧបទ្វីបគ្រីមៀ (Crimea) កាលពីពេលកន្លងមកយ៉ាងណាក្ដី។ ប៉ុន្ដែអ៊ុយក្រែន កាលពីខែមុន បានអះអាង អំពីទទួលខុសត្រូវ ចំពោះការវាយប្រហារជាបន្តបន្ទាប់ ទៅលើតំបន់គ្រីមៀ រួមទាំង ការវាយប្រហារ នៅក្នុងមូលដ្ឋានកងទ័ពអាកាស Saky របស់កងទ័ពជើងទឹករុស្ស៊ី ដោយបានបំផ្លាញយន្ដហោះចម្បាំងជាច្រើនគ្រឿង និង នៅមូលដ្ឋានយោធា ភាគខាងជើងឧបទ្វីបគ្រីមៀកាលពីខែសីហា កន្លងទៅ៕





























