រុស្ស៊ី ៖ លោកឧត្ដមសេនីយ៍ សឺហ្គៃ ស៊ូរ៉ូវីគីន (Sergey Surovikin) ត្រូវបានតែងតាំងជាមេបញ្ជាការថ្មីរបស់កងទ័ពរុស្ស៊ី ដើម្បីដឹកនាំពង្រឹងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនឡើហវិញ ដែលលោកខាងលិចហៅថា ជាសង្រ្គាមឈ្លានពាន។
វេលាចូលកាន់តំណែងជាមេទ័ពថ្មីរបស់ លោកឧត្ដមសេនីយ៍ សឺហ្គៃ ស៊ូរ៉ូវីគីន (Sergey Surovikin) ធ្វើឡើងដោយក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២ គឺជំនួស លោក ឧត្ដមសេនីយ៍ អាឡិចហ្សាន់ឌឺ ឌីវ័រនីកូវ (Alexander Dvornikov) បន្ទាប់ពីទីក្រុងមូស្គូហាក់ទន់ដៃនៅចំពោះមុខការវាយបកយ៉ាងលឿនរហ័សពីសំណាក់កងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ភាគខាងកើត និងខាងត្បូងនៃប្រទេសអ៊ុយក្រែន។
នេះគឺជាលើកដំបូងហើយ ដែលក្រសួងការពារជាតិរុស្ស៉ី ប្រកាសតែងតាំងមេបញ្ជាការកងទ័ពថ្មីជាផ្លូវការ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ព្រោះក្រសួងការពារជាតិរុស្ស៊ី បានមើលឃើញថា លោកឧត្ដមសេនីយ៍ សឺហ្គៃ ស៊ូរ៉ូវីគីនធ្លាប់បានកាន់តួនាទីជាច្រើននៅក្នុងជួរយោធារុស្ស៉ី ហើយលោកក៏ធ្លាប់ត្រូវបាន គេចាត់ទុកថា ជាបេក្ខជនម្នាក់ មានលទ្ធភាពខ្ពស់ជាងគេ ដែលអាចនឹងត្រូវបានតែងតាំងជានាយអគ្គសេនាធិការកងទ័ពរុស្ស៉ី នៅពេលអនាគតផងដែរ។
លោកឧត្ដមសេនីយ៍ សឺហ្គៃ ស៊ូរ៉ូវីគីន ធ្លាប់ដឹកនាំកងកម្លាំងទ័ពអាកាសស៊ីរី និងអវកាសរុស្ស៉ី ចាប់តាំងពីឆ្នាំ២០១៧មក, ហើយលោកក៏បានប្រឡូកក្នុងសមរភូមិសង្រ្គាម អំឡុងទសវត្សឆ្នាំ១៩៩០ នៅប្រទេសតាហ្ស៉ីគីស្ថាន និងតំបន់ឆេឆេនី ព្រមទាំងនៅប្រទេសស៊ីរី ជាទីដែលរុស្ស៉ីធ្វើអន្តរាគមន៍យោធាជួយរដ្ឋាភិបាលរបស់ លោក បាស្ហា អាល់សាដ នៅឆ្នាំ២០១៥។
ក្នុងឆ្នាំ១៩៩៥ លោកឧត្ដមសេនីយ៍ សឺហ្គៃ ស៊ូរ៉ូវីគីន ត្រូវបានក្រុមសិទ្ធិមនុស្សហៅថា ជា «បុរសដៃឆៅ», ចំណែកសហភាពអឺរ៉ុប បានដាក់លោក ទៅក្នុងបញ្ជីទណ្ឌកម្ម មុនមួយថ្ងៃនៃការធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









