បន្ទាប់ពីមានការចាត់បញ្ជាពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចបង្កើតក្រុមការងារក្នុងគោលដៅពន្លឿនការពិនិត្យ តាមដាន និងវាយតម្លៃលើផលប៉ះពាល់ ការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំដោយសារទឹកជំនន់ ដើម្បីផ្តល់គ្រាប់ពូជស្រូវ និងពូជដំណាំរួមផ្សំដល់កសិកររងគ្រោះ ស្តារការដាំដុះរបស់ពួកគាត់ឡើងវិញ ទ្រទ្រង់ជីវភាព និងរក្សាសុវត្ថិភាពស្បៀង។
ក្នុងសេចក្តីសម្រេចបង្កើតក្រុមការងារ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ដោយឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន គឺបានបង្កើតក្រុមការងារធំៗចំនួន ៣ រួមមាន ៖ ក្រុមការងារទទួលខុសត្រូវរួម, ក្រុមការងារចុះពិនិត្យជាក់ស្តែងតាមបណ្តាខេត្តគោលដៅ និងក្រុមការងារបូកសរុបរបាយការណ៍។
បើតាមខ្លឹមសារនៃសេចក្តីសម្រេច បង្ហាញថា ក្រុមការងារទាំងអស់មានតួនាទី និងភារកិច្ច សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិគោលដៅ ដើម្បីពន្លឿនការពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងនៃផលប៉ះពាល់ ការខូចខាត លទ្ធភាពស្តារឡើងវិញដំណាំស្រូវ និងដំណាំរួមផ្សំ ដែលរងគ្រោះដោយសារទឹកជំនន់ ដែលកិច្ចការនេះ ត្រូវសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រុមការងារប្រព័ន្ធស្បៀងបម្រុងកម្ពុជា។
ពាក់ព័ន្ធនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេស ការហូបចុក និងការលំបាកផ្សេងៗ សម្តេចតេជោ ហ៊ុន សែន ថ្មីៗនេះ មានការព្រួយបារម្ភពីទុក្ខលំបាករបស់ប្រជាជន ជាពិសេស ប្រជាកសិករ ដោយសម្ដេចបានគិតថា សកម្មភាពកសិកម្មជាដង្ហើមជីវិតរបស់កសិករ ដូច្នេះ អភិបាលនៃគណៈអភិបាលខេត្ត និងក្រុមមន្ត្រីពាក់ព័ន្ធ ត្រូវធានាដល់ការដាំដុះឡើងវិញជូនប្រជាកសិករក្រោយពេលទឹកស្រក។ រកវិធីជួយសម្រួលការស្តារលទ្ធកម្មដាំដុះរបស់កសិករជារឿងចាំបាច់ សម្រាប់ពួកគាត់ទ្រទ្រង់ស្បៀងអាហារក្នុងគ្រួសារនីមួយៗផង និងដើម្បីចែកចាយនៅលើទីផ្សារដល់ប្រជាពលរដ្ឋទូទៅផង ក៏ដូចជារក្សាស្ថេរភាពស្បៀងសម្រាប់ប្រទេសផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN















