Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូឡូញ ណែនាំដល់ប្រជាជនរបស់ខ្លួន ឲ្យចាកចេញពីប្រទេសបេឡារុស

រដ្ឋធានីវ៉ាសាវី៖ ដោយសារតែស្ថានភាពនយោបាយ និង ទំនាក់ទំនងការទូត រវាងរដ្ឋាភិបាលក្រុងវ៉ាសាវី និង ក្រុងមីនស្ក៍ (Minsk) ដែលជាសម្ពន្ធមិត្ដរបស់ក្រុងមូស្គូ កាន់តែមានភាពតានតឹងខ្លាំងឡើង ចាប់តាំងពីការផ្ទុះវិបត្ដិជនចំណាកស្រុក នៅតាមព្រំដែន និង សង្គ្រាមឈ្លានពានរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) នៅក្នុងប្រទេសអ៊ុយក្រែន នោះមក ប៉ូឡូញ បានណែនាំដល់ប្រជាជនរបស់ខ្លួន ឲ្យចាកចេញ ពីប្រទេសបេឡារុស តាមមធ្យោបាយ ដែលអាចធ្វើទៅបាន។

សារព័ត៌មានសិង្ហបុរី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១១ ខែតុលា ថា ក្រុងវ៉ាសាវី បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា ប្រជាជនប៉ូឡូញ ដែលស្នាក់កំពុងតែនៅក្នុងប្រទេសបេឡារុស គួរតែចាកចេញពីប្រទេសនេះ ដោយសារតែទំនាក់ទំនង រវាងប្រទេសទាំង២ មានភាពតានតឹង កាន់តែខ្លាំងឡើង ជុំវិញសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។ ការណែនាំរបស់ក្រុងវ៉ាសាវី ធ្វើឡើង ស្របគ្នានឹងអនុសាសន៍ស្រដៀង កាលពីខែកញ្ញា ប្រាប់ដល់ប្រជាជនប៉ូឡូញ រស់នៅក្នុងប្រទេសរុស្ស៊ី ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់បេឡារុស។

ក្រុងវ៉ាសាវី បានបញ្ជាក់ នៅក្នុងសេចក្ដីណែនាំ សម្រាប់អ្នកទេសចរ ហើយត្រូវបានចុះផ្សាយ នៅលើគេហទំព័ររបស់រដ្ឋាភិបាល ថា «យើងសូមផ្តល់អនុសាសន៍ ដល់ពលរដ្ឋប៉ូឡូញ ដែលកំពុងតែស្នាក់នៅលើទឹកដីសាធារណរដ្ឋបេឡារុស ត្រូវតែចាកចេញពីទីនោះ វិលមកកាន់ទឹកដីរបស់ខ្លួនវិញ ជាមួយនឹងមធ្យោបាយពាណិជ្ជកម្ម និង ឯកជន តាមតែអាចធ្វើទៅបាន»។

រហូតមកដល់ពេលនេះ ទំនាក់ទំនងការទូត រវាងក្រុងវ៉ាសាវី (Warsaw) និង ក្រុងមីនស្ក៍ (Minsk) កាន់តែយ៉ាប់យ៉ឺនទៅ ចាប់តាំងពីអំឡុងឆ្នាំ២០២១មក ដោយសារ ប៉ូឡូញ បានចោទប្រកាន់ប្រទេសជិតខាង ស្ថិតនៅភាគខាងកើតរបស់ខ្លួន អំពីការរៀបចំវិបត្តិជនចំណាកស្រុក នៅតាមព្រំដែនរបស់ខ្លួន។ ស្របពេលទំនាក់ទំនងការទូត រវាងប្រទេសទាំងនេះ កាន់តែមានភាពតានតឹងស្រាប់ផង ក៏ត្រូវបង្កើនភាពតានតឹងបន្ថែមទៀត ក្រោយការផ្ទុះសង្រ្គាមឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមក។ ចាប់តាំងពីមុនការផ្ទុះសង្គ្រាមរបស់ក្រុងមូស្គូ នោះ បេឡារុស បានអនុញ្ញាតឲ្យកម្លាំងទាហានរុស្ស៊ី បើកករវាយលុកប្រឆាំងនឹងអ៊ុយក្រែន ចេញពីទឹកដីរបស់ខ្លួន។

ក្រុងវ៉ាសាវី បានបញ្ជាក់ ថា ជនជាតិភាគតិចប៉ូឡូញ នៅក្នុងប្រទេសបេឡារុស ប្រឈមមុខនឹងការគាបសង្កត់ ពីរដ្ឋ ក្រោយពេលមេដឹកនាំសហគមន៍មួយចំនួន ត្រូវចាប់ដាក់ពន្ធនាគារ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×