ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ នេះ ការនាំចេញរបស់កម្ពុជាទៅទីផ្សារក្រៅប្រទេស មានទឹកបា្រក់សរុប ១៧ពាន់ ៥៧៨លានដុល្លារអាម៉េរិក កើនឡើង ២៤.២៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌ មានកំណើន ២៣.១៦ភាគរយ និងផលិតផលធ្វើដំណើរ និងកាបូប មានកំណើន ៣៦.៣១%។

ការលើកឡើងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣-២០២៧» ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងតំណាងអង្គការអន្តរជាតិខាងការងារ និងតំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។

ក្នុងនាមជាសេនាធិការមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាណិជ្ជកម្ម បានខិតខំបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ច ទៅក្នុងតំបន់ និងពិភពលោក ជាពិសេសតាមរយៈការចរចាពាណិជ្ជកម្មសេរីពហុភាគី ទ្វេភាគី និងប្រទេសជាដៃគូផ្សេងៗទៀត និងដោយចុងក្រោយនេះ ក្រសួងពាណិជ្ជកម្ម សម្រេចបាននូវកិច្ចព្រមព្រៀងអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។

សូមជម្រាបថា ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេសនៅឆ្នាំ២០០១ មានទឹកបា្រក់សរុប ១ពាន់ ១៨៨លានដុល្លារអាម៉េរិក កើនរហូតដល់ទឹកប្រាក់សរុប ១៩ពាន់ ០៧៤លានដុល្លារអាម៉េរិកនៅឆ្នាំ២០២១។ ក្នុងនោះការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌ មានទឹកបា្រក់សរុប ៦ពាន់ ៧៧៣លានដុល្លារអាម៉េរិក ផលិតផលធ្វើដំណើរនិងកាបូប មានទឹកបា្រក់សរុប ១ពាន់ ១៨៨លានដុល្លារអាម៉េរិក៕
