ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចូលផលិតផលប្រេង និងឧស្ម័នមានតម្លៃ ២.៨៤ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២២ កើនឡើង ៦៦ ភាគរយពី ១.៧១ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។



បច្ចុប្បន្ន កម្ពុជា ពឹងផ្អែក លើការនាំចូលប្រេង និងឧស្ម័ន ដោយសារធនធានប្រេង និងឧស្ម័ននៅបាតសមុទ្រកម្ពុជាមិនទាន់ត្រូវបានទាញយកនៅឡើយ។ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍កន្លងទៅថ្មីៗនេះថា តម្រូវការផលិតផលប្រេងនៅកម្ពុជា ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៤.៨ លានតោនក្នុងឆ្នាំ ២០៣០ ពោលគឺកើនឡើងពី ២.៨ លានតោនក្នុងឆ្នាំ ២០២០៕




