ភ្នំពេញៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី៩ព្រឹទ្ធសភា នីតិកាលទី៤ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ដោយមានសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៥រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ។
សេចក្តីព្រាងច្បាប់នេះ មានគោលបំណងសំខាន់ជំរុញរំហូរវិនិយោគក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបង្កើតបរិយាកាសវិនិយោគដោយសេរី ងាយស្រួល មានតម្លាភាព និងមានលក្ខណៈប្រកួតប្រជែង ដើម្បីផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិន និងការវិនិយោគក្នុងអាស៊ាន ព្រមទាំងមានភាពចាំបាច់សម្រាប់ធ្វើការវាយតម្លៃ និងត្រួតពិនិត្យឡើងវិញនូវលក្ខខណ្ឌ តម្រូវកាតព្វកិច្ចចំពោះវិនិយោគិនបរទេស ដែលនៅជាធរមានរបស់រដ្ឋសមាជិក និងពិចារណាធ្វើការប្តេជ្ញាចិត្តបន្ថែមនៅក្នុងមាត្រា៧ (ការហាមឃាត់លក្ខខណ្ឌតម្រូវឱ្យបំពេញកាតព្វកិច្ច) នៃកិច្ចព្រមព្រៀងវិនយោគទូលំទូលាយអាស៊ាន ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងកាន់តែប្រសើរឡើង និងអំណោយផលដល់ការទាក់ទាញវិនិយោគពីប្រទេសផ្សេងមកក្នុងតំបន់អាស៊ាន។
ពិធីសារទីបួននេះ នឹងក្លាយជាលិខិតូបករណ៍អន្តរជាតិមួយទៀត ដែលជួយឱ្យព្រះរាជាណាចក្រកម្ពុជា ក្នុងការទាក់ទាញក្រុមហ៊ុនដែលចុះបញ្ជីនៅក្នុងបណ្តារដ្ឋសមាជិកអាស៊ាន មកបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយភាពជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រ-កម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៩៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦។
ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ០៤រូប បានឡើងមានយោបល់ និងលើកជាសំណួរសុំការបំភ្លឺរួចមក ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គ-លេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្រាយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៥សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕ រក្សាសិទ្ធិដោយៈ ចេស្តារ












