ភ្នំពេញ ៖ ក្នុងឱកាស សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា នារសៀលថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២, សម្ដេចតេជោបានលើកឡើងថា នៅលើលោកនេះ នរណាក៏ខ្លាចចំពោះសេចក្តីស្លា.ប់ដែរ ហើយខ្ញុំធ្លាប់រត់ទៅវៀតណាម ព្រោះតែចង់រស់ ប៉ុន្តែពេលដែលបានរស់ហើយ គឺបានមករំដោះប្រជាជនឱ្យបានរស់តទៅទៀត។
ជាការឆ្លើយតបនឹងក្រុមប្រឆាំង ដែលបានរិះគន់ សម្តេចតេជោ ហ៊ុន សែន ថា ខ្លាចចំពោះសេចក្តីស្លាប់នោះ ពេលនេះ សម្តេច ថ្លែងថា សូមផ្តាំត្រឡប់ទៅវិញផង នៅលើលោកិយ៍នេះ គ្មាននរណាមិនខ្លាចងាប់ទេ ជាពិសេស អាខ្មៅ ស្តាប់ឱ្យបាន បើហ្អែងមិនខ្លាចងាប់ទេ ហ្អែងមិនរត់ចោលស្រុកខ្មែរទេ តែហ្អែងខ្លាចស្លាប់ហ្អែង តើមាននរណាគេស.ម្លាប់ ប៉ុន្តែនរណាក៏ដោយសុទ្ធតែចង់រស់ទាំងអស់។
ចាំបានទេមជំនាន់ ប៉ុល ពត ទោះបីស៊ីក្តាមក៏ដោយ ស៊ីស្អីក៏ដោយ ឱ្យតែបានរស់ , អញខំរត់ទៅវៀតណាម អញចង់រស់ណា៎ តែអញរស់មិនមែនរត់ចោលស្រុកដើម្បីយករួចខ្លួនទេវើយ រស់ហើយត្រឡប់ចូលមករំដោះឱ្យមនុស្សរស់តទៅទៀត។
ខ្ញុំមិនមែននិយាយថ្ងៃនេះទេ ខ្ញុំនិយាយយូរហើយ ចាប់តាំងពីជំនាន់រដ្ឋកម្ពុជាឯណោះ ជីដូនខ្ញុំនិយាយអញ្ចេះថា ពេលអញងាប់ទៅ កុំយកទៅទុកក្បែរក្មេង អញ្ចឹង, ខ្ញុំក៏បានភាសាហ្នឹងនិយាយថា ខ្ញុំមើលទៅ កាត់ទៅជីដូនខ្ញុំ ពេលស្លាប់ទៅខ្ញុំអត់ទៅនៅវត្តទេ ព្រោះមិនដឹងអាណាទៅនោមដាក់ចេតិយ បើនិយាយពីចេតិយនៅវត្តបទុមវិញ មនុស្សចូលទៅក្នុងហ្នឹង ក្នុងចេតិយហ្នឹងតែម្តង។
ដល់អ៊ីចឹងទៅ វាទៅជាសរុបមកថា លោក ហ៊ុន សែន ខ្លាចងាប់?! ខ្ញុំសួរថា នៅលើលោកិយនេះ បើលោកឯងមិនខ្លាចងាប់ លោកឯងជីវិតអមតៈ?! , ប៉ុន្តែខ្ញុំសូមថា រឿងងាប់នេះមួយ ខ្ញុំសូមខ្លាចហើយ រស់បានប៉ុណ្ណា គឺយកប៉ុណ្ណឹង, លោកឯងត្រូវចាំ យកការសន្និដ្ឋានមួយថា ហ៊ុន សែន ពិតជាខ្លាចងាប់, អាណាមិនខ្លាចងាប់ អាហ្នឹងទៅរកងាប់ខ្លួនឯងទៅ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋCEN












