ឥណ្ឌា ៖ ឥណ្ឌាជាប្រទេសផលិតនុយក្លេអ៊ែរមួយផងដែរក្នុងចំណោមប្រទេសមហាអំណាចនុយក្លេអ៊ែរ ពេលនេះបានឃើញរុស្ស៊ីផ្លោងមីស៊ីលស្រោចទៅលើទីក្រុងនានាក្នុងប្រទេសអ៊ុយក្រែន ក៏ផ្ដើមឱ្យមានការនឹកខ្លោចចិត្តចំពោះសោកនាដកម្ម និងវិច្ឆេទកម្ម ក៏សម្ដែងការព្រួយបារម្ភចង់ឱ្យមានការចរចាបញ្ចប់សង្គ្រាមឆាប់ៗ ពោលគឺនរកគន្លឹះដោះស្រាយនៅលើតុចរចា។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បានថ្លែងកាណ៍ កាលពីថ្ងៃចន្ទម្សិលមិញថា ប្រទេសឥណ្ឌា មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងកម្ដៅនៃជម្លោះក្នុងប្រទេសអ៊ុយក្រែន និងបានបង្ហាញឆន្ទៈក្នុងការគាំទ្ររាល់ការប៉ុនប៉ងក្នុងការកាត់បន្ថយការឡើងជម្លោះ ដើម្បីវិលទៅរកតុចរចា និងគន្លឹះដោះស្រាយ។
បើតាមការចេញផ្សាយរបស់ទីភ្នាក់សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ បានឲ្យដឹងថា រុស្ស៊ី បានបាញ់មីស៊ីលឆ្លងទ្វីបទៅកាន់ទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលម៉ោងមមាញឹកកាលពីព្រឹកថ្ងៃចន្ទ ដោយបានសម្លាប់ជនស៊ីវិលជាច្រើននាក់ និងកាត់ផ្តាច់បណ្តាញអគ្គិសនីនៅក្នុងអ្វីដែលប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា នឹងសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើស្ពានគ្រីមៀ។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក អាឡាំងដាំង ប៊ូដេ (Alindan Budge) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ទៀតថា យើងសូមបញ្ជាក់ម្តងទៀតថា ការកើនឡើងនៃអរិភាព គឺមិនស្ថិតនៅក្នុងផលប្រយោជន៍របស់នរណាម្នាក់នោះទេ, យើងជំរុញឱ្យមានការបញ្ឈប់ជាបន្ទាន់នូវអរិភាព និងការវិលត្រឡប់ទៅរកផ្លូវនៃការទូត និងការសន្ទនាជាបន្ទាន់ ដើម្បីឈានទៅដល់ការដោះស្រាយបញ្ចប់សង្គ្រាម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













