ភ្នំពេញ ៖ សាលក្រមតុលាការទីក្រុងប៉ារីស ប្រទេសបារាំង បានចេញសេចក្ដីសម្រេចហើយ អំពីបណ្ដឹងរបស់ សម្ដេចតេជោ ហ៊ុន សែន ទៅលើការនិយាយបរិហារកេរ្ដិ៍របស់ លោក សម រង្ស៊ី មកលើ សម្ដេច ពាក់ព័ន្ធនឹងការស្លា.ប់របស់ លោក ហុក ឡង់ឌី, គឺនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ តុលាការប្រទេសបារាំង បានសម្រេចថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មិនស្ថិតនៅពីក្រោយការស្លាប់របស់ លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ ដូចការចោទប្រកាន់របស់ សម រង្ស៉ី នោះទេ។
លទ្ធផលរបស់តុលាការប្រទេសបារាំង ដែលមហាជន និងប្រជាពលរដ្ឋទន្ទឹងរង់ចាំជាយកមកហើយនេះ គឺ លោក គី តិច ប្រធានក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន និងមានផុសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោផងថា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន បានចូលរួមជាមួយក្រុមមេធាវីជនជាតិបារាំងតំណាងរបស់ សម្តេចតេជោ ហ៊ុន សែន និងលោក ឌី វីជ្ជា ចូលរួមស្តាប់ ការប្រកាសសាលក្រម ធ្វើឡើងដោយតុលាការទីក្រុងប៉ារីស ប្រទេសបារាំង ពាក់ព័ន្ធនឹងបណ្តឹងរបស់ សម្តេចតេជោ ហ៊ុន សែន ប្តឹង លោក សម រង្ស៉ី និងបណ្តឹងរបស់ លោក ឌី វិជ្ជា ប្តឹង លោក សម រង្ស៉ី ពីបទបរិហារកេរ្តិ៍។
លោក គី តិច បានឱ្យដឹងថា នៅក្នុងបន្ទប់សវនាការ នាព្រឹកម្សិលមិញនេះ ចៅក្រមបានលើកសំអាងហេតុ និងការយល់ឃើញលើចំណុចមួយ ដែលបញ្ជាក់ថា ការចោទប្រកាន់របស់ លោក សម រង្ស៉ី ទៅលើសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាគចក្រ ដែលមាន លោក ហុក ឡង់ឌី ជាជនរងគ្រោះ គឺពុំមានភស្តុតាង ឬការបញ្ជាក់ណាមួយឱ្យបានច្បាស់លាស់ ហើយក៏ពុំអាចចាត់ទុកថា សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការកើតហេតុ ឬនៅពីក្រោយនៃការកើតហេតុនេះទេ។
បើតាមលោក គី ទិច, ចៅក្រមនៃតុលាការបារាំង បានបញ្ជាក់ថា សំអាងហេតុរបស់លោក សម រង្ស៉ី បានដាក់ឯកសារ ជាសារព័ត៌មាន និងឯកសារផ្សេងៗ មានភាពមិនច្បាស់លាស់ ស្រពិចស្រពិលស្មុគស្មាញ ដែលតុលាការពុំអាចទទួលយកមកធ្វើជាសំអាងហេតុឱ្យបានត្រឹមត្រូវ ច្បាស់លាស់នោះទេ។ តុលាការក៏បានលើកសំអាងហេតុមួយទៀត បញ្ជាក់ច្បាស់ថា សម រង្ស៉ី ពិតជាបាននិយាយបរិហារកេរ្តិ៍ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលពុំអាចប្រកែកបាន។
ចំណុចនៃការយល់ឃើញមួយទៀត ត្រូវបានចៅក្រមលើកឡើងថា គឺអំពីសមភាពរវាងដើមបណ្តឹង និងជនជាប់ចោទ សម រង្ស៉ី ក្នុងនោះ តុលាការយល់ឃើញថា ដើមបណ្តឹងមានអំណាច និងឥទ្ធិពលនៅក្នុងប្រទេស ក្នុងតួនាទីជាថ្នាក់ដឹកនាំរបស់ប្រទេស ឯ សម រង្ស៉ី គឺជាបុគ្គលម្នាក់ដែលជាគូបដិបក្ខ មានភាពទន់ខ្សោយក្នុងអំណាច ហេតុដូច្នេះហើយ ការលើកឡើងរបស់ សម រង្ស៉ី គឺជាការលើកឡើង ដោយមានការធ្វេសប្រហែស, ដូច្នេះ ចៅក្រមបានទាញយកហេតុផលនេះ ដើម្បីអនុគ្រោះទោស ទៅដល់ជនជាប់ចោទ សម រង្ស៉ី។
លោក គី តិច បានបញ្ជាក់ថា បំណងរបស់ដើមបណ្តឹង គឺសម្តេចតេជោ ហ៊ុន សែន ប្តឹងមកតុលាការទីក្រុងប៉ារីស ចំពោះអំពើដែលជនជាប់ចោទបានធ្វើឡើងនោះ គឺចង់បាននូវភាពស្អាតស្អំ , ចង់បាននូវការពិតដែលតុលាការ នឹងរកឱ្យឃើញ ដើម្បីយុត្តិធម៌របស់ដើមបណ្តឹងដែលបានប្តឹង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN















