ភ្នំពេញ: រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តមកែវ រ៉េមី បានលើកឡើងថា ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ គឺជាតឹកតាងបង្ហាញពីឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិស័យសិទ្ធិមនុស្ស ហើយក៏ជាការបំពេញកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ក្នុងនាមជារដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ។
ឯកឧត្តមថា ស្ថាប័នសិទ្ធិមនុស្សជាតិនេះ មានតួនាទីសំខាន់ណាស់ ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។ ស្ថាប័ននេះ ក៏នឹងដើរតួនាទីជាស្ពានភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិលើការងារសិទ្ធិមនុស្ស។
ការលើកឡើងបែបនេះរបស់ឯកឧត្តម កែវ រ៉េមី បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ដំណើរឆ្ពោះទៅការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្សកម្ពុជា» ដោយមានការចូលរួមពីលោក Kieren Fizpatrick នាយកវេទិកាអាស៊ីប៉ាស៊ីហ្វិក នៃស្ថាប័នសិទ្ធិមនុស្សជាតិ (APF), អ្នកស្រី រួអេដា អិល ហាច តំណាងប្រចាំប្រទេស ការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR), តំណាងមកពីស្ថាប័នជាតិសិទ្ធិមនុស្ស នៃប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូណេស៊ី និងតំណាងមកពីព្រឹទ្ធសភា រដ្ឋសភា និងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នាសណ្ឋាគារ ហ៉ីម៉ាវ៉ារី រាជធានីភ្នំពេញ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងទៀរថា រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញឆន្ទៈច្បាស់លាស់ ក្នុងបង្កើតឱ្យមាននូវស្ថាប័នជាតិសិទ្ធិមនុស្សមួយ ដែលឯករាជ្យ មានតួនាទីក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស នៅកម្ពុជា ដោយបានសម្រេចអនុញ្ញាតឱ្យបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជានេះតាំ ងពីឆ្នាំ១៩៩៧ ដែលពេលនោះរាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចឱ្យតំណាងអង្គការមិនមែនរដ្ឋាភិបាល ធ្វើជាប្រធានក្រុមការងារ តាក់តែងសេចក្តីព្រាងច្បាប់។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម កែវ រ៉េមី ក៏បានរំឮកថា ក្រុមការងាររៀបចំសេចក្ដីព្រាងច្បាប់ ដែលដឹកនាំដោយតំណាងអង្គការមិនមែនរដ្ឋាភិបាលនេះ បានជួបប្រជុំធ្វើការ និងបានរៀបចំធ្វើសិក្ខាសាលាមួយចំនួន ប៉ុន្តែមានការអាក់ខានមួយរយៈ និងមានភាព រអាក់រអួល ក្នុងដំណើរការ នៃការរៀបចំសេចក្ដីព្រាងច្បាប់នេះ។បន្ទាប់ពីមានការរអាក់រអួលមួយរយៈក្នុងការរៀបចំសេចក្ដីព្រាងច្បាប់នេះ នៅក្នុងឆ្នាំ២០១៧ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសហការជាមួយសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ រៀបចំបទឧទ្ទេសនាមមួយស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា ដោយមានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិលចំនួន១០ និងនិស្សិតប្រមាណ២០០នាក់៕ រក្សាសិទ្ធិដោយ:មួង សុវណ្ណារិទ្ធ












