ភ្នំពេញៈ បន្ទាប់ពីបញ្ចប់មុខតំណែងបាន ៣ថ្ងៃ ព្រះកុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែ តុលា ឆ្នាំ២០២២ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន ពីរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចចាត់តាំង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារ បច្ចុប្បន្ន រហូតដល់មានការតែងតាំងជាផ្លូវការនូវរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។
នៅក្នុងសេចក្តីសម្រេចបានបញ្ជាក់ថា រដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបានការចាត់តាំងខាងលើ ប្រើប្រាស់សិទ្ធិអំណាចទាំងអស់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីដឹកនាំ និងគ្រប់គ្រង ការងាររបស់ក្រសួង អង្គភាពចំណុះរបស់ក្រសួង ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកដែលជាភ្នាក់ងាររដ្ឋបាល នៅក្រោមឱវាទរបស់ខ្លួន៕ រក្សាសិទ្ធិដោយៈចេស្តារ

