ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមមេធាវីរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ ស្ដីពីជោគជ័យ នៃបណ្តឹងបរិហារកេរ្ដិ៍នៅតុលាការបារាំង របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ក្រុមមេធាវីរាជរដ្ឋាភិបាល ស្វាគមន៍សាលក្រមរបស់តុលាការព្រហ្មទណ្ឌបារាំង ដែលបានផ្តល់យុត្តិធម៌ និង ភាពស្អាតស្អំជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងរកឃើញការពិតថា សម រង្ស៊ី បានប្រព្រឹត្តអំពើបរិហារកេរ្ដិ៍ ប្រាកដមែន។ ការផ្តល់យុត្តិធម៌ និងបញ្ជាក់អំពីភាពស្អាតស្អំជូន សម្តេចគេជោ ជាជោគជ័យសមស្របតាមបំណង ប្រាថ្នាចង់បានបំផុត របស់សម្តេចតេជោ ដែលជាដើមបណ្តឹងរដ្ឋប្បវេណី។

ក្រុមមេធាវីរាជរដ្ឋាភិបាល កត់សម្គាល់ឃើញថា នៅក្នុងសំអាងហេតុនៃសាលក្រមរបស់ខ្លួន តុលាការបារាំង បានគូសបញ្ជាក់ថា ការចោទប្រកាន់របស់ សម រង្ស៊ី ចំពោះ សម្តេចតេជោ ពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាគចក្រ ដែលមានឯកឧត្ដម ហុក ឡងឌី ជាជនរងគ្រោះ ជាការថ្លែងដោយពុំមានភស្តុតាង ឬឯកសារបញ្ជាក់ច្បាស់លាស់ ដែលអាចឱ្យតុលាការជឿជាក់បាននោះឡើយ។ ការពោលចោទប្រកាន់គ្មានមូលដ្ឋានរបស់ សម រង្ស៊ី ត្រូវបានតុលាការកំណត់ថា ជាការបរិហារកេរ្តិ៍ចំពោះ សម្តេចតេជោ ហើយដែលសូម្បីតែជនជាប់ចោទ សម រង្ស៊ី ខ្លួនឯង ក៏មិនបានបដិសេធនោះទេ។

ក្រុមមេធាវីរាជរដ្ឋាភិបាល សង្កេតឃើញថា នៅក្នុងសំអាងហេតុដដែលនោះ តុលាការបារាំងបានពិចារណា លើគោលការណ៍សមាមាត្រនៃការបញ្ចេញមតិ ក៏ប៉ុន្តែតុលាការនៅតែកំណត់ថា សម រង្ស៊ី ពិតជាបានថ្លែងចោទប្រកាន់ ទម្លាក់កំហុសដោយមិនត្រឹមត្រូវ ចំពោះសម្តេចតេជោ យ៉ាងពិតប្រាកដ។ តុលាការបានថ្លឹងថ្លែងថា ប្រសិនបើធ្វើ ការចោទប្រកាន់ខាងព្រហ្មទណ្ឌចំពោះ សម រង្ស៊ី ទំនងជាប៉ះពាល់ដល់វិសមាមាត្រនៃសិទ្ធសេរីភាពក្នុងការបញ្ចេញមតិរវាង ដើមបណ្តឹងជានាយករដ្ឋមន្ត្រីកាន់អំណាច និងជនជាប់ចោទដែលពុំមានអំណាចដែលសិទ្ធិសេរីភាពនេះត្រូវបានការពារ ដោយសន្ធិសញ្ញាអ៊ឺរ៉ុបស្តីពីសិទ្ធិមនុស្ស។ ដោយមូលហេតុនេះ តុលាការបានអនុគ្រោះឱ្យ សម រង្ស៊ី រួចផុតពីបទចោទ។

ក្រុមមេធាវីរាជរដ្ឋាភិបាល សាទរសេចក្ដីសម្រេចរបស់តុលាការបារាំង ដែលបានច្រានចោលការទាមទារសំណង របស់ សម រង្ស៊ី ចំពោះរាល់ការចំណាយលើរឿងក្តីនេះ។ ចំណុចនេះបញ្ជាក់ច្បាស់ថា ថ្វីត្បិតតែ សម រង្ស៊ី ត្រូវបានតុលាការ អនុគ្រោះទោស ក៏ប៉ុន្តែ សម រង្ស៊ី ត្រូវរងភាពបរាជ័យ ដោយមូលហេតុថា តុលាការបារាំងបានទទួលស្គាល់ថា ពាក្យពេចន៍របស់ សម រង្ស៊ី គឺជាការចោទប្រកាន់ដោយគ្មានភស្តុតាង និងជាការបរិហាកេរ្តិ៍ ហើយ សម រង្ស៊ី ត្រូវបង់ខាតចំពោះរាល់ការចំណាយទាំងអស់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម