ភ្នំពេញ៖ គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ត្រូវបានធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា SME Bank និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមទាំង២២ បានសម្រេចបង្កើនទំហំទឹកប្រាក់កម្ចី ពី៤០ ម៉ឺនដុល្លារ ដល់ ៦០ ម៉ឺនដុល្លារអាមេរិក។

ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ អាចស្នើសុំកម្ចីក្រោមគ្រោង TRCS ក្នុងទំហំប្រាក់រហូតដល់៦០ម៉ឺនដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល ជាមួយអត្រាការប្រាក់ត្រឹមតែ ៦.៥% ក្នុងមួយឆ្នាំ ដែលមានរយៈពេលកម្ចី រហូតដល់៨ឆ្នាំ និងអនុគ្រោះពន្យារបង់ប្រាក់ដើម (បង់តែការប្រាក់) រហូតដល់រយៈពេល ២៤ ខែដំបូង។

ការបង្កើនទំហំទឹកប្រាក់កម្ចី ក៏ដូចជាផ្តល់ជូននូវលក្ខខណ្ឌអនុគ្រោះផ្សេងៗ គឺដើម្បីឲ្យម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ អាចស្តារ និងបើកដំណើរការអាជីវកម្មរបស់ពួកគេឡើងវិញ បន្ទាប់ពីទទួលរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ នាពេលកន្លងមក។

គួរបញ្ជាក់ថា យោងតាមទិន្នន័យ ត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ម្ចាស់អាជីវកម្ម ដែលទទួលបានប្រាក់កម្ចីក្រោមគម្រោងនេះ មានចំនួន១៨៦ ជាមួយនឹងទំហំទឹកប្រាក់កម្ចីសរុបចំនួន ២៤.៥៥លានដុល្លារអាមេរិក ដែលអាជីវកម្មទាំងនោះរួមមាន៖ សណ្ឋាគារ ២៥%, ផ្ទះសំណាក់ ២៦%, ភោជនីយដ្ឋាន ៣៧% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍មាន ១២%៕
