រដ្ឋធានីវ៉ាស៊ីនតោន៖ ការវា.យប្រហារយ៉ាងសាហាវ ដោយមីស៊ីល ជិត១០០គ្រាប់ និង ដ្រូន ប្រហែល ២៤គ្រឿង ពីកម្លាំងទាហានរុស្ស៊ី កាលពីថ្ងៃចន្ទ ទៅលើប្រទេសអ៊ុយក្រែន ក៏កំពុងតែជំរុញឲ្យមានការថ្កោលទោសយ៉ាងខ្លាំង ពីប្រមុខអង្គការសហប្រជាជាតិ និង បណ្ដាប្រទេសបស្ចិមលោក ហើយសហរដ្ឋអាមេរិក ថែមទាំងសន្យា បង្កើនល្បឿនបញ្ជូនប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់ខ្លួន ទៅជួយដល់ក្រុងកៀវ សម្រាប់ការពារខ្លួន ទប់ទល់នឹងសកម្មភាពយោធារបស់ក្រុងមូស្គូ។
សារព័ត៌មាន US News បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១១ ខែតុលា ថា លោក ចន ឃើរប៊ី (John Kirby) អ្នកនាំពាក្យ ទីប្រឹក្សាសន្ដិសុខជាតិ ប្រចាំសេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានបញ្ជាក់ ថា ក្រុងវ៉ាស៊ីនតោន កំពុងតែបង្កើនល្បឿន ដល់ការដឹកជញ្ជូនប្រព័ន្ធការពារដែនអាកាស ប្រភេទ ណាសាមស៍ (NSAMS) ទៅកាន់ប្រទេសអ៊ុយក្រែន។ ការអះអាងរបស់មន្រ្ដីជាន់ខ្ពស់សហរដ្ឋអាមេរិករូបនេះ បានកើតឡើង ក្រោយពេលរុស្ស៊ី បានវាយប្រហារ ដោយមីស៊ីលទំនើបៗ ស្រោចទៅលើទីក្រុងនានា នៅទូទាំងប្រទេសអ៊ុយក្រែន កាលពីថ្ងៃចន្ទ។
លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានចោទប្រកាន់ ដល់រដ្ឋាភិបាលក្រុងកៀវ ជាអ្នករៀបចំ អនុវត្ដ និង បញ្ជាឲ្យមានការបំផ្ទុះស្ពានយុទ្ធសាស្រ្ដដ៏សំខាន់ តភ្ជាប់ពីដីគោករបស់ប្រទេសរុស្ស៊ី ទៅកាន់ឧបទ្វីបគ្រីមៀ ដែលរឹបអូសបានពីប្រទេសអ៊ុយក្រែន កាលពីអំឡុងឆ្នាំ២០១៤។ មេដឹកនាំវិមានក្រឹមឡាំង រូបនេះ បានហៅការបំផ្ទុះស្ពានយុទ្ធសាស្រ្ដរបស់ខ្លួន កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍មុន ថា ជា«សកម្មភាពភេរវកម្ម» ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ ក្រោយការចោទប្រកាន់បែបនេះ មិនបានប៉ុន្មានផង លោក ពូទីន បានបញ្ជាឲ្យកម្លាំងទាហានរុស្ស៊ី បើកការប្រហារយ៉ាងសាហាវ ដោយមីស៊ីល ទាំងតាមផ្លូវអាកាស ផ្លូវគោក និង ផ្លូវទឹក ប្រឆាំងនឹងប្រទេសអ៊ុយក្រែន។
លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារ ដោយមីស៊ីល ពីកម្លាំងទាហានរុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។ ប្រមុខអង្គការសហប្រជាជាតិ បានហៅសកម្មភាពយោធាចុងក្រោយរបស់រុស្ស៊ី ជាការបង្កើននូវជម្លោះ ដែលមិនអាចទទួលយកបាន។ ក្រៅពីនេះ ក៏មានមេដឹកនាំនានាជាច្រើន នៅលើពិភពលោក ជាពិសេស បណ្ដាប្រទេសបស្ចិមលោក និង សម្ពន្ធមិត្ត ក៏បានថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពចុងក្រោយរបស់រុស្ស៊ី ផងដែរ។
លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានជួបជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelenskyy) តាមទូរស័ព្ទ ក្រោយការវាយប្រហារយ៉ាងសាហាវ ពីទាហានរុស្ស៊ី ។ នៅក្នុងជំនួបនោះ លោក បៃដិន បានសន្យា ផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស ទៅដល់ប្រទេសអ៊ុយក្រែន ដើម្បីការពារអ្នករស់នៅទីក្រុងកៀវ បញ្ចៀសពីការវាយប្រហារ ពីរុស្ស៊ីបន្ដទៀត។
អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ ក្រោយការធ្វើបច្ចុប្បន្នភាព អំពីប្រតិបត្ដិការសឹកចុងក្រោយរបស់រុស្ស៊ី ថា កម្លាំងទាហានក្រុងមូស្គូ កាលពីថ្ងៃចន្ទ បានបាញ់មីស៊ីល ចំនួន៨៤គ្រប់ និង ដ្រូន ចំនួន២៤គ្រឿង។ ក្នុងចំណោមមីស៊ីលទាំងនោះ ត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ស្ទាក់ចាប់បានចំនួន៤៣គ្រាប់។ ចំណែកមីស៊ីល ដែលបានបាញ់ទាំងនោះ ត្រូវបានទស្សនាវដ្ដី Forbes ស្គាល់ រួមមាន មីស៊ីល Kh-101, មីស៊ីល Kh-555, មីស៊ីលកាលីប៊ឺ (Caliber), មីស៊ីលអ៊ីសខានដឺរ (Iskander), មីស៊ីល S-300 និង មីស៊ីលថ័រណាដូ-អេស (Tornado-S)។
ក្រោយពេលទស្សនាវដ្ដីពាណិជ្ជកម្ម Forbes នេះបានដឹង អំពីប្រភេទមីស៊ីលទាំងអស់នេះ ហើយ ក៏បានចាប់ផ្ដើមប៉ាន់ប្រមាណ អំពីតម្លៃរបស់មីស៊ីល ដែលរុស្ស៊ី ប្រើប្រាស់ កាលពីថ្ងៃចន្ទ ។ Forbes បានប្រមាណ តម្លៃមីស៊ីល និង ដ្រូន ទាំងនោះ មានតម្លៃសរុប ចន្លោះពី៤០០លានដុល្លារ ទៅ៧០០ដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្ដែទោះជាយ៉ាងណា ទស្សនាវដ្ដីដដែលនេះ បានកត់សម្គាល់ ថា ការប៉ាន់ប្រមាណតម្លៃមីស៊ីល និង ដ្រូនរបស់ខ្លួន អាចនឹងត្រូវកែសម្រួលឡើងវិញ ខណៈទទួលបានព័ត៌មានថ្មីបន្ថែមទៀត៕ រក្សាសិទ្ធិដោយ ៖ សារាយSN













