Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ G-7 ជំរុញឲ្យពូទីន ទទួលខុសត្រូវចំពោះការវា.យប្រហារមីស៊ីល លើអ៊ុយក្រែន

រដ្ឋធានីកៀវ៖ បណ្ដាមេដឹកនាំ G-7 រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក បានជួបប្រជុំបន្ទាន់មួយ ថ្កោលទោសយ៉ាងដាច់អហង្ការ ប្រឆាំងនឹងការវា.យប្រហារយ៉ាងសាហាវ ដោយមីស៊ីល ពីកម្លាំងទាហានរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ហើយមេដឹកនាំទាំងនេះ នឹងជំរុញឲ្យប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ត្រូវតែទទួលត្រូវ ចំពោះសកម្មភាពទាំងនេះ។

សារព័ត៌មាន France 24 បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១១ ខែតុលា ថា មីស៊ីលរបស់រុស្ស៊ី កាលពីថ្ងៃចន្ទ បានវាយប្រហារទៅលើទីក្រុងជាច្រើន នៅទូទាំងប្រទេសអ៊ុយក្រែន។ ចំណែក ការវា.យប្រហារ ទៅលើទីក្រុងល្វីវ កាលពីថ្ងៃអង្គារ បានធ្វើឲ្យតំបន់ភាគខាងលិចប្រទេស ដែលកំពុងតែហែកហួរ ដោយសារសង្គ្រាមមួយនេះ គ្មានភ្លើងប្រើប្រាស់។ នៅក្នុងកិច្ចប្រជុំបន្ទាន់ G-7 នោះ មេដឹកនាំទាំង៧ប្រទេសនេះ បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវា.យប្រហារយ៉ាងសា.ហាវ ពីមីស៊ីលរបស់ប្រទេសរុស្ស៊ី។

នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងបណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN នោះ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានហៅសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ជាតួអង្គដ៏សំខាន់ ត្រូវតែទទួលខុសត្រូវ លើសកម្មភាពយោធារបស់ក្រុងមូស្គូ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «ខ្ញុំគិតថា ពូទីនបានគិត ថា គាត់នឹងត្រូវបានស្វាគមន៍ ដោយបើកចំហ ថា ទីក្រុងកៀវ ជាផ្ទះរបស់ម្តាយរុស្ស៊ី ហើយជាកន្លែងដែលគាត់នឹងត្រូវបានស្វាគមន៍។ ប៉ុន្ដែខ្ញុំគិត ថា ពូទីន ពិតជាមានការគណនាខុសទាំងស្រុង»។

ជាការប្រតិកម្មយ៉ាងខ្លាំងក្លា ប្រឆាំងនឹងការបាញ់មីស៊ីលរបស់រុស្ស៊ី កាលពីថ្ងៃចន្ទ នោះ មេដឹកនាំ នៅតំបន់អឺរ៉ុប ចំនួន១០ប្រទេស រួមមាន ឆែក ប៊ុលហ្គារី អេស្ដូនី ហុងហ្គារី ឡាតវី លីទុយអានី ប៉ូឡូញ រ៉ូម៉ានី ស្លូវ៉ាគី និង ម៉ុងតេណេហ្គោ កាលពីថ្ងៃអង្គារ បានបញ្ជាក់ ថា នៅសប្ដាហ៍នេះ ការវាយប្រហារយ៉ាងសាហាវ ដោយមីស៊ីលរបស់រុស្ស៊ី ប្រឆាំងនឹងជនស៊ីវិល នៅក្នុងប្រទេសអ៊ុយក្រែន «កំពុងតែបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម នៅក្រោមច្បាប់អន្តរជាតិ»។

លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានថ្កោលទោស ចំពោះការវាយប្រហារ ដោយមីស៊ីល ពីកម្លាំងទាហានរុស្ស៊ី។ ប្រមុខអង្គការសហប្រជាជាតិ បានហៅសកម្មភាពយោធាចុងក្រោយរបស់រុស្ស៊ី ជាការបង្កើននូវជម្លោះ ដែលមិនអាចទទួលយកបាន។ ក្រៅពីនេះ ក៏នៅមានមេដឹកនាំនានា នៅលើពិភពលោក ក៏បានថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពចុងក្រោយរបស់រុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់អ៊ុយក្រែន ពីការរៀបចំការបំផ្ទុះដ៏មានកម្លាំងខ្លាំង បំផ្លាញស្ពានគ្រីមៀ កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ។ មេដឹកនាំវិមានក្រឹមឡាំង រូបនេះ បានចាត់ទុកការបំផ្ទុះស្ពានយុទ្ធសាស្រ្ដ ដែលតភ្ជាប់ពីដីគោករបស់ប្រទេសរុស្ស៊ី ទៅកាន់ឧបទ្វីបគ្រីមៀ ជា«អំពើភេរវកម្ម» ទើបគាត់បញ្ជាឲ្យបាញ់មីស៊ីល ប្រឆាំងនឹងអ៊ុយក្រែន កាលពីថ្ងៃចន្ទ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×