ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល មិនខ្វះលុយសម្រាប់រៀបចំព្រះរាជពិធីបុណ្យអុំទូកនោះទេ ប៉ុន្តែកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ មមាញឹកខ្លាំងពេក

ភ្នំពេញ ៖ ឆ្លើយតបនឹងចម្ងល់ប្រជាពលរដ្ឋមួយចំនួនដែលលើកឡើងថា ហេតុអ្វីនៅតាមបណ្ដាខេត្ត មានរៀបចំព្រះរាជពិធីបុណ្យអុំទូក ? ហេតុអ្វីនៅរាជធានីភ្នំពេញ អត់មានធ្វើ? មូលហេតុអ្វី ? , សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ជាថ្មីថា ការដែលរាជរដ្ឋាភិបាលផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក នៅក្នុងឆ្នាំនេះ គឺមិនមែនដោយសាររាជរដ្ឋាភិបាលខ្វះថវិកានោះទេ ប៉ុន្តែដោយសារតែរាជរដ្ឋាភិបាលមមាញឹកខ្លាំងសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

ការបញ្ជាក់បែបនេះរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាប័ត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចំនួនជាង ២ពាន់នាក់ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២, សម្តេចតេជោ បានមានប្រសាសន៍ថា បើទោះបីជារាជរដ្ឋាភិបាល ផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញក្តី ក៏រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យអុំទូក នៅតាមបណ្តាខេត្តដែរ ដែលពេលនេះមានខេត្តមួយចំនួនបានរៀបចំរួចហើយ និងខេត្តមួយចំនួនទៀតកំពុងត្រៀមរៀបចំជាបន្តបន្ទាប់។

ម្សិលមិញ គ្រាន់តែថ្ងៃចេញវស្សា នៅទីរួមខេត្តកំពង់ចាម គេប្រណាំងទូក និងកន្លែងដទៃទៀតសុទ្ធតែត្រៀមប្រណាំងទូក សូមអញ្ជើញនាំគ្នាទៅលេងចុះ, ប៉ុន្តែសម្រាប់ទីក្រុងភ្នំពេញ ខ្ញុំសូមប្រជាជនមេត្តាខន្តី អភ័យទោសទុកឲ្យហើយ ពេលនោះភ្ញៀវច្រើនណាស់ ដែលធ្វើដំណើរមកចូលរួមប្រជុំ, អីចឹងមិនថាចេញតាមផ្លូវណាទេ ដូច្នេះ ត្រូវបិទផ្លូវមួយចំនួន។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងពន្យល់ថាកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ មានភាពមមាញឹកខ្លាំងណាស់ ដែលមានថ្នាក់ប្រមុខរដ្ឋ និងថ្នាក់ដឹកនាំអន្តរជាតិ ជាច្រើន មកចូលរួម, ដូច្នេះនាំឲ្យមានការបិទផ្លូវមួយចំនួន ដើម្បីសម្រួលចរាចរណ៍ដល់ភ្ញៀវអន្តរជាតិ។ ជាមួយគ្នានេះ ខ្ញុំសូមការយោគយល់ និងខន្តីអភ័យទោស ពីបងប្អូនប្រជាពលរដ្ឋ ចំពោះការបិទផ្លូវ និងការស្ទះចរាចរណ៍ ក្នុងអំឡុងពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

សម្តេចតេជោ ហ៊ុន សែន សង្កត់ថា អាស៊ាន យើងត្រូវមានព្រឹត្តិការណ៍អមច្រើនណាស់ ហើយយើងរវល់ណាស់ មិនមែនរដ្ឋាភិបាល ហ៊ុន សែន ខ្វះលុយក្នុងការប្រារព្ធពិធីបុណ្យអុំទូកទេ, ប៉ុន្តែបញ្ហាសន្តិសុខជាបញ្ហាធំ ដែលម្សិលមិញឯកឧត្តម វង្ស ពិសេន បានទទួលបទបញ្ជាលើបញ្ហាមួយចំនួនតាមផ្លូវទឹក និងផ្លូវអាកាស ធានាសន្តិសុខ សម្រាប់កិច្ចប្រជុំដ៏ធំមួយ ដែលថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងមេដឹកនាំនៃស្ថាប័នអន្តរជាតិ អញ្ជើញចូលរួមច្រើន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម