Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានចារកម្មកំពូលអង់គ្លេស ៖ ពូទីន បង្កើតកំហុសឆ្គងធំ ក្នុងសង្គ្រាមអ៊ុយក្រែន

រាជធានីឡុងដ៍៖ ស្របពេលសង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងសាហាវ នៅក្នុងប្រទេសអ៊ុយក្រែន កំពុងតែបន្ដអូសបន្លាយ អស់រយៈពេលជាង២៣០ថ្ងៃ គិតត្រឹម ថ្ងៃពុធទី១២ ខែតុលា នៅតែរកទីបញ្ចប់គ្មាន ហើយគួបផ្សំនឹងការវាយប្រហារយ៉ាងសាហាវ កាលពីថ្ងៃចន្ទ បន្ថែមទៀតនោះ ទើបប្រធានចារកម្មកំពូលរបស់ចក្រភពអង់គ្លេស បានចេញមុខមកអះអាង ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) កំពុងតែបង្កើតកំហុសឆ្គងកាន់តែធំឡើង ខណៈទាហានក្រុងមូស្គូ កំពុងតែខ្សោះ។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស Sky News បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១១ ខែតុលា ថា លោក ស៊ើរ ជេរ៉េមី ហ្វែមីង (Sir Jeremy Fleming) នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ GCHQ របស់ចក្រភពអង់គ្លេស បានបញ្ជាក់ ថា ការសម្រេចចិត្តវាយប្រហារមកលើប្រទេសអ៊ុយក្រែន ពីសំណាក់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញ អំពី«កំហុសឆ្គងយ៉ាងធ្ងន់ ខណៈកម្លាំងទាហានក្រុងមូស្គូ កំពុងតែខ្សោះខ្លួន»។ ចំណែកចក្រភពអង់គ្លេស និង សម្ពន្ធមិត្ត ក៏កំពុងតែស្ថិតក្នុងដំណាក់កាលកំណត់មួយ ដោយត្រូវនិយាយ អំពីប្រទេសចិន។

ការលើកឡើងរបស់ប្រមុខទីភ្នាក់ងារចារកម្មរបស់ចក្រភពអង់គ្លេស បានកើតឡើង ក្រោយពេលប្រធានាធិបតីរុស្ស៊ី បានបញ្ជាឲ្យបាញ់មីស៊ីល ស្រោចទៅលើប្រទេសអ៊ុយក្រែន តាមអ្វីដែលគាត់បានចោទប្រកាន់ថា ក្រុងកៀវ បាននរៀបចំ អនុវត្ដ និង បញ្ជាឲ្យបំផ្ទុះស្ពានយុទ្ធសាស្រ្ដ តភ្ជាប់ពីប្រទេសរុស្ស៊ី ទៅកាន់ឧបទ្វីគ្រីមៀ កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ។

ប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ អ៊ីនធើរណេត និង សន្តិសុខ រូបនេះ នឹងបញ្ជាក់ ថា ការចំណាយរបស់រុស្ស៊ី សម្រាប់សង្គ្រាម នៅអ៊ុយក្រែន រួមទាំងមនុស្ស និង គ្រឿងយុទ្ធោបករណ៍ ពិតជាមានចំនួនច្រើន គួរឱ្យភ្ញាក់ផ្អើល ដោយសារតែបានកើនឡើង តាំងពីដំបូង ឥឡូវនេះត្រូវបានផ្លាស់ប្តូរមកវិញ។

លោក Sir Jeremy នឹងថ្លែង នៅក្នុងសុន្ទរកថារបស់គាត់ នៅឯបង្ហាញបាឋកថាសន្តិសុខ ប្រចាំឆ្នាំរបស់វិទ្យាស្ថាន Royal United Services ថា «យើងដឹង ហើយមេបញ្ជាការរុស្ស៊ី ក៏ដឹងដែរ ថា ការផ្គត់ផ្គង់ និង គ្រាប់រំសេវរបស់ពួកគេ កំពុងតែអស់»។

ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ចក្រភពអង់គ្លេស រូបនេះ បានលើកឡើង អំពីទឡ្ហីករណ៍ មកបញ្ជាក់ ថា ការចល័តអ្នកទោស និង បុរសគ្មានបទពិសោធន៍ នៅក្នុងវិស័យយោធា ជា«ការនិយាយអំពីស្ថានភាពអស់សង្ឃឹម» ហើយគាត់ក៏នឹងរិះគន់ សំដៅទៅលើប្រធានាធិបតីរុស្ស៊ី លោក ពូទីន ដោយសារមេដឹកនាំវិមានក្រឹមឡាំងរូបនេះ ត្រូវស្ថិតនៅឯកោ និង កំពុងតែបង្កើតកំហុស កាន់តែច្រើនឡើង។ ឥឡូវ ប្រជាជនរុស្ស៊ី ចាប់ផ្តើមយល់ដឹង អំពីបញ្ហាបណ្តាលមកពីអ្វី ដែលគាត់ពិពណ៌នាថា សង្គ្រាមជាជម្រើសរបស់លោក ពូទីន។

លោក ស៊ើរ ជេរ៉េមី ហ្វែមីង (Sir Jeremy Fleming) ប្រធានទីភ្នាក់ងារ GCHQ របស់ចក្រភពអង់គ្លេស បានអះអាងទៀត ថា «ជាមួយនឹងបញ្ហាប្រឈមផ្ទៃក្នុង មានប្រសិទ្ធភាពតិចតួច ការសម្រេចចិត្តរបស់លោក ពូទីណ បានបង្ហាញថា មានកំហុស។ វាជាយុទ្ធសាស្រ្ត មានភាគរយខ្ពស់ នាំទៅរកកំហុសឆ្គង ជាយុទ្ធសាស្រ្ត នៅក្នុងការវិនិច្ឆ័យ»។

ប្រធានទីភ្នាក់ងារ GCHQ របស់ចក្រភពអង់គ្លេស រូបនេះ ធ្លាប់បញ្ជាក់ នៅក្នុងសុន្ទរកថា កាលពីខែមីនា កន្លងទៅ ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ បានបង្ហាញ ថា ទាហានរុស្ស៊ី មួយចំនួន នៅក្នុងប្រទេសអ៊ុយក្រែន បានបដិសេធអនុវត្ដបទបញ្ជា ហើយបានបំផ្លាញឧបករណ៍ផ្ទាល់ខ្លួនរបស់ពួកគេ និង បានបាញ់ទម្លាក់យន្តហោះរបស់ពួកគេ ដោយចៃដន្យថែមទៀតផង៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×