ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទយកការណ៍ ÷ សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការសង្គ្រោះរឿងក្ដីអយុត្តិធម៌របស់ សាកលវិទ្យាធិការ PPIU កាលពី ១០ឆ្នាំមុន ទើបមានថ្ងៃនេះ

ភ្នំពេញ ៖ ក្នុងកាយវិការលើកអញ្ជលីប្រណម ដោយទឹកមុខទន់ភ្លន់ស្រស់ញញឹម នាថ្ងៃដែលមានឫក្សរាសី និងថ្លែងសុន្ទរកថា ស្ដីពីយុទ្ធសាស្ត្រនៃការអប់រំ បណ្ដុះបណ្ដាលធនធានមនុស្ស របស់ស្ត្រីស្វាហាប់ម្នាក់ដែលគេស្គាល់ថា ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិនោះ ស្រាប់តែត្រូវបាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រំលឹករឿងកម្សត់ជូរចត់របស់ស្ត្រីនេះ កាលពីប៉ុន្មាន ១០ឆ្នាំមុន ជួបរឿងអយុត្តិធម៌ដ៏ធំមួយ  ហើយត្រូវបានសម្ដេចជួយសង្គ្រោះឲ្យមានសេរីភាព និងស្ថានភាពនឹងនរឡើងវិញ។

ស្ត្រីកម្សត់រងនូវភាពអយុត្តិធម៌កាលពីប្រមាណ ១០ឆ្នាំមុននោះ គឺ លោកស្រី ទេព កុលាប ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) , សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កាលនោះ លោក ហេង ឈាង អតីតអគ្គនាយកក្រុមហ៊ុន អានកូ ប្រាឌ័រ ខូ. អិលធីឌី (Anco Brothers Co, LTD) និង លោកស្រី​ ទេព កុលាប ជាប្រពន្ធ ត្រូវបានប្តឹងដោយ ឧកញ៉ា កុក អាន ម្ចាស់ក្រុមហ៊ុន Anco Brothers Co, LTD រហូតដល់មានការចាប់ខ្លួនអ្នកទាំងពីរ កាលពីឆ្នាំ២០១១ ក្រោម​ការចោទប្រកាន់ពីបទរំលោភលើសេចក្តីទុកចិត្ត ក្នុងទឹកប្រាក់ជាង ៥៨លានដុល្លារសហរដ្ឋអាមេរិក។ 

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចំនួនជាង ២ពាន់នាក់ ដែលជាសាកលវិទ្យាល័យរបស់ លោកស្រី ទេព កុលាប នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ខណ:សម្ដេចតេជោអញ្ជើញជាអធិបតី សម្តេចបានរំលឹកថា រឿងអយុត្តិធម៌ដែលធ្វើឲ្យ លោកស្រី កុលាប ត្រូវចាប់ឃុំខ្លួននោះ គឺសម្តេចបានខ្ចីលុយគេប្រមាណ ៣លានដុល្លារ ដើម្បីសង្គ្រោះស្ត្រីរូបនេះ ឱ្យរួចផុតពីបណ្តឹង ឧកញ៉ា កុក អាន។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា រឿងរ៉ាវរបស់ លោកស្រី ទេព កុលាប កាលពី ១០ឆ្នាំមុន ជារឿងអយុត្តិធម៌  ហើយបើគ្មានការជួយសង្គ្រោះពីសម្តេចទេ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ មួយនេះ ច្បាស់ជាដួលរំលំ ឬងាប់បាត់តាំងពីពេលនោះមកម្ល៉េះ, ហើយសិស្ស-និស្សិត លោកគ្រូ-អ្នកគ្រូ សាស្ត្រាចារ្យ នឹងបាត់បង់ថាមពលសិក្សាស្រាវជ្រាវចំណេះវិជ្ជា ឬក៏មិនដឹងថា ត្រូវបែកខ្ញែកទៅដល់ណាក៏មិនដឹង?

ទោះជាយ៉ាងណា បើរំលឹកកាលពីកញ្ញា ឆ្នាំ២០១២ វិញ, ក្រោយដឹងថា ខ្លួនត្រូវបានចៅក្រមតុលាការកំពូលលើកលែងការចោទប្រកាន់លើសំណុំរឿងរំលោភទំនុកចិត្ត ដែលមានដើមបណ្តឹង លោកឧកញ៉ាកុក អាន រួចមកនោះ លោកស្រី ទេព កុលាប ក៏សម្រេចចាកចេញពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, កាលនោះ មានមន្ត្រីប៉ូលិសស្លៀកពាក់ស៊ីវិល គ្នាពី៦ ទៅ ៧នាក់ ជិះម៉ូតូ៣គ្រឿង និងរថយន្តអត់ស្លាកលេខ១គ្រឿង ដេញតាមប្រមាញ់ លោកស្រី ទេព កុលាប និងសាច់ញាតិ  ព្រមទាំងអ្នកបើកបរនៅក្នុងរថយន្ត ដែលកំពុងរត់គេចនៅក្បែរវិមានឯករាជ្យ បណ្តាលឱ្យមានការភិតភ័យ ហើយពួកគេក៏បើករថយន្ដចូលក្នុងរបងផ្ទះសម្តេចតេជោ ហ៊ុន សែន ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំង និងធ្វើឲ្យសម្ដេចបានដឹងរឿងដ៏គួរឱ្យអាណិតនេះ។

សម្ដេចតេជោ ហ៊ុន សែន ឈរនៅតុវេទិកា ដោយក្រសែភ្នែកសម្លឹងទៅកាន់ក្រុមមន្ត្រី និស្សិត នៅឯខាងមុខ ជាមួយអារម្មណ៍ផ្ចង់សញ្ចឹងគិតបន្តិច ក៏រលាស់ប្រយោគថា រឿងអយុត្តិធម៌កើតឡើងនាពេលនោះ ខ្ញុំមិនបានដឹងច្បាស់លាស់ទេ ប៉ុន្តែនៅគ្រាដែលសមត្ថកិច្ច ដេញប៉ផាប់ចាប់ពភីងលើ លោកស្រី កុលាប និងរហូតដល់មានការបើករថយន្តចូលផ្ទះខ្ញុំ ដើម្បីស្នើសុំអន្តរាគមន៍ ទើបធ្វើឱ្យខ្ញុំបានដឹងរឿងរ៉ាវពិត។

បន្ទាប់មក ក៏ធ្វើឲ្យខ្ញុំរលឹកនឹកឃើញទៅដល់ការធ្វើបាតុកម្ម តវ៉ា របស់ សាស្ត្រាចារ្យ និងនិស្សិត នៅសាកលវិទ្យាល័យមួយនេះ គឺ តវ៉ា ទាក់ទងនឹងរឿងលោកស្រី ទេព កុលាប ។ បន្ទាប់ពីបានជួយអន្តរាគមន៍ដើម្បីយុត្តិធម៌សង្គម  ខ្ញុំបានថ្លែងអំណរគុណដល់តុលាការកំពូល​ ដែលបានកាត់សេចក្តីឱ្យ​ លោក ហេង ឈាង ដែលជាប្តីរបស់ លោកស្រី​ ទេព កុលាប រួចផុតពីការជាប់ពន្ធនាគារ។

កាលពី ខែកញ្ញា ឆ្នាំ២០១២ តុលាការកំពូល បានទម្លាក់ការចោទប្រកាន់ប្រឆាំងអ្នកស្រី ទេព កុលាប បន្ទាប់ពីមិនបានរកឃើញមានទោសកំហុស។ ចំណែក លោក ហេង ឈាង ជាប្ដី លោកស្រី ទេព កុលាប ក៏ត្រូវបានដោះលែងចេញពីពន្ធនាគារវិញក្នុងឆ្នាំ២០១៤ បន្ទាប់ពីលោកត្រូវបានតុលាការសាលាដំបូង ពិន័យផ្ដន្ទាទោសដាក់ពន្ធនាគារជាង ៣ឆ្នាំ។

សម្តេចតេជោ ហ៊ុនសែន បញ្ជាក់ថា ពេលខ្លះយើងពិបាកមើលជាមួយនឹងភាពអយុត្តិធម៌ដែលកើតឡើងពេកណាស់,  រឿងនេះវាទាក់ទងនឹងជម្លោះក្នុងគ្រួសារមានបញ្ហាចាក់ស្រេះពិបាកនិយាយ។

រឿងនេះ ជារឿងដ៏កម្សត់មួយ បើយោងតាមពាក្យបណ្តឹង ឈាង (លោក ហេង ឈាង) ដែលជាក្មួយរបស់ដើមចោទ ត្រូវសង ៥៨លានដុល្លារ ទៅលោកឧកញ៉ា កុក អាន , ប៉ុន្តែទីបំផុត គឺសម្រុះសម្រួលនៅត្រឹម ៣លានដុល្លារ ដែល ៣លាននេះ ពីរនាក់ប្ដី-ប្រពន្ធ ឈាង-កុលាប អត់មានលុយទៅទៀត ហើយពេលនោះ ខ្ញុំក៏អត់មានលុយដែរ អញ្ចឹងជម្រើសដែលនៅសល់ មិនមែមានត្រឹមប៉ុណ្នឹងទេ, ខ្ញុំក៏សួរនាំទៅកូនស្រី ហ៊ុន ម៉ាណា ថា មានលុយ ៣លានសម្រាប់សង្គ្រោះ កុលាប ទេ? ម៉ាណា ប្រាប់ថា មានលុយខ្លះសម្រាប់សង្គ្រោះទូរទស្សន៍បាយ័នមួយផ្នែក ហើយមួយផ្នែកទៀត គឺ ម៉ាណាទៅខ្ចីគេទេ ទើបបាន ៣លាន យកមកសង កុក អាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងលុយ ៣លានដុល្លានេះ កាលពីប្រមាណ ៥ខែមុន ខ្ញុំបានលើកប្រាប់ទៅ កូនស្រី ហ៊ុន ម៉ាណា ថា បើសិនជា លោកស្រី ទេព កុលាប មិនមានលុយសង សូមកូនយោគយល់ដល់គាត់ ហើយលុបបំណុលនេះចោលទៅ ប៉ុន្តែកូនស្រី ហ៊ុន ម៉ាណា បានបញ្ជាក់វិញថា «លុយនោះ ត្រូវបានសងរួចរាល់ហើយ»។

ចំណែក លោកស្រី ទេព កុលាប វិញ ពេលថ្លែងសុន្ទរកថាជិតដល់ទីបញ្ចប់ទៅហើយនោះ ក៏រលីងរលោងទឹកភ្នែក ស្រដីទាំងអួតអាក់ ខណ:រលឹកទៅដល់រឿងក្ដីកាលពី១០ឆ្នាំមុននោះថា ពាក់ព័ន្ធរឿងក្ដីជាមួយនឹងលោកឧកញ៉ា កុក អាន បើកុំតែបានសម្ដេចពុកជួយអន្តរាគមន៍សង្គ្រោះនាងខ្ញុំ , រកយុត្តិធម៌ផ្ដល់ឲ្យនាងខ្ញុំនោះទេ ម្ល៉េះនាងខ្ញុំគ្មានឱកាសនៅថ្ងៃនេះទេ ហើយពុំដឹងថា ជាប់គុក ឬធ្លាក់ខ្លួនដល់ថ្នាក់ណាឡើយ ហេតុដូច្នេះ ក្នុងមួយឆាកជីវិតនាងខ្ញុំ ពិតជាមិនអាចបំភ្លេចគុណស្រ័យដ៏ធំធេងនេះបានជាដាច់ខាត។

នាងខ្ញុំសូមថ្លែងអំណរគុណដល់សម្ដេចពុក សម្ដេចតេជោ ហ៊ុន សែន ដែលពេញមួយជីវិតរបស់សម្ដេច តស៊ូក្រាញននៀលតាំងពីសម័យប្រល័យពូជសាសន៍ ប៉ុល ពត រហូតបង្កើតចលនាតស៊ូរំដោះប្រជាជន រំដោះប្រទេសជាតិ ឱ្យរួចផុតពីរបបវាលពិឃាត បង្កើតឲ្យមានព្រលឹងជាតិ សាសនាព្រះមហាក្សត្រ, ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី ធ្វើឱ្យប្រជាពលរដ្ឋទូទៅ ទទួលបានសិទ្ធិរស់រានមានជីវិត សិទ្ធិសេរីភាព សិទ្ធិចូលរួម សិទ្ធិជ្រើសរើស និងសិទ្ធិសម្រេច ជាដើម, ជាងនេះទៅទៀត សម្ដេចតេជោ តែងតែជួយអន្តរាគមន៍ផ្ដល់យុត្តិធម៌ទៅដល់ប្រជាពលរដ្ឋគ្រប់រូបដែលរងនូវភាពអយុត្តិធម៌ និងសម្ដេចពុក មិនដែលទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លា.ប់ដោយអត់អាហារ ឬដាច់បាយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម