ភ្នំពេញ ៖ សារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិគ្រប់គងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ ក្នុងឱកាសដ៏វិសេសវិសាល នៃការប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយទិវាអាស៊ាន គ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្រោមមូលបទ “រួមគ្នាដើម្បីលើកកម្ពស់តុល្យការសកម្មភាពមូលដ្ឋានីយកម្ម សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយ» ។
រហូតមកទល់ពេលនេះ ពិភពលោកកំពុងទទួលឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុបណ្តាលឱ្យ កើតមានគ្រោះមហន្តរាយធំៗជាច្រើន បង្កផលប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ និងសេដ្ឋកិច្ចសង្គម ធ្ងន់ធ្ងរបន្ថែមលើឱនភាពសកល ដែលបានកើតឡើងដោយសារមូលហេតុផ្សេងៗ និងភាពផុយស្រួយ នៃការងើបឡើងវិញរបស់សេដ្ឋកិច្ចសកលពីជំងឺកូវីដ-១៩។
សម្រាប់កម្ពុជាស្ទើរជារៀងរាល់ឆ្នាំ បានរងផលប៉ះពាល់ពីទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ និងគ្រោះមហន្តរាយផ្សេងៗទៀត។ ទោះជាយ៉ាងណារាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ អាទិភាពខ្ពស់លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយបានពុះពារគ្រប់ឧបសគ្គ ប្រយុទ្ធលើគ្រប់សមរភូមិ ម្ចាស់ការបានលើគ្រប់ទិដ្ឋភាពនិងគ្រប់កាលៈទេសៈ។ ដោយមានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា អនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយការវិនិយោគ ជារួម ទៅលើកំណើនសេដ្ឋកិច្ច ដែលជាឆ្អឹងខ្នងនៃសមត្ថភាពជាតិក្នុងការគ្រប់គ្រង និងការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ រួមនឹងការវិនិយោគដោយផ្ទាល់ទៅលើវិស័យជួរមុខ រួមមាន៖ វិស័យកសិកម្ម ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បរិស្ថាន សន្តិសុខ និងការពារជាតិ។ល។
យើងបានបញ្ជ្រាបនិងធ្វើសមាហរណកម្មតាមបែបរូបវន្តនិងអរូបវន្តនៃសកម្មភាពគ្រប់គ្រងគ្រោះ មហន្តរាយទៅក្នុងការវិនិយោគ និងផែនការអភិវឌ្ឍន៍តាមវិស័យ ក្នុងចំណោមក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សំដៅធានាឱ្យការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្លាយជាចលករ ជា ធាតុចូលនិងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តរភាព។
មូលបទ “រួមគ្នាដើម្បីលើកកម្ពស់តុល្យការសកម្មភាពមូលដ្ឋានីយកម្មសម្រាប់ភាពធន់នឹងគ្រោះមហន្តរាយ» ដែលបានលើកយកមកប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់យើងនាពេលនេះ ពិតជាសក្តិសមបំផុតជាមួយនឹងការប្រឈម ដែលកាន់តែកើនឡើង នៃមុខសញ្ញាគ្រោះថ្នាក់និងការប្រែប្រួល អាកាសធាតុនៅក្នុងពិភពលោក។
ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺជាការកាត់បន្ថយផលប៉ះពាល់លើជីវភាពរស់នៅ និង សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ នៅពេលដែលប្រទេសជាតិមួយបានអភិវឌ្ឍខឿនសេដ្ឋកិច្ចក៏រឹងមាំ ប្រកបដោយភាពធន់ មានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ អាចកាត់បន្ថយហានិភ័យ ឆ្លើយតបបានទាន់ពេលវេលា មានប្រសិទ្ធភាព និងអាចស្តារឡើងវិញបានឆាប់រហ័ស។
ផ្នែកឯកជន ដែលជាសសរស្តម្ភមួយនៃកំណើនសេដ្ឋកិច្ចជាតិ មានតួនាទីសំខាន់ក្នុងការចូលរួម ក្នុងសកម្មភាពគ្រប់គ្រងគ្រោះមហន្តរាយ។ តាមរយៈភាពស៊ីសង្វាក់និងប្រទាក់ក្រឡាគ្នានេះ អាចបញ្ជាក់បានថា ផ្នែកឯកជនមិនអាចកាត់ផ្ដាច់បានពីការងារគ្រប់គ្រងគ្រោះមហន្តរាយ។ ហេតុនេះវិនិយោគកម្មប្រកប ដោយភាពវៃឆ្លាត គឺត្រូវមានការវិភាជទុនវិនិយោគទៅលើកាត់បន្ថយហានិភ័យគ្រោះមហន្តរាយលើធុរកិច្ច ការពារការខាតបង់ជាយថាហេតុនិងធានាបាននិរន្តរភាពធុរកិច្ចរបស់ខ្លួន។
ដើម្បីឱ្យការងារគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់ពេលខាងមុខ ទទួលបានជោគជ័យស្របតាម មូលបទដូចបានកំណត់ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនិងឆ្លើយតប ចំពោះទស្សនវិស័យននយោបាយឈ្នះ ឈ្នះ! គឺឈ្នះសេដ្ឋកិច្ច ឈ្នះគ្រោះមហន្តរាយ។ សម្តេចតេជោ ហ៊ុន សែន បានយកឱកាស នៃទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ១៣ តុលា ឆ្នាំ២០២២ នេះ ដើម្បីអំពាវនាវជូនជនរួមជាតិដូចតទៅ៖
១- គ្រោះមហន្តរាយសុខភាពសាធារណៈនៃជំងឺកូវីដ-១៩ នៅបន្តកើតមាននៅឡើយ ហេតុនេះ សូមបងប្អូនជនរួមជាតិ បន្តរក្សាការពារខ្លួនតាមរយៈការរស់នៅជាមួយភាពប្រក្រតីតាមគន្លងថ្មី បន្តទទួល វ៉ាក់សាំងទាំងដូសមូលដ្ឋាននិងដូសជំរុញ និងបន្តអនុវត្តគោលការណ៍ ៣ការពារ ៣កុំឱ្យបានខ្ជាប់ខ្ជួន ដោយបន្តរស់នៅស្អាត ជាមួយបរិស្ថានល្អក្នុងក្របខ័ណ្ឌភូមិ ឃុំមានសុវត្ថិភាព។
២- បន្តពង្រឹងសមត្ថភាពលើការយល់ដឹងអំពីហានិភ័យគ្រោះមហន្តរាយ យកចិត្តទុកដាក់តាមដាន មុខសញ្ញាគ្រោះថ្នាក់ ព័ត៌មានព្យាករណ៍ និងប្រកាសព័ត៌មានជាមុនអំពីហេតុការណ៍ និងគ្រោះថ្នាក់ដែល អាចកើតមាន ដោយគ្រោះមហន្តរាយ។
៣- ម្ចាស់ការ ធ្វើសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជាបុគ្គលនិងគ្រួសារ តាមរយៈ ការរំលែកថវិកាចំណាយមួយភាគតូចទៅក្នុងការរៀបចំការពារ ថែរក្សា និងកែលំអរលំនៅឋាន ទីតាំង អាជីវកម្ម និងមុខរបរឱ្យមានសុវត្ថិភាព មានភាពធន់និងអាចងាយស្ដារឡើងវិញបានក្រោយគ្រោះមហន្តរាយ ក្នុងករណីមានការកើតឡើងជាយថាហតុណាមួយ។
៤- សម្រាប់វិនិយោគិន ធុរជន ម្ចាស់សហគ្រាស។ល។ សូមវិភាជទុនបង្កើតប្រព័ន្ធការពារ គ្រោះថ្នាក់ការងារ រៀបចំហេដ្ឋារចនាសម្ព័ន្ធធន់ បង្កើតទីសុវត្ថិភាព បណ្តុះបណ្តាលនិយោជិត បុគ្គលិក កម្មករ ឱ្យយល់ដឹងអំពីគ្រោះមហន្តរាយ វិធីការពារ ការជម្លៀសទៅកាន់ទីសុវត្ថិភាព និងធ្វើលំហាត់សាកល្បង ជាប្រចាំ។ លើសពីនេះ ត្រូវចូលរួមចំណែកបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល ដោយការបរិច្ចាគធនធាន ផ្អែកតាមស្មារតីការទទួលខុសត្រូវផ្នែកសង្គម ដើម្បីការពារធុរកិច្ច ការពារពាណិជ្ជកិច្ច និងការពារ សេដ្ឋកិច្ចសង្គម តាមរយៈសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រាជរដ្ឋាភិបាល។
៥- គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសម្របសម្រួលដឹកនាំការរៀបចំគោល នយោបាយជាតិ ស្តីពីកិច្ចទទួលខុសត្រូវផ្នែកសង្គមនៅក្នុងការគ្រប់គ្រងគ្រោះមហន្តរាយរបស់ផ្នែកឯកជន ដើម្បីផ្ដល់កាលានុវត្តភាពដល់វិនិយោគិន ធុរជន ម្ចាស់សហគ្រាសជាតិនិងអន្តរជាតិ ដែលធ្វើធុរកិច្ចនៅក្នុង ព្រះរាជាណាចក្រកម្ពុជា បានរួមចំណែកកាន់តែទូលំទូលាយថែមទៀតជាមួយរាជរដ្ឋាភិបាលលើការងារ គ្រប់គ្រងគ្រោះមហន្តរាយ និងដាក់ចេញនូវគោលការណ៍ នីតិវិធី និងបទដ្ឋានគតិយុត្ត ដើម្បីអនុវត្ត ប្រកបដោយសុក្រឹតភាព តម្លាភាព និងសមធម៌។
៦- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយដៃគូជំនាញ ដៃគូវិនិយោគ និងដៃគូអភិវឌ្ឍ បង្កើនសមត្ថភាពរបស់ខ្លួន និងភាគីពាក់ព័ន្ធគ្រប់ថ្នាក់ ក្នុងការផ្ដល់ព័ត៌មានឱ្យដឹងមុន ដើម្បីធានាថា អាជ្ញាធរមានសមត្ថកិច្ច ប្រជាជនដែលងាយរងគ្រោះ ទទួលបាន សេវាផ្តល់ព័ត៌មានអំពីហានិភ័យ និងអំពីវិធានការគួរប្រកាន់យកជាមុនឱ្យបានទាន់ពេលវេលា ប្រកបដោយ ប្រសិទ្ធភាព មានលក្ខណៈយេនឌ័រនិងបរិយាប័ន្ន។
៧- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តពង្រឹងនិងពង្រីកប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីធានាថា ប្រជាជនរង គ្រោះ នឹងត្រូវបានដោះស្រាយបញ្ហាសន្តិសុខស្បៀង មានគ្រាប់ពូជសម្រាប់ស្ការការដាំដុះ និងមានសាច់ ប្រាក់បម្រុងដើម្បីដោះស្រាយតម្រូវការផ្សេងទៀត ដែលមិនមែនជាស្បៀងនិងគ្រាប់ពូជ។
៨- ក្រសួងការពារជាតិ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ត្រូវបន្តសហការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក្នុងការពង្រឹងនិងពង្រីកសមត្ថភាពកងប្រតិបត្តិការរុករក និងសង្គ្រោះ ដោយសិក្សាលើកគម្រោងស្នើបំពាក់សម្ភារៈនិងមធ្យោបាយ ដើម្បីធានាការជួយសង្គ្រោះ បាន ទាន់ពេលវេលាលើគ្រប់មុខសញ្ញាគ្រោះថ្នាក់នៅគ្រប់កាលៈទេសៈ ក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ។
៩- ក្រសួង ស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងយន្តការ គោលនយោបាយ យុទ្ធសាស្ត កម្មវិធី ផែនការ និងសកម្មភាពដែលមានស្រាប់ ជាពិសេសពង្រឹងសមត្ថភាពលេខាធិការដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយនៃក្រសួង ស្ថាប័នរបស់ខ្លួន ត្រួតពិនិត្យនិងរៀបចំផែនការត្រៀមបម្រុងរបស់ខ្លួន និង ត្រូវត្រៀមបម្រុងនូវធនធាន មធ្យោបាយ និងសម្ភារៈ ក្នុងការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយ ផ្តល់ការឧបត្ថម្ភគាំទ្រដល់ប្រជាជនដែលរងគ្រោះ និងស្តារឡើងវិញក្រោយគ្រោះមហន្តរាយ នៅក្នុងដែន សមត្ថកិច្ចនៃវិស័យរបស់ខ្លួន។
ដើម្បីជាការដាស់តឿន ក្រើនរំលឹកដល់យើងទាំងអស់គ្នា អំពីការយល់ដឹង និងអំពីកាតព្វកិច្ចរបស់ យើងម្នាក់ៗ ចំពោះការងារគ្រប់គ្រងគ្រោះមហន្តរាយនេះ សម្តេចនាយករដ្ឋមន្រ្តី សូមណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយរៀបចំទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ១៣ តុលា ឆ្នាំ២០២២ នេះ ដោយចាត់ឱ្យមាន មីទ្ទីងអបអរសាទរជាការជួបជុំក្នុងកម្រិតមួយសមល្មម ក្នុងកាលៈទេសៈនៃសភាពការណ៍ជំងឺកូវីដ-១៩ ដោយរៀបចំផ្សព្វផ្សាយជាបដា ផ្សព្វផ្សាយតាមប្រព័ន្ធសារព័ត៌មាន វិទ្យុ ទូរទស្សន៍ និងបណ្ដាញសង្គម នូវខ្លឹមសារអប់រំជូនដល់ជនរួមជាតិបន្ថែមទៀត។
សម្តេចប្រមុខរាជរដ្ឋាភិបាល ជឿជាក់ថា ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ១៣ តុលា ឆ្នាំ២០២២ នេះ នឹងផ្ដល់ដល់យើងនូវ ការចងចាំនូវដំណើរវែងឆ្ងាយដែលយើងបានឆ្លងកាត់ពីប្រទេសមានគ្រោះមហន្តរាយធំធេង បង្កដោយមនុស្សគឺ “សង្គ្រាម» មកជាប្រទេសមានសុខសន្តិភាពពេញបរិបូណ៌និងមានមោទកភាពក្នុងនាមជា ប្រជាជាតិ មួយ នៅពេលដែលយើងបន្តដំណើររួមគ្នាទៅមុខ ប្រកបដោយអភិវឌ្ឍនភាពឥតឈប់ឈរ និង គ្មានគ្រោះមហន្តរាយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី











