តៃវ៉ាន់ ៖ ដោយសារតែជម្លោះតៃវ៉ាន់ និងចិន ស្រដៀងគ្នាទៅនឹងអ៊ុយក្រែន និងរុស្ស៊ី ហើយក៏ជាការព្រួយបារម្ភកាន់តែខ្លាំងរបស់តៃវ៉ាន់ផងនោះ មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់របស់តៃវ៉ាន់ បាននិយាយថាចិនកំពុងរៀនសូត្រពីបទពិសោធន៍នៃសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដើម្បីអភិវឌ្ឍ «យុទ្ធសាស្ត្រសង្រ្គាមកូនកាត់» របស់ខ្លួនប្រឆាំងនឹងតៃវ៉ាន់ ក្នុងនោះរួមមានទាំងការប្រើប្រាស់យន្ដហោះដ្រូន និងសង្រ្គាមចិត្តសាស្ត្រ។
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅចំពោះមុខសមាជិកសភា កាលពីថ្ងៃពុធម្សិលមិញនេះ អគ្គនាយកការិយាល័យសន្តិសុខជាតិតៃវ៉ាន់ លោក ឈិន មីងតុង (Chen Ming-tong) បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំនេះ គណបក្សកុម្មុយនិស្ដចិនបានដកស្រង់បទពិសោធន៍ចេញពីសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដើម្បីអភិវឌ្ឍយុទ្ធសាស្ត្រសង្រ្គាមកូនកាត់ ប្រឆាំងនឹងតៃវ៉ាន់ ព្រមទាំងពង្រឹងសមត្ថភាពបណ្ដុះបណ្ដាល និងការត្រៀមលក្ខណៈប្រយុទ្ធជាមួយសត្រូវដ៏ខ្លាំង ដែលមើលទៅគួរឱ្យព្រួយបារម្ភខ្លាំងក្នុងការរំលោភបំពានរបស់ចិនលើសទឹកដីតៃវ៉ាន់។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ឈិន មីងតុង លើកឡើងថា ការគំរាមកំហែងយោធាពីចិន បានជំរុញឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកាន់តែបង្កើនការគាំទ្រចំពោះតៃវ៉ាន់ផងដែរ សំដៅធានាឱ្យបានថា រឿងដែលបានកើតឡើងលើ អ៊ុយក្រែន នឹងមិនអាចកើតឡើងជាថ្មីនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ឡើយ។
ពិតមែនហើយ ថ្មីៗនេះ គេបានមើលឃើញថា ចិន បានបង្កើន និងកំពុងបន្តការធ្វើសកម្មភាពយោធានៅជុំវិញ និងនៅក្បែរកោះតៃវ៉ាន់ ចាប់តាំងពី ខែសីហាមកម្ល៉េះ បន្ទាប់ពីប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណេនស៊ី ផេឡូស៊ី បំពេញទស្សនកិច្ចនៅតៃវ៉ាន់ បង្កឲ្យមានការក្ដៅក្រហាយពីចិន រួមមាន ការធ្វើសមយុទ្ធបាញ់គ្រាប់ពិត កាំជ្រួច យន្តហោះចម្បាំងជាច្រើនឆ្វែលឆ្វាត់លើកោះតៃវ៉ាន់។
គេឃើញថា ចិនជារឿយៗ បានព្រមានថានឹងប្រើកម្លាំងយោធាក្នុងករណីចាំបាច់ ស្របគ្នានឹង លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏បានបញ្ជាក់ម្ដងហើយម្ដងទៀតផងដែរថា សហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍យោធាជួយតៃវ៉ាន់ ក្នុងករណីមានការវាយប្រហារពីចិន ដែលករណីនេះ ប្រសិនបើកើតឡើងមែននោះ វាគឺជាសង្គ្រាមដ៏ធំមួយខ្លាំងជាងអ៊ុយក្រែន និងរុស្ស៊ីទៅទៀត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
















