រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលមានសេចក្ដីរាយការណ៍ជាច្រើន អំពីមហាសេដ្ឋីកំពូលនៅលើពិភពលោករបស់សហរដ្ឋអាមេរិក និយាយដោយផ្ទាល់ខ្លួន ជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន អំពីបញ្ហាសង្គ្រាម នៅអ៊ុយក្រែន នោះមក លោក អេឡុន ម៉ាសខ៍ (Elon Musk) បានបដិសេធ ថា គាត់មិនបាននិយាយជាមួយនឹងមេដឹកនាំវិមានក្រឹមឡាំង អំពីរឿងនេះឡើយ។
សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី១២ ខែតុលា ថា លោក អេឡុន ម៉ាសខ៍ បានច្រានចោលនូវសេចក្ដីរាយការណ៍នានា ដែលលើកឡើង ថា គាត់បាននិយាយទៅកាន់លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី មុនពេលគាត់បង្ហោះនូវការស្ទង់មតិ តាមបណ្ដាញសង្គមធ្វីធើរ ជាមួយនឹងការលើកឡើងរបស់គាត់ សម្រាប់ការបញ្ចប់សង្គ្រាមឈ្លានពានរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។
លោក អ៊ៀន ប៊្រេមម័រ (Ian Bremmer) អ្នកវិទ្យាសាស្រ្ដនយោបាយអាមេរិកាំង និង ប្រធានផ្នែកប្រឹក្សាហានិភ័យនយោបាយអឺរ៉ាស៊ី ហ្គូប (Eurasia Group) បានលើកឡើង ថា លោក Musk បានប្រាប់គាត់ ដោយផ្ទាល់ អំពីកិច្ចសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន ។ ប៉ុន្ដែឥឡូវនេះ មហាសេដ្ឋីកំពូលនៅលើពិភពលោករបស់សហរដ្ឋអាមេរិក រូបនេះ បានបដិសេធ ចំពោះការលើកឡើង អំពីរឿងនេះ។
កំពូលអ្នកមានទ្រព្យលេខ១ នៅលើពិភពលោក មានលុយរាប់រាយពាន់លាន រូបនេះ បានសរសេរ នៅលើបណ្ដាញសង្គម ថា «ខ្ញុំធ្លាប់និយាយទៅកាន់លោក ពូទីន តែម្ដងទេ ហើយវាមានរយៈពេល១៨ខែកន្លងមកហើយ។ ចំណែកប្រធានបទ នាពេលនោះ គឺការនិយាយ អំពីបញ្ហាអវកាស»។
មហាសេដ្ឋីកំពូល ដែលមានសញ្ជាតិអាមេរិកាំង កាណាដា និង អាហ្វ្រិកខាងត្បូង ជានាយកប្រតិបត្ដិក្រុមហ៊ុន Tesla រូបនេះ កាលពីសប្ដាហ៍កន្លងទៅ បានស្នើដល់ Followers របស់គាត់ ប្រហែល ១០៧,៧លាន ត្រូវបោះឆ្នោតលើវិធីសាស្រ្ដនានា ដើម្បីដោះស្រាយបញ្ហាសង្គ្រាម នៅអ៊ុយក្រែន។ ការផ្តល់យោបល់ទាំងនោះ រួមមាន សំណើរៀបចំការបោះឆ្នោត នៅតាមផ្នែកខ្លះ នៃប្រទេសអ៊ុយក្រែន ត្រូវបានកាន់កាប់ ដោយកម្លាំងទាហានរុស្ស៊ី ខណៈវិមានក្រឹមឡាំង បានបញ្ជាក់ ថា ខ្លួនបានដាក់បញ្ចូលតំបន់ចំនួន៤របស់អ៊ុយក្រែន ជាឧបសម្ព័ន្ធរបស់រុស្ស៊ី។ យោបល់របស់គាត់ បានទទួលការស្វាគមន៍ ពីរដ្ឋាភិបាលក្រុងម៉ូស្គូ។
មហាសេដ្ឋី មានលុយរាប់រយពាន់លានដុល្លាររូបនេះ បានសង្កត់ធ្ងន់ ថា «រុស្ស៊ី ត្រូវតែចាក ចេញ ប្រសិបើនោះជាឆន្ទៈរបស់ប្រជាជន»។ ក្រៅពីនេះ លោក Musk ក៏បានស្នើយោបល់ ថា ពិភពលោក គួរតែទទួលស្គាល់ជាផ្លូវការនូវឧបទ្វីបគ្រីមៀ ដែលក្រុងមូស្គូ បានដាក់បញ្ចូល ជាផ្នែកមួយ នៃទឹកដីរបស់រុស្ស៊ី កាលពីឆ្នាំ២០១៤។
លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រកាសរួចហើយ អំពីតំបន់ចំនួន៤របស់អ៊ុយក្រែន ជាផ្នែកមួយ នៃទឹកដីរបស់រុស្ស៊ី រួមមាន នៅភាគខាត្បូង ចំនួន២ គឺ ឃើរសុន (Kherson) និង ហ្សាប៉ូរីសហ្សា (Zaporizhzhia) ហើយនៅភាគខាងកើត ចំនួន២ គឺ លូហានស្ក៍ (Luhansk) និង ដូណែតស្ក៍ (Donetsk)។ ការដាក់បញ្ចូល ជាទឹកដីរុស្ស៊ី នោះ ត្រូវបានធ្វើឡើង តាមអ្វីដែលរដ្ឋាភិបាលក្រុងកៀវ និង សម្ពន្ធមិត្ដលោកខាងលិច ហៅ ជាការបោះឆ្នោត ប្រជាមតិក្លែងក្លាយ។
នៅក្នុងព្រឹត្តិបត្រមួយ លោក Bremmer បានសរសេរ ថា លោក Musk បានប្រាប់គាត់ ថា ប្រធានាធិបតីរុស្ស៊ី «បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចា» ប៉ុន្តែប្រសិនបើគ្រីមៀ (Crimea) នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ប្រសិនបើអ៊ុយក្រែន ទទួលយកទម្រង់អព្យាក្រឹតអចិន្ត្រៃយ៍ ហើយប្រសិនបើក្រុងកៀវ (Kyiv) ទទួលស្គាល់ការដាក់បញ្ចូល Luhansk, Donetsk, Kherson និង Zaporizhzhia ជាឧបសម្ព័ន្ធរបស់រុស្ស៊ី។
លោក Bremmer អ្នកវិទ្យាសាស្រ្ដនយោបាយរូបនេះ បានបន្ថែម ថា មហាសេដ្ឋីក្រុមហ៊ុនអវកាស SpaceX បានប្រាប់គាត់ ថា ពូទីន បានបញ្ជាក់ ថា គោលបំណងទាំងនេះ នឹងត្រូវសម្រេចបាន «មិនថាមានរឿងអ្វីកើតឡើងនោះទេ» ហើយថា វាអាចមានការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ នាពេលអនាគត ប្រសិនបើ អ៊ុយក្រែន ឈ្លានពានគ្រីមៀ។ ប៉ុន្ដែទោះជាយ៉ាងណា លោក Musk បានបដិសេធ ចាប់តាំងពីមានសេចក្ដីរាយការណ៍ជាច្រើន ជុំវិញបញ្ហានេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN


















