តុលាការមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធាកាលពីថ្ងៃពុធទី ១២ ខែតុលា ម្សិលមិញនេះ បានកាត់ទោសមេដឹកនាំដែលត្រូវបានគេទម្លាក់ចេញពីតំណែងលោកស្រី អង់ សានស៊ូជី (Aung San Suu Kyi) ឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំបន្ថែមទៀតពីបទទទួលសំណូក។ នេះបើយោងតាមប្រភពដែលបានដឹងពីបញ្ហានេះ។

ម្ចាស់ជ័យលាភីណូបែលអាយុ 77 ឆ្នាំដែលជាឥស្សរជននៃការប្រឆាំងទៅនឹងការគ្រប់គ្រងដោយយោធាប្រឈមមុខនឹងការចោទប្រកាន់យ៉ាងហោចណាស់ 18 បទល្មើសចាប់ពីអំពើពុករលួយរហូតដល់ការរំលោភលើការបោះឆ្នោតដែលមានរយៈពេលអតិបរមារួមបញ្ចូលគ្នាជិត 190 ឆ្នាំ។

លោកស្រី អ៊ុងសាន ស៊ូជី បានហៅការចោទប្រកាន់មកលើលោកស្រីថា មិនសមហេតុផល និងបានបដិសេធរាល់ការប្រព្រឹត្តខុស។ លោកស្រីកំពុងត្រូវបានឃុំខ្លួនតែឯងក្នុងរដ្ឋធានីណៃពិដោ ហើយការកាត់ទោសរបស់លោកស្រីត្រូវបានធ្វើឡើងនៅក្នុងតុលាការបិទ។

ប្រភពដែលបដិសេធមិនបញ្ចេញឈ្មោះបាននិយាយថា ការចោទប្រកាន់ចុងក្រោយគឺទាក់ទងទៅនឹងការចោទប្រកាន់លោកស្រី អ៊ុងសាន ស៊ូជី ទទួលយកសំណូកពីអ្នកជំនួញម្នាក់។ប្រភពដែលបដិសេធមិនបង្ហាញអត្តសញ្ញាណដោយសារតែភាពរសើបនៃបញ្ហានេះ។

លោកស្រី អ៊ុងសាន ស៊ូជី បានទទួលការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ លើបទចោទប្រកាន់ចំនួនពីរ ដើម្បីអនុវត្តក្នុងពេលដំណាលគ្នា។ ក្រុមប្រឆាំងរបស់យោធានិយាយថា ការចោទប្រកាន់លើលោកស្រី អ៊ុងសាន ស៊ូជី មានគោលបំណងរារាំងលោកស្រីមិនឲ្យចូលរួមក្នុងនយោបាយម្តងទៀត ឬព្យាយាមប្រឆាំងនឹងការកាន់កាប់អំណាចរបស់យោធាចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំមុន។
អ្នកនាំពាក្យរបបយោធាមិនបានលើកទូរស័ព្ទដើម្បីស្វែងរកការអត្ថាធិប្បាយទេកាលពីថ្ងៃពុធ។ របបយោធាទទូចថា តុលាការមីយ៉ាន់ម៉ាគឺឯករាជ្យ ហើយអ្នកដែលត្រូវបានចាប់ខ្លួនកំពុងទទួលបានដំណើរការត្រឹមត្រូវ៕ ប្រភព៖រ៉យទ័រ