ភ្នំពេញ ៖ សហគ្រិនភាពរបស់ស្ត្រីនៅក្នុងតំបន់អាស៊ាន បាននិងកំពុងប្រឈមនឹងឧបសគ្គជាច្រើនក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងសហគ្រាស, ដោយស្ត្រីភាគច្រើនចាប់ផ្តើមដំណើរការអាជីវកម្មនៅកម្រិតមីក្រូ កម្រិតតូចៗ និងស្ថិតនៅក្រៅប្រព័ន្ធ ហើយភាគច្រើនលើសលប់មិនទាន់បានចុះបញ្ជីអាជីវកម្មផ្លូវការនៅឡើយ ដែលអាចបង្កឲ្យមានការលំបាកដល់រដ្ឋាភិបាល ក្នុងការកំណត់ និងផ្ដល់ការគាំទ្រតាមការចាំបាច់។
នេះគឺជាការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២ ក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន» ដែលបានធ្វើឡើងនារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២, ក្នុងនាមជាប្រធានអាស៊ានសម្ដេចតេជោ បានបង្ហាញថា អាស៊ានគួរត្រូវយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗ ចំនួន ៤ ដើម្បីដោះស្រាយបញ្ហាប្រឈម និងបំផុសសក្ដានុពលសហគ្រិនស្ដ្រី។
កិច្ចប្រជុំកំពូលអាស៊ាន លើកទី២ ដែលរៀបចំនៅរាជធានីភ្នំពេញនព មានការអញ្ជើញចូលរួមពីសំណាក់ ប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ាន និងដៃគូពាក់ព័ន្ធអន្តរជាតិជាច្រើនរូប, ការដោះស្រាយបញ្ហាប្រឈម ចំនួន ៤ និងត្រូវយកចិត្តទុកដាក់បំផុសសក្តានុពលនានារបស់ស្ត្រី ដែលសម្ដេចតេជោ ហ៊ុន សែន លើកឡើងនេះ រួមមាន ÷
១. រៀបចំប្រព័ន្ធអេកូឡូស៊ី (Ecosystem) ដែលឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសហគ្រិនស្ត្រី រួមទាំងការកែលម្អនូវក្របខណ្ឌគតិយុត្ត និងផ្នត់គំនិតសង្គមដែលរារាំងដល់សក្តានុពលរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច។
២. ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីលើកកម្ពស់ជំនាញ (Upskiling) និងបណ្ដុះបណ្តាលជំនាញថ្មី (Re-skilling) ដល់ស្ត្រី និងក្មេងស្រី រួមទាំងកម្មវិធីអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (STEM) ។
៣. លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងឌីជីថល សម្រាប់ស្ត្រី និងក្មេងស្រី តាមរយៈការផ្ដល់នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល (Financial and Digital Literacy) និងការសម្រួលលទ្ធភាព ទទួលឥណទាន ទីផ្សារ និងព័ត៌មាន ក្នុងការចាប់ផ្តើម និងអភិវឌ្ឍអាជីវកម្ម ។
៤. ពង្រីកវិសាលភាពគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម, វិធានការគោលនយោបាយនានាផ្នែកគាំពារសុខុមាភាពគ្រួសារ និងការឆ្លើយតបលើការងារថែទាំគ្រួសារ និងការងារផ្ទះរបស់ស្ត្រី ព្រមទាំងការវិនិយោគសាធារណៈលើវិស័យសេវាថែទាំ និងសុខុមាលភាពសង្គម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
















