ភ្នំពេញ៖ ទិន្ន័យរបស់អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ការនាំចេញមុខទំនិញនានារបស់ប្រទេសកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក្នុងរយៈពេល ៩ខែ ឆ្នាំ ២០២២នេះ មានតម្លៃទឹកប្រាក់សរុបប្រមាណ ៧០៤៦លានដុល្លារ បានកើនឡើង ២៩,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។

មុខទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញភាគច្រើន មានដូចជា ផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ ផលិតផលកសិកម្ម និងបន្ទះសូឡាជាដើម។

ដោយឡែកមុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចូលពីសហរដ្ឋអាមេរិក មានដូចជា រថយន្ត, គ្រឿងចក្រ, គ្រឿងអេឡិចត្រូនិក ឳសថ និងបរិក្ខាពេទ្យ ជាដើម។

ទិន្ន័យគយ និងរដ្ឋាករកម្ពុជា បានបង្ហាញទៀតថា ការនាំចូលរបស់កម្ពុជា ពីសហរដ្ឋអាមេរិកមកវិញ នៅចន្លោះពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២២ មានតម្លៃទឹកប្រាក់សរុបចំនួន ២៥០លានដុល្លារ បានធ្លាក់ចុះ ២,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សូមជម្រាបថា សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា នាពេលបច្ចុប្បន្ន ក៏ប៉ុន្តែការវិនិយោគរបស់សហរដ្ឋអាមេរិកនៅកម្ពុជា មានកម្រិតតិចតួចនៅឡើយ បើគិតនៅត្រឹមឆ្នាំ ២០២១ មានតម្លៃទឹកប្រាក់សរុបត្រឹមតែ ៨៦៣លានដុល្លារប៉ុណ្ណោះ៕