Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីអ៊ុយក្រែន បញ្ជាក់ថា បើបានប្រព័ន្ធការពារដែនអាកាស អាចឆាប់បញ្ចប់សង្គ្រាម, ប៉ុន្តែមិនបានបញ្ជាក់ថា បញ្ចប់ដោយប្រការណាមួយនោះទេ

រដ្ឋធានីកៀវ៖ ក្រោយពេល ប្រធានាធិបតីរុស្ស៊ី បានបញ្ជាឲ្យវាយប្រហារសងសឹក ដោយមីស៊ីល មានតម្លៃសរុប ចន្លោះពី៤០០លាន ទៅ៧០០លានដុល្លារ ក្នុងរយៈពេលត្រឹមតែ១ថ្ងៃ ដើម្បីប្រឆាំងនឹងអ៊ុយក្រែន ហើយសកម្មភាពដ៏សាហាវបែបនេះ បានជំរុញឲ្យប្រមុខការពារជាតិ មកពីប្រទេសទាំង៣០ ជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ ឬ អូតង់ និង ប្រទេសជាដៃគូ ជាង៥០ បានមកជួបជុំគ្នា ដើម្បីពិភាក្សា ស្ដីពីការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស ជួយដល់ក្រុងកៀវ សម្រាប់ការពារខ្លួន ទប់ទល់នឹងការវាយប្រហារ ពីទាហានរបស់ក្រុងមូស្គូ ដើម្បីឈានដល់ការបញ្ចប់នូវសង្គ្រាមនេះ តាមអ្វីដែលប្រធានាធិបតី ហ្សេឡែនស្គី បានលើកឡើង។

ទីភ្នាក់ងារសារព័ត៌មានជាតិ អ៊ុយក្រែន Ukrinform បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានអះអាង ថា ការការពារដែនអាកាសរបស់អ៊ុយក្រែន ប្រឆាំងនឹងមីស៊ីលរបស់រុស្ស៊ី នឹងក្លាយជាជំហានដ៏សំខាន់បំផុត សម្រាប់ឈានដល់ការបញ្ចប់សង្គ្រាម នៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ។ លោកប្រធានាធិបតី ហ្សេឡែនស្គី បានបញ្ចេញសេចក្ដីថ្លែងការណ៍បែបនេះ នៅក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់គាត់ តាមអនឡាញ នៅឯសម័យប្រជុំ នៃរដ្ឋសភារបស់ក្រុមប្រឹក្សាអឺរ៉ុប (PACE)។

លោកឧត្ដមសេនីយ៍ ម៉ាក មីលឡេ (Mark Milley) នាយអគ្គសេនាធិការចម្រុះ កងទ័ពសហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន ថា «អ្វីដែលអ៊ុយក្រែនកំពុងតែស្នើសុំ ហើយអ្វីដែលយើងកំពុងតែគិត ថា អាចនឹងផ្តល់ឱ្យនោះ ជាប្រព័ន្ធការពារដែនអាកាស រួមបញ្ចូលទាំងមីស៊ីលផងដែរ។ ដូច្នេះប្រព័ន្ធការពារ ដែលត្រូវបានផុ្ដល់ឲ្យទាំងនោះ នឹងមិនអាចគ្រប់គ្រងដែនអាកាសទាំងស្រុង នៅទូទាំងប្រទេសអ៊ុយក្រែន បាននោះឡើយ។ ប៉ុន្តែក្រុងកៀវ អាចរៀបចំឡើង ដើម្បីគ្រប់គ្រង នៅលើគោលដៅអាទិភាព ដែលអ៊ុយក្រែន ត្រូវការការពារ ជាចាំបាច់បំផុត»។

លោក ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់ ថា «ខ្ញុំសូមស្នើដល់អ្នក នៅគ្រប់កម្រិតទាំងអស់ រួមទាំង នៅក្នុងកម្រិតនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ ការទំនាក់ទំនងជាមួយអ្នកបោះឆ្នោត ការឈរសម្រាប់ការផ្តល់បរិមាណគ្រប់គ្រាន់ សម្រាប់ប្រព័ន្ធការពារដែនអាកាស និង ប្រព័ន្ធការពារប្រឆាំងនឹងមីស៊ីល ជួយដល់ប្រទេសអ៊ុយក្រែន។ យើងត្រូវការពារដែនអាកាសរបស់យើង ប្រឆាំងនឹងមីស៊ីលរបស់រុស្ស៊ី ឲ្យបានឆាប់ នៅឆ្នាំនេះ។ បើយើងធ្វើដូច្នេះបាន វានឹងក្លាយជាជំហានដ៏សំខាន់បំផុតមួយ សម្រាប់ឈានដល់ការបញ្ចប់សង្គ្រាម នៅពេលខាងមុខ»។

ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន ក៏បានថ្លែងអំណរគុណ ដល់ប្រទេសអាល្លឺម៉ង់ សម្រាប់ការបញ្ចូនប្រព័ន្ធការពារដែនអាកាស ប្រភេទ IRIS-T ជាលើកដំបូង ហើយបានសង្កត់ធ្ងន់ ទៅលើទំនុកចិត្ត ដែលបញ្ហានេះ នឹងបើកឱកាសជាច្រើន សម្រាប់ប្រព័ន្ធការពារដែនអាកាស និង ប្រព័ន្ធការពារប្រឆាំងនឹងមីស៊ីលផ្សេងៗទៀត ទាំងមកពីដៃគូអាល្លឺម៉ង់ និង ក្រុមហ៊ុនផលិតប្រព័ន្ធការពារដែនអាកាសផ្សេងៗទៀត។

ជាការរំឭកឡើងវិញ ដល់កិច្ចប្រជុំលើកទី៦ នៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ក្រោមការឧបត្ថម្ភរបស់សហរដ្ឋអាមេរិក បានធ្វើឡើង នៅថ្ងៃទី១២ខែតុលា ឆ្នាំ ២០២២។ ការការពារដែនអាកាសរបស់អ៊ុយក្រែន ជាបញ្ហាអាទិភាពមួយ នៅក្នុងចំណោមបញ្ហាសំខាន់ៗ នៃរបៀបវារៈរបស់ខ្លួន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×