ភ្នំពេញៈ រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋ សភាលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២នេះ។
សម័យប្រជុំរដ្ឋសភានាឱកាសនេះមានរបៀបវារៈតែមួយ ដោយបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានសំឡេងព្រម ចំនួន ១១១សំឡេង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ក្នុងសម័យប្រជុំរដ្ឋសភាថា យោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ព្រមទាំងព្រះរាជក្រឹត្យលេខ នស/រកត/០៨១៨/៨៦២ ចុះថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៨ ស្ដីពីការចាត់តាំងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយយោងតាម តម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមស្នើ សម្តេចប្រធានរដ្ឋសភា មេត្តាអនុញ្ញាតរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភា លើការ បំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សេចក្តីដូចបានជម្រាបជូនខាងលើសូមសម្ដេចប្រធានរដ្ឋសភា មេត្តាពិនិត្យលើសេចក្ដីស្នើសុំនេះដោយក្តីអនុគ្រោះ សូមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាទទួលនូវគារវកិច្ច។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចចាត់តាំង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារ បច្ចុប្បន្ន រហូតដល់មានការតែងតាំងជាផ្លូវការនូវរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។
នៅក្នុងសេចក្តីសម្រេចបានបញ្ជាក់ថា រដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបានការចាត់តាំងខាងលើ ប្រើប្រាស់សិទ្ធិអំណាចទាំងអស់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីដឹកនាំ និងគ្រប់គ្រង ការងាររបស់ក្រសួង អង្គភាពចំណុះរបស់ក្រសួង ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកដែលជាភ្នាក់ងាររដ្ឋបាល នៅក្រោមឱវាទរបស់ខ្លួន។
សូមជម្រាបថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែ តុលា ឆ្នាំ២០២២ បាន ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន ពីរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។ ការបញ្ចប់តំណែងនេះ បានធ្វើ ឡើងតាមសេចក្តី ក្រាបបង្គុះទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធិដោយៈចេស្តារ
























