ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម រដ្ឋមន្ត្រី កើត រិទ្ធ ៖ កម្ពុជា និងអាមេរិក បង្ហាញឱ្យឃើញអំពីកិច្ចសហប្រតិបត្តិការ ផ្នែកច្បាប់យ៉ាងល្អ

ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួប ឯកឧត្តម W. PATRICK MURPHY ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងករណីនាវា MT.COURAGEOUS និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។

នៅក្នុងជំនួបនេះ, ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានសំដែងនូវការអបអរសាទរ និងថ្លែងអំណរគុណគ្នាទៅវិញទៅមក អំពីជោគជ័យនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរ លើករណីនាវា MT.COURAGEOUS ដែលបំពាននឹងទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងដែលត្រូវបានរឹបអូសដោយសេចក្តីសម្រេច របស់តុលាការសហរដ្ឋអាមេរិក និងសេចក្តីសម្រេចរបស់តុលាការកម្ពុជា។ លទ្ធផលជោគជ័យដែលកើតចេញពីកិច្ចសហប្រតិបត្តិការមួយនេះ ជាការបង្ហាញឱ្យឃើញអំពីកិច្ចសហប្រតិបត្តិការ ផ្នែកច្បាប់យ៉ាងល្អរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក និងជាការបង្ហាញអំពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ជាពិសេស ការចូលរួមការប្រយុទ្ធប្រឆាំង នឹងការរីកសាយភាយអាវុធមហាប្រល័យ និងអំពើភេរវកម្មផងដែរ ដែលនេះគឺជាសក្ខីកម្មមួយដ៏ធំធេង ដែលបានជួយលើកកម្ពស់មុខមាត់ របស់កម្ពុជានៅលើឆាកអន្តរជាតិ ទាំងកម្រិតតំបន់ ទាំងកម្រិតសាកលលោក។

បន្ថែមពីនេះ, ឯកឧត្តមរដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ រវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេស កិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅកម្ពុជា និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនានា ជាអាទិ៍ ឧក្រិដ្ឋកម្មចំពោះកុមារ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី