ភ្នំពេញ៖ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់នេះ នឹងជួយជំរុញការដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្មនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត ជាពិសេសអាចជួយកាត់បន្ថយការចំណាយ និងថ្លៃដើមនៃការដឹកជញ្ជូនឱ្យកាន់តែទាបជាងមុន ព្រមទាំងផ្ដល់ភាពងាយស្រួលក្នុងការធ្វើសមាហរណកម្មវិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្ទៃក្នុងប្រទេសផង និងអាចតភ្ជាប់ជាមួយអន្តរជាតិ បានកាន់តែងាយស្រួលជាងមុន។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កន្លងទៅថ្មីៗនេះ បានដឹកនាំប្រជុំការងារស្តីពីគម្រោងសិក្សាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ជាមួយតំណាងក្រុមហ៊ុនចិន ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងស្វែងរកដំណោះស្រាយលើកិច្ចការបច្ចេកទេសសំខាន់ៗមួយចំនួន ដែលស្នើឡើងដោយមន្រ្តីបច្ចេកទេសរបស់ក្រសួង ដើម្បីជួយជំរុញល្បឿននៃការសិក្សានេះ ឱ្យបានលឿន និងអាចបញ្ចប់នាពេលដ៏ខ្លីខាងមុខ ជាពិសេសទទួលបានលទ្ធផលគ្រប់ជ្រុងជ្រោយតាមផែនការដែលបានរំពឹងទុក។

រដ្ឋមន្ត្រីក្រសួងសាធារណការ បានស្នើសុំឱ្យភាគីក្រុមហ៊ុនចិន យកចិត្តទុកដាក់បន្ថែមទៀត លើការសិក្សាបច្ចេកទេសលម្អិតឱ្យមានគុណភាពខ្ពស់ និងត្រូវសហការកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយមន្ត្រីបច្ចេកទេសក្រសួង ដើម្បីពន្លឿនគម្រោងសិក្សានេះ ឱ្យបានចប់សព្វគ្រប់ និងគ្រប់ជ្រុងជ្រោយយ៉ាងយូរត្រឹមខែមករា ឆ្នាំ២០២៣ខាងមុខ។

គួរបញ្ជក់ថា ភាគីទាំងពីរកម្ពុជា និងចិន បានផ្លាស់ប្ដូរមតិយោបល់លើទិន្នន័យ និងព័ត៌មានទាក់ទងនឹងការងារបច្ចេកទេសផ្លូវទឹក ការសិក្សា និងការវាយតម្លៃចាំបាច់លើផ្នែកបរិស្ថាន សង្គម និងសេដ្ឋកិច្ច ដើម្បីធ្វើយ៉ាងណាជំរុញគម្រោងប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ឲ្យកាន់តែមានលឿនប្រកបដោយគុណភាព និងមានប្រសិទ្ធភាពខ្ពស់៕