Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា វៀតណាម ជំរុញឱ្យមានការតភ្ជាប់ជើងហោះ​ហើររវាងគោលដៅទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរ

spot_img

ភ្នំពេញ៖ ស្របពេលដែលប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរវៀតណាមជាង ២៣ម៉ឺននាក់ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២​នេះ ភាគីទាំងពីរ បានជំរុញឱ្យមានការតភ្ជាប់ជើងហោះហើររវាងគោលដៅទេសចរណ៍មួយចំនួន រួមមាន សៀមរាប-កោះត្រល់ ព្រះសីហនុ-ហាឡុង សៀមរាប-ហាយហ្វុង សៀមរាប-កាន់ថឺរ ខណៈគោលដៅទេសចរណ៍ទាំងនេះគឺសុទ្ធតែជាគោលដៅដ៏សំខាន់នៃប្រទេសទាំងពីរចំពោះការតភ្ជាប់ផ្លូវអាកាស។

ភាគី​ទាំងពីរ កម្ពុជា វៀតណាម ក៏បានឯកភាពគ្នាជំរុញ​ចលនាទេសចរបើកដោយខ្លួនឯងឆ្លងកាត់ប្រទេសទាំងពីរ និងទៅប្រទេសទី៣ផងដែរ។ ការជំរុញបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជា​មួយ​លោក ង្វៀន ហ៊ុយតាង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាកាលពីពេលថ្មីៗនេះ។

នាឱកាសជំនួបនោះ បានបង្ហាញថា ក្នុងរយៈពេល ៨ខែ ឆ្នាំ ២០២២នេះ ប្រទេសកម្ពុជា បានទទួលភ្ញៀវទេសចរ​វៀតណាម ជាង ២៣ម៉ឺននាក់ ខណៈដែលកម្ពុជាបានកំណត់ទិសដៅទាក់ទាញភ្ញៀវពីប្រទេសក្បែរខាងមួយនេះឱ្យបាន ៧០ម៉ឺននាក់នៅឆ្នាំ២០២៣ និងឱ្យបាន ១លាននាក់នៅឆ្នាំ ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានស្នើដល់លោកឯកអគ្គរដ្ឋទូតវៀតណាមជួយជំរុញសម្រេចឱ្យបានទិសដៅទាក់ទាញភ្ញៀវទេសចរវៀតណាមឱ្យបាន៧០ម៉ឺននាក់នៅឆ្នាំ២០២៣ និងឱ្យបាន១លាននាក់នៅឆ្នាំ២០២៤ ខណៈត្រឹមរយៈពេល៨ខែឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរវៀតណាមជាង ២៣ម៉ឺននាក់ហើយ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្នុងពេលដែលសកលលោកមិនទាន់រួចផុតពីការរាតត្បាតជំងឺកូវីដ១៩ សភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនប្រាកដប្រជា ការជំរុញចលនាទេសចរជាមួយប្រទេសជិតខាង ឬក្នុងតំបន់ គឺជាការសំខាន់បំផុត ដូច្នេះភាគីកម្ពុជានិងវៀតណាមត្រូវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នាបន្ថែមទៀត ដើម្បីជំរុញឱ្យមានចលនាទេសចរទៅវិញទៅមក ទាំងផ្លូកគោក ផ្លូវអាកាស និងផ្លូវទឹក។

គួរបញ្ជាក់ថា ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញការតភ្ជាប់ផ្លូវទឹកឱ្យកាន់តែប្រសើរឡើង ពិសេស​តភ្ជាប់ពីកំពង់ផែទេសចរណ៍នៅកោះត្រល់មកកំពង់ផែទេសចរណ៍កំពត ខណៈកំពង់ផែទេសចរណ៍នេះក៏ត្រៀមដាក់ឱ្យដំណើរនៅអំឡុងត្រីមាសទី២ឆ្នាំ២០២៣ខាងមុខដែរ៕

spot_img
×