Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី ស៊ី ជិនពីង ស្នើឲ្យចិន អាចវា.យលុកលើកោះតៃវ៉ាន់ ដោយទទួលបានការគាំទ្រពីបក្សកុម្មុយនីស្ដចិន

រដ្ឋធានីប៉េកាំង៖ ក្នុងសុន្ទរកថាដ៏សំខាន់មួយនៃសមាជជាតិរបស់បក្សកុម្មុយនីស្ដចិន លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន បានលើកឡើង ថា ចិន អាចនឹងចូលលុកលុយទៅលើកោះតៃវ៉ាន់ ហើយការលើកឡើងរបស់មេដឹកនាំ នៃប្រទេសមហាយក្ស នៅអាស៊ីមួយនេះ បាននាំឲ្យមានការសាទរ ពីអង្គពិធីផងដែរនោះ។

សារព័ត៌មាន Newsweek បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២ ថា លោក ស៊ី ជិនពីង បានថ្លែង នៅពេលសមាជជាតិលើកទី២០របស់បក្សកុម្មុយនីស្តចិន បានចាប់ផ្តើម នៅទីក្រុងប៉េកាំង ថា «យើងនឹងបន្តខិតខំ សម្រាប់ការបង្រួបបង្រួម ដោយសន្តិវិធី។ ប៉ុន្តែយើងនឹងមិនសន្យា ថា នឹងបោះបង់ចោលការប្រើប្រាស់កម្លាំងនោះឡើយ។ យើងនឹងរក្សាជម្រើស នៅក្នុងការចាត់វិធានការចាំបាច់គ្រប់យ៉ាង»។

តៃវ៉ាន់ នៅតែរក្សារដ្ឋាភិបាលគ្រប់គ្រងដោយខ្លួនឯង កាត់ផ្ដាច់ចេញពីចិន ចាប់តាំងពីឆ្នាំ១៩៤៩រហូតមក។ ប៉ុន្ដែរដ្ឋាភិបាលក្រុងប៉េកាំង តែងតែអះអាងលើដែនកោះគ្រប់គ្រងដោយខ្លួនឯង តាមបែបលទ្ធិប្រជាធិបតេយ្យមួយនេះ ថា ជាផ្នែកមួយ នៃទឹកដីរបស់ចិន។

លោក ស៊ី ជិនពីង បានថ្លែងថា ចិន ត្រូវតែការពារ «ការជ្រៀតជ្រែក ពីកងកម្លាំងខាងក្រៅ» ដោយយោងទៅលើអ្នកនយោបាយបរទេស ដែលគណបក្សកាន់អំណាចនិយាយ ថា កំពុងលើកទឹកចិត្តតៃវ៉ាន់ ឱ្យបង្កើតឯករាជភាពរបស់ខ្លួន ជាអចិន្ត្រៃយ៍ ហើយជាជំហានមួយ ដែលចិនដីគោក និយាយថា នឹងនាំឱ្យមានសង្គ្រាម។

រដ្ឋាភិបាលក្រុងប៉េកាំង បានព្យាយាមបំភិតបំភ័យតៃវ៉ាន់ ដោយការបញ្ជូនយន្តហោះចម្បាំង និង យន្តហោះទម្លាក់គ្រាប់បែក ទៅជិតដែនកោះនេះ។ ចិន បានបង្កើនសកម្មភាពយោធា ចាប់តាំងពីលោកស្រី ណាន ស៊ីផេឡូស៊ី (Nancy Pelosi) ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក បានដឹកនាំគណៈប្រតិភូរបស់គាត់ ទៅបំពេញទស្សនកិច្ច នៅតៃវ៉ាន់ កាលពីថ្ងៃទី២ ខែសីហា រហូតមក។

ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ ថា នៅក្នុងការឆ្លើយតបទៅនឹងសុន្ទរកថារបស់លោក ស៊ី ជិនពីង នោះ ក្រុមប្រឹក្សាកិច្ចការដីគោករបស់គណៈរដ្ឋមន្រ្ដីតៃវ៉ាន់ បានបញ្ជាក់ ថា ប្រជាជន ចំនួនជាង២៣,៥លាននាក់របស់ដែនកោះមួយនេះ មានសិទ្ធិសម្រេចលើជោគវាសនាអនាតគរបស់ពួកគេ ហើយនឹងមិនទទួលស្គាល់ ចំពោះការទាមទារជាឯកតោភាគីរបស់ក្រុងប៉េកាំង នោះឡើយ។

ក្រុមប្រឹក្សារបស់តៃវ៉ាន់ មួយនេះ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «យើងសូមអំពាវនាវយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរកុម្មុយនិស្តចិន ឱ្យបោះបង់ចោលការដាក់ក្របខ័ណ្ឌនយោបាយ និង ការប្រើប្រាស់កម្លាំងយោធា ហើយ ការបង្ខិតបង្ខំ»។

ប្រទេសចិន បានកាត់ផ្ដាច់ទំនាក់ទំនងទាំងអស់ជាមួយតៃវ៉ាន់ ចាប់តាំងពីការបោះឆ្នោតរបស់ប្រធានាធិបតី លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) នៅអាណត្តិដំបូងរបស់គាត់ នៅក្នុងឆ្នាំ ២០១៦ រហូតមក។

អង្គការលើកលែងទោសអន្ដរជាតិ (Amnesty International) កាលពីថ្ងៃអាទិត្យ បានព្រមាន ថា ការពង្រីកពេលវេលាកាន់អំណាចរបស់លោក ស៊ី ជិនពីង នៅអាណត្ដិទី៣ មានរយៈពេល៥ឆ្នាំនេះ នឹងនាំឲ្យមាន«គ្រោះមហន្ដរាយ ដល់សិទ្ធិមនុស្ស»។

លោក ហាណា យ៉ាំង (Hana Young) នាយករងប្រចាំតំបន់របស់អង្គការ Amnesty International បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា ការបញ្ជាក់ពីអាណត្តិទី៣របស់លោក Xi Jinping នឹងក្លាយជាពេលវេលាដ៏អាក្រក់មួយ មិនត្រឹមតែ សម្រាប់ពលរដ្ឋចិន រាប់លាននាក់ ដែលបានទទួលរងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ នៅក្រោមការគ្រប់គ្រងរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានបញ្ហាធ្ងន់ធ្ងរ សម្រាប់ប្រជាជន នៅជុំវិញពិភពលោក ដែលមានអារម្មណ៍ ថា មានផលប៉ះពាល់ ពីការគាបសង្កត់របស់រដ្ឋាភិបាលចិន ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×